
ពិធីចុះបញ្ជីជាផ្លូវការរបស់ក្រុមហ៊ុនជេអេសលែននៅផ្សារមូលបត្រកម្ពុជាកាលពីខែកុម្ភៈ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជេអេស លែន ភីអិលស៊ី បានចុះបញ្ជីនៅទីផ្សារកំណើននៃទីផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីការខាតបង់ពីអាជីវកម្មរបស់ខ្លួននៅក្នុងឆមាសទី ១ នៃឆ្នាំនេះ ដោយសារការរីកចម្រើនយឺតយ៉ាវក្នុងវិស័យអចលនទ្រព្យ ជាពិសេសតម្រូវការខុនដូទាប។
យោងទៅតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី ៣១ សីហា សម្រាប់រយៈពេល ៦ ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានលទ្ធផល (ខាត) លម្អិតក្នុងការិយបរិច្ឆេទចំនួន ២ ៣៦៣ ៣១១ ពាន់រៀល ដែលការខាតនេះបានកើនឡើងចំនួន ២ ៤៦៦ ៥៥៩ ពាន់រៀល ស្មើនឹងជិត ២ ៣៨៩% បើធៀបនឹងរយៈពេល ៦ ខែ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១។
ចំណូលរបស់ក្រុមហ៊ុនរួមមានចំណូលពីការលក់ និងចំណូលផ្សេងៗ។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុនមិនមានចំណូលពីការលក់ខុនដូទេ និងមានចំណូលផ្សេងៗ ចំនួន ១០២ ៤៣៤ ពាន់រៀល ដែលថយចុះចំនួន ៤៩ ៦៥២ ពាន់រៀលស្មើនឹង ៣២,៦៥ ភាគរយ ធៀបនឹងត្រីមាសទី ២ នៃឆ្នាំ ២០២១។
ក្រុមហ៊ុនបានលើកឡើងថា ស្ថានភាពបច្ចុប្បន្ននេះ គឺមានការកើនឡើងនូវការផ្គត់ផ្គង់លើសតម្រូវការ ដែលការណ៍នេះ អាចធ្វើឱ្យអចលនទ្រព្យមានបញ្ហាប្រឈមក្នុងការលក់ចេញ។ បន្ថែមពីនេះ ការកើនឡើងនូវសម្ពាធលើថ្លៃលក់នៃគម្រោងអភិវឌ្ឍន៍បច្ចុប្បន្នរបស់ក្រុមហ៊ុន ក៏ជាកត្តាមួយដែលប៉ះពាល់ដល់ការលក់ និងប្រាក់ចំណេញរបស់ក្រុមហ៊ុនផងដែរ។
លោក កូយ ឡេសាន ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន JS Land បានថ្លែងថា៖ «មុននឹងចាប់ផ្តើមរាយការណ៍ពីប្រាក់ចំណូលរបស់ក្រុមហ៊ុន ខ្ញុំសូមទាញចំណាប់អារម្មណ៍ពីភាគហ៊ុនិកទាំងអស់ថា ដោយអនុលោមតាមស្តង់ដានៃការរាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (IFRSs) ដោយក្រុមហ៊ុន ជេអេសលែន ភីអិលស៊ី ជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដូច្នេះការកត់ត្រាចំណូលរបស់យើងគឺត្រូវបានទទួលស្គាល់នៅពេលដែល អចលនទ្រព្យដូច្នេះ ចាប់ពីពេលនេះរហូតដល់ការប្រគល់គម្រោង Garden Residency 2(GR2) របាយការណ៍ហិរញ្ញវត្ថុរបស់យើងនឹងមិនឆ្លុះបញ្ចាំងពីប្រាក់ចំណូលណាមួយនោះឡើយ»។
លោកបានបញ្ជាក់បន្ថែម ថា៖ «ប៉ុន្តែអ្នកនឹងឃើញថាទ្រព្យសកម្មសម្រាប់ការអភិវឌ្ឍនឹងមានការកើនឡើងរៀងរាល់ត្រីមាស ដែលឆ្លុះបញ្ចាំងពីដំណាក់កាលនៃការវិវឌ្ឍនៃគម្រោង»។
ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី គឺជាក្រុមហ៊ុនទី ២ ដែលបានចុះបញ្ជីក្នុងក្រុមប្រឹក្សាកំណើននៃផ្សារមូលបត្រ កម្ពុជា (CSX) កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានប្រមូលប្រាក់ពីការបោះផ្សាយមូលបត្រកម្មសិទ្ធិនេះចំនួន ១២ លានដុល្លារអាមេរិក៕