ភ្នំពេញៈ គម្រោង​វិនិយោគ​ចម្រុះ​ចំនួន ៥ ដែល​មាន​ទុន​​វិនិយោគ​សរុប ៨២,៧ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ១ ៩១៨ កន្លែង​ ត្រូវបាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា ដែល​ក្នុង​នោះ​មាន ២ ស្ថិត​ក្នុង​ខេត្ត​កណ្តាល។​

​យោងតាម CDC កាលពី​ល្ងាច​ថ្ងៃទី ៣១ ខែសីហា ឱ្យដឹងថា យោងតាម​សំណើ​សុំ​វិនិ​យោគ​របស់​ក្រុមហ៊ុន គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​នៃ CDC បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​

​ឱ្យ​ក្រុមហ៊ុន​ចំនួន ៥ រួមមាន គម្រោង​អភិវឌ្ឍន៍​កោះ​ស្វាយ កោះ​ម្ទេស និង​កោះ​កុក ដែល​ស្ថិត​នៅ​ក្រុង​កែប ខេត្ត​កែប របស់​ក្រុមហ៊ុន Samanea មាន​ទុន​វិនិយោគ ១៨,២ លាន​ដុល្លារ អាច​បង្កើត​ការងារ​បាន ៦០ កន្លែង​, គម្រោង​វិនិយោគ​អាជីវកម្ម​រ៉ែមាស របស់​ក្រុមហ៊ុន Late Cheng Mining Development នៅ​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ មាន​ទុនវិនិយោគ ១៣ លាន​ដុល្លារ បង្កើត​ការងារ​បាន ៣០០ កន្លែង​, និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​សម្លៀកបំពាក់ និង​ខារ​អំបោះ របស់​ក្រុមហ៊ុន Hen Jiu Garment Accessory នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ ៥,១ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៤៦៣ កន្លែង។​

​ចំណែក​គម្រោង ២ ទៀត​គឺ​ស្ថិតក្នុង​ខេត្តកណ្តាល រួមមាន គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូឡា របស់​ក្រុមហ៊ុន Kitatsu Solar (Cambodia) Co., Ltd​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្តាល មាន​ទុនវិនិយោគ ២៣,៤ លានដុល្លារ​អាច​បង្កើត​ការងារ ៦៣៧ កន្លែង និង​គម្រោង​សាងសង់​និង​អាជីវកម្ម​មន្ទីរពេទ្យ​ចំនួន ១៥០ គ្រែ របស់ Khemunik Hospital Co., Ltd នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ក្រោម​ទុនវិនិយោគ ២៣ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៤៥៨ កន្លែង។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី ១ ខែ​កញ្ញា ថា កត្តា​ទីតាំង​ភូមិសាស្ត្រ ស្ថិរភាព​នយោបាយ ចំនួន​ប្រជាជន​វ័យក្មេង​ច្រើន និង​ការធ្វើ​បច្ចុប្បន្ន​ភាពជា​បន្តបន្ទាប់​នៃ​ច្បាប់​វិនិយោគ​ដើម្បី​ឱ្យមាន​ភាព​ងាយស្រួល​សម្រាប់​វិនិយោគិន បាន​ធ្វើឱ្យ​អ្នក​វិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស​កាន់​តែច្រើន​សម្រេច​បញ្ចេញ​ទុនវិនិយោគ​នៅ​កម្ពុជា ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក និង​ជាពិសេស​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។

​លោក​បន្ថែមថា ក្រៅពី​លក្ខណៈ​អំណោយផល​ខាងលើ កម្ពុជា​ក៏ជា​ប្រទេស​ដែល​កំពុង​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ច្រើន​សម្រាប់​ការនាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ធំៗ​នៅ​លើ​ពិភពលោក ជាពិសេស​ប្រទេស​អាមេរិក និង​ប្រទេស​ចិន​ជាដើម។​

​លោក​បាន​លើកឡើងថា​៖ «​កំណើន​ការវិនិយោគ​ថ្មីៗ​បញ្ជាក់ថា កម្ពុជា​គឺជា​ទីតាំង​ដ៏មាន​សក្តានុពល​សម្រាប់​បណ្តាក់​ទុន ព្រោះ​ក្រៅពី​មាន​ទីផ្សារ​នាំចេញ​ធំ​ទូលាយ និង​គុណភាព​ផលិត​មាន​កម្រិត​ស្តង់ដា អ្នកវិនិយោគ​ក៏អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ផងដែរ​។ បច្ចុប្បន្ន​កម្ពុជា​បាន​និង​កំពុង​ក្លាយជា​មូលដ្ឋាន​នៃ​ការផលិត​ទំនិញ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ច្រើន ដោយ​មិនមែន​សុទ្ធតែ​ផលិតផល​វាយនភណ្ឌ​ស្ទើរ​ទាំងស្រុង​ដូច​មុន​ទៀត​ឡើយ»។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​អះអាង​ថា ​នៅ​ពេល​មាន​ការ​ស្នើសុំ និង​ការ​អនុម័ត​ឱ្យ​វិនិយោគ​កាន់​តែច្រើន វា​ជា​ការល្អ​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស ប៉ុន្តែ​អ្វីដែល​គួរ​ចាប់​អារម្មណ៍ គឺ​គម្រោង​ដែល​បាន​អនុម័ត​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ គឺមាន​លក្ខណៈ​ចម្រុះ​ស្ទើរ​គ្រប់​វិស័យ ហើយ​មួយចំនួន​មិនមែន​ជា​ប្រភេទ​អតិពលកម្ម​ទៀត​ទេ ប៉ុន្តែ​ជា​គម្រោង​វិនិយោគ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ និង​ជា​ប្រទេស​ឧស្សាហកម្ម ដូចជា​រោងចក្រ​ដំឡើង​រថយន្ត ជាដើម។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការមកដល់​នៃ​ប្រភេទ​រោងចក្រ​/​សហគ្រាស​បែបនេះ នឹង​ជួយ​ធ្វើឱ្យ​មូលដ្ឋានគ្រឹះ​ដែល​ជា​ចន្ទល់​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​លំនឹង ហើយ​សមត្ថភាព ចំណេះដឹង និង​បច្ចេកទេស​របស់​កម្លាំង​ពលកម្ម​កម្ពុជា​ក៏កាន់​តែ​រីកចម្រើន​ផងដែរ»។​

​យោងតាម CDC ក្នុង​ខែសីហា ឆ្នាំ ២០២២ CDC បានអនុម័ត​លើ​គម្រោង​វិនិយោគ​សរុប ១៧ ដែល​មាន​ទុន​វិនិ​យោគ ១៤១,៧២ លានដុល្លារ និង​បង្កើត​ការងារ​បាន ១១ ១៩៧ កន្លែង៕