ភ្នំពេញៈ ឈានពីប្រទេសទទួលទិញអង្ករកម្ពុជាក្នុងបរិមាណត្រឹមជាង ៦ ពាន់តោនដែលស្មើនឹង ៣ ភាគរយនៃបរិមាណនាំចេញសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០១២ បច្ចុប្បន្នប្រទេសចិនបានកាន់កាប់ចំណែកទីផ្សារនាំចេញអង្ករកម្ពុជារហូតដល់ជាងពាក់កណ្តាល។ ចំនួននេះត្រូវរំពឹងថានឹងបន្តកើនឡើងថែមទៀត ខណៈគុណភាពអង្ករកម្ពុជាត្រូវបានគេទទួលស្គាល់កាន់តែច្រើន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមទិន្នន័យនាំចេញអង្កររបស់ក្រសួងកសិកម្ម ដែលបង្ហាញចេញដោយ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា បរិមាណអង្ករកម្ពុជាដែលនាំចេញទៅទីផ្សារប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ ដោយកាលពីឆ្នាំ ២០១២ ការនាំចេញអង្ករទៅប្រទេសចិនមានបរិមាណ ៦ ១៨១ តោន ស្មើនឹងចំណែកទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជាប្រមាណ ៣ ភាគរយប៉ុណ្ណោះ។
ទិន្នន័យបន្តថា ចំនួននេះបានបន្តកើនជាលំដាប់ក្នុងឆ្នាំ ២០១៣ មានចំនួន ២៨ ៣០២ តោន (៧ ភាគរយនៃការនាំចេញអង្ករសរុប), ឆ្នាំ ២០១៤ មានចំនួន ៤៨ ៩៨០ តោន (១៣ ភាគរយ), ឆ្នាំ ២០១៥ ចំនួន ១១៦ ៦៣៩ តោន (២២ ភាគរយ), និងឆ្នាំ ២០១៦ មានចំនួន ១២៧ ៤៦០ តោន (២៤ ភាគរយ), ឆ្នាំ ២០១៧ ចំនួន ១៩៩ ៨៥៧ តោន (៣១ ភាគរយ)។
ទោះយ៉ាងណា វាបានធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០១៨ ដោយមានចំនួន ១៧០ ១៥៤ តោន (២៧ ភាគរយ) ប៉ុន្តែចាប់ផ្តើមកើនក្នុងឆ្នាំ ២០១៩ ចំនួន ២៤៨ ១០៥ តោន(៤០ ភាគរយ), ឆ្នាំ ២០២០ ចំនួន ២៨៩ ៤៣៩ តោន (៥០,២ ភាគរយ) និងឆ្នាំ ២០២១ ចំនួន ៣០៩ ៧០៩ តោន (៥០,៥ ភាគរយ)។
ដោយឡែកក្នុងឆមាសទី ១ ឆ្នាំ ២០២២ មានចំនួន ១៦៨ ២៨០ តោន ស្មើនឹង ៥១,៤ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា ដែលមានចំនួន ៣២៧ ២០០ តោន។
លោក ហ៊ាន វណ្ណហន បានសរសេរថា៖ «តើអ្នកដឹងទេថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក់កណ្តាលបរិមាណអង្ករកម្ពុជាដែលបាននាំចេញសរុបប្រចាំឆ្នាំ គឺនាំចេញទៅកាន់ប្រទេសចិន»។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១ ខែកញ្ញាថា ប្រទេសចិនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលទិញអង្ករពីកម្ពុជា ហើយតម្លៃដែលក្រុមហ៊ុនប្រមូលទិញយកទៅប្រទេសចិន ក៏ខ្ពស់ដែរបើធៀបទៅគោលដៅប្រទេសនាំចេញមួយចំនួន។ សម្រាប់កូតាដែលចិនផ្តល់ឱ្យកម្ពុជាចំនួន ៤០ ម៉ឺនតោនមកដល់ពេលនេះសម្រេចបានប្រហែល ២០ ម៉ឺនតោនហើយ ខណៈជារៀងរាល់ឆ្នាំ សម្ទុះនៃការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិទាំងនោះ រួមទាំងប្រទេសចិន គឺចាប់ពីខែសីហា ឬខែកញ្ញា តទៅ។
លោកថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងក្រុមការងារសហព័ន្ធស្រូវអង្ករកម្ពុជា ទើបជួបពិភាក្សាជាមួយភាគីចិនប្រហែល ២ សប្តាហ៍មុន គឺពួកគាត់បានបង្ហាញពីឆន្ទៈដ៏មុតមាំក្នុងការទិញអង្ករពីប្រទេសកម្ពុជា ព្រមទាំងហ៊ានទិញក្នុងតម្លៃខ្ពស់ទៀតផងដែរ។ ប្រទេសចិនបានក្លាយជាទីផ្សារនាំចេញអង្ករដ៏សំខាន់របស់កម្ពុជា»។
លោកបានមានប្រសាសន៍បន្ថែមថា តាមរយៈសម្ទុះនៃការនាំចេញ កម្ពុជាក៏គម្រោងស្នើសុំកូតាបន្ថែមលើសពី ៤០ ម៉ឺនតោនផងដែរ នៅពេលខាងមុខ។
ប៉ុន្តែទោះយ៉ាងណា លោក សុង សារ៉ន អះអាងថា ទីផ្សារនាំចេញអង្ករទៅប្រទេសចិន ក៏ដូចជាប្រទេសគោលដៅផ្សេងៗទៀតមិនមានបញ្ហាចោទទេនៅពេលនេះ ប៉ុន្តែអ្វីដែលអាចបង្កជាបញ្ហាគឺបរិមាណផលស្រូវដែលផលិតបាន។
ប្រធានសហព័ន្ធស្រូវអង្ករខាងលើបានប្រាប់ទៀតថា បច្ចុប្បន្នក្រៅពីទីផ្សារប្រទេសចិន ទីផ្សារអឺរ៉ុប ក៏កំពុងមានសម្ទុះគួរឱ្យកត់សម្គាល់ដែរ ពោលគឺបន្ទាប់ពីវិធានការ (ពន្ធ) ដែលអឺរ៉ុបបានដាក់មកលើអង្ករកម្ពុជាត្រូវបានបញ្ចប់កាលពីពេលកន្លងទៅ។
ប្រទេសកម្ពុជា-ចិន បានចុះអនុស្សរណៈយោគយល់គ្នាលើការផ្តល់នូវកិច្ចសហប្រតិបត្តិការជួយទិញអង្ករពីកម្ពុជាចំនួន ៦ លើករួចមកហើយ ចាប់តាំងពីឆ្នាំ ២០១៤ ដោយលើកទី ១ ចំនួន ១០ ម៉ឺន, លើកទី ២ ចំនួន ១០ ម៉ឺនតោន,លើកទី ៣ ចំនួន ២០ ម៉ឺនតោន, លើកទី ៤ ចំនួន ៣០ ម៉ឺនតោន, លើកទី ៥ ចំនួន ៤០ ម៉ឺន និងលើកទី ៦ ចំនួន ៤០ ម៉ឺនតោន កាលពីខែវិច្ឆិកា ឆ្នាំ ២០២១។
រយៈពេល ៧ ខែ ឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន ៣៥០ ៩០២ តោន កើនឡើង ១៣,២៤ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះនាំទៅប្រទេសចិន ម៉ាកាវ និងហុងកុង ចំនួន ១៦៩,៧៦៦ តោន កើនឡើង ១០,២៩ ភាគរយ។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមក្រសួងកសិកម្ម បញ្ហាដែលវិស័យកសិកម្មកម្ពុជាបានជួបប្រទះសម្រាប់ការនាំចេញ មានដូចជា កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល, ការរឹតបន្តឹងការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងកូវីដ ១៩ ស្របតាមយុទ្ធសាស្ត្រគ្មានការរាលដាលឆ្លងកូវីដ ១៩ ពីប្រទេសខាងក្រៅនៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន-វៀតណាម, ការនាំចេញទៅប្រទេសវៀតណាមបានថយចុះ ដោយសារការនាំចេញរបស់វៀតណាមទៅប្រទេសចិន, និងការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យជាដើម៕