
កុងតឺន័រទំនិញនៅកំពង់ផែក្រុងព្រះសីហនុ នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិកដល់កម្ពុជាបន្តទៀត ខណៈវិស័យផលិតផលសម្ភារធ្វើដំណើរកំពុងទន្ទឹងរង់ចាំការសម្រេចពីខាងសភាអាមេរិក។
ការស្នើនេះបានធ្វើឡើងនៅក្នុងជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ-កម្មជាមួយ លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ West Virginia នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២។
លោក ប៉ាន សូរសក្តិ បានលើកឡើងថា កម្ពុជាទទួលបានប្រយោជន៍ច្រើន ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលបានទាក់ទាញរោងចក្រផលិតសម្ភារធ្វើដំណើរជាច្រើនមកកម្ពុជា និងបានបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ក្រសួងស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកដល់កម្ពុជាបន្តទៀត និងស្នើឱ្យជួយគាំទ្រក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ស្របតាមបរិបទថ្មីនៃសង្គមឌីជីថល ខណៈដែលពេលបច្ចុប្បន្ន កម្ពុជាក៏មានតម្រូវការចាំបាច់លើផ្នែកបច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សជាដើម»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ ខែសីហាថា ការទន្ទឹងរង់ចាំការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិកនេះ មិនមែនមានតែកម្ពុជាទេ ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ផ្សេងទៀតក៏កំពុងរង់ចាំដូចគ្នា។
លោកថា បើតាមការបញ្ជាក់ពីលោកស្រី លោកស្រី Carol Miller ដែលជាសមាជិកសភាសហរដ្ឋអាមេរិក គឺខាងសភាអាមេរិកមិនទាន់បានដាក់បញ្ចូលបញ្ហានេះ ទៅក្នុងរបៀបវារៈនៅឡើយទេ។ ការណ៍នេះ បានធ្វើឱ្យកម្ពុជាត្រូវបង់ពន្ធធម្មតា ទៅលើទំនិញដែលបាននាំទៅអាមេរិក ដូចជាផលិតផលធ្វើដំណើរជាដើម។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់នៅកម្ពុជា បានប្រាប់ឱ្យដឹងដែរថា តាមដំណឹងដែលលោកទទួលបានសមាជិកសភាមួយចំនួនបានព្យាយាមជំរុញឱ្យមានការអនុញ្ញាតឡើងវិញនៅមុនដំណាច់ឆ្នាំ ប៉ុន្តែអ្វីៗមានភាពស្មុគស្មាញដោយសារបញ្ហាផ្សេងទៀត។
លោកបានបន្ថែមថា សម្រាប់ផលិតផលធ្វើដំណើរ និងកាបូបចាប់ពីឆ្នាំ ២០១៦ រហូតដល់ចុងឆ្នាំ ២០២០ គឺបានទទួលការអនុគ្រោះពន្ធពី GSP ប៉ុន្តែចាប់ពីដើមឆ្នាំ ២០២១ មក រហូតដល់ពេលនេះ ការនាំចេញទៅអាមេរិកសម្រាប់ផលិតផលនេះ ត្រូវបង់ពន្ធជាធម្មតា ខណៈផលិតផលសម្លៀកបំពាក់ និងស្បែកជើង មិនបានទទួលការអនុគ្រោះក្រោម GSP នេះទេ តាំងពីដើមមក។
លោកបានបញ្ជាក់ថា៖ «គ្មាននរណាម្នាក់អាចដឹងច្បាស់ថា ការបន្តផ្តល់ (GSP) របស់សហរដ្ឋអាមេរិកនេះ នឹងធ្វើនៅពេលណា។ មានតែផលិតផលធ្វើដំណើរ និងកាបូបទេ ដែលបានការអនុគ្រោះពី GSP ហើយតាំងពីដំបូងមក ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់យើងត្រូវបង់ពន្ធនាំចូលប្រហែល ១៧%»៕