The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គោល​ការណ៍ជាង​ ១០ ​ចំណុច​ដែល ​កម្ពុជា​-​ថៃ ​យល់​ព្រម​ដើម្បី​ជំរុញវិស័យទេសចរណ៍

គោល​ការណ៍ជាង​ ១០ ​ចំណុច​ដែល ​កម្ពុជា​-​ថៃ ​យល់​ព្រម​ដើម្បី​ជំរុញវិស័យទេសចរណ៍

Content image - Phnom Penh Post
ភ្ញៀវ​ទេសចរម​ក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្ត​សៀមរាប​កាល​ពី​ដើម​ឆ្នាំ​នេះ។ ហុង មិនា

គោល​ការណ៍ជាង​ ១០ ​ចំណុច​ដែល ​កម្ពុជា​-​ថៃ ​យល់​ព្រម​ដើម្បី​ជំរុញវិស័យទេសចរណ៍

ភ្នំពេញៈ កម្ពុជា​-​ថៃ បាន​ឯកភាព​គ្នា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​លើ​ផែនការ​សកម្ម​ភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាង១០​ចំណុច ដើម្បី​សំដៅ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង ២ ឱ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ ពិសេស​ក្នុង និង​ក្រោយ​ដំណាក់​កាល​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩ ខណៈ​ទេសចរ​ថៃ​ចូល​ មក​កម្សាន្ត​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី​១ កន្លង​មក​មាន​ចំនួន​ជាង ១៣​ម៉ឺន​នាក់​។

ទិន្នន័យ​ផ្លូវ​ការ​ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ ប្រទេស​កម្ពុជា បាន​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​សរុប ៥០៦ ៧៦២​នាក់ កើន​ឡើង ៣៩៤,១​ភាគ​រយ​បើ​ធៀប​ឆ្នាំ​២០២១។ សម្រាប់​ភ្ញៀវ​ជនជាតិ​ថៃ ចូល​មក​កម្ពុជា មាន​ចំនួន ១៣៤ ៤៣២​នាក់ កើន​ឡើង ១៥៧,១​ភាគ​រយ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២១ ដែល​ចំនួន​នេះ គឺ​ស្មើ​នឹង ២៦,៥​ភាគ​រយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​ទាំង​អស់​ចូល​មក​កម្ពុជា​។

ចំណុច​សំខាន់​ៗ​នៃ​ផែនការ​សកម្មភាព និង​កិច្ច​សហប្រតិបត្តិ​ការ​ជាង ១០​ចំណុច ដែល​កម្ពុជា-​ថៃ ទើប​បាន​ឯកភាព​គ្នា​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​​​កិច្ច​ប្រជុំ​ក្រុម​ការងារ​ទេសចរណ៍​កម្ពុជា-​ថៃ លើក​ទី៦ ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ទេ្វភាគី​ទេសចរណ៍​កម្ពុជា-​ថៃ នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ​២០២២ ដោយ​មាន​ការ​ចូល​រួម​ពី​លោក ថុក សុខុម អនុ​រដ្ឋ​លេខាធិ​ការ​ក្រសួង​ទេសចរណ៍ និង​លោក Mongkon Wimonrat អគ្គ​លេខា​ធិការ​រង​នៃ​ក្រសួង​ទេសចរណ៍ និង​កីឡា​ថៃ។

ចំណុច​ទាំង​នោះ​រួម​មាន ភាគី​ទាំង២​នឹង​ជំរុញ​រៀប​ចំ​ឱ្យ​បាន​ឆាប់​នូវ​កញ្ចប់​ទស្សន​កិច្ច​ទេសចរណ៍​រួម​នៃ​បណ្ដា​ខេត្ត​ព្រំដែន​នៃ​ប្រទេស​ទាំង២ (Cross-Border Joint Tourism Packages), ការ​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ជើង​ហោះហើរ​ត្រង់​នៅ​គ្រប់​គោល​ដៅ​ទេសចរណ៍​រវាង​ប្រទេសទាំង២, ការ​បន្ត​ជំរុញ​ទេសចរណ៍​បើកបរ​ដោយ​ខ្លួន​ឯង ទេស​ចរណ៍​ម្ហូប​អាហារ ទេសចរណ៍​សុខភាព ទេសចរណ៍​ពុទ្ធ​សាសនា ទេសចរណ៍​តាម​នាវា​សមុទ្រ, ការ​រួម​គ្នា​ធ្វើ​ការ​ជាមួយ​គ្នា​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ ដោយ​មាន​ការ​ចូល​រួម​ពី​វិស័យ​ឯកជន (ការ​រៀបចំ​បង្កើត និង​ផ្តល់​ជូន​នូវ​កញ្ចប់​ផលិត​ផល​ទេសចរណ៍​រួម ក្រោម​ក្រប​ខ័ណ្ឌ​នៃ​ការ​ផ្សព្វ​ផ្សាយ ​«ព្រះ​រាជា​ណាចក្រ​២ គោល​ដៅ​១», ​ការ​រៀបចំ​ឱ្យ​មាន​នាវា​កម្សាន្ត​តាម​សមុទ្រ, និង​ការ​ជំរុញ​ឱ្យ​មាន​ទស្សន​កិច្ច​អ្នក​ជំនាញ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​២។

បន្ថែម​ពី​លើ​នេះ ភាគី​ទាំង ២ ក៏​បាន​ឯកភាព​លើ​ចំណុច​សំខាន់​ផ្សេងៗ​ទៀត​ដូច​ជា ភាគី​ថៃ​គាំទ្រ​ឱ្យ​មាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ទេសចរណ៍​បន្ថែម​ដល់​អ្នក​បម្រើ​ការ​ងារ​នៅ​កម្ពុជា, ការ​សហការ​រៀបចំ​វេទិកា​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​២, ភាគី​ថៃ​គាំទ្រ​នូវ​គំនិត​ផ្ដួច​ផ្ដើម​កម្ពុជា​ជំរុញ​ឱ្យ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ីហ្គេម និង​អាស៊ានប៉ារ៉ា​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា, ថៃ​នឹង​ចែក​រំលែក​បទ​ពិសោធ​លើ​ការ​រៀបចំ​គណនី​ទេសចរណ៍​រណប (Tourism Satellite Accounts) ដល់​មន្ត្រី​ជំនាញ​ទេសចរណ៍, និង​ភាគី​ថៃ​បាន​ទទួល​ពិចារណា​លើ​សំណើ​របស់​កម្ពុជា​លើ​គំនិត​ផ្ដួច​ផ្ដើម​បង្កើត​ឱ្យ​មាន​លេខាធិការ​ដ្ឋាន​ទេសចរណ៍​អេកម៉ិក (ACMECS Tourism Secretariat) ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទេសចរណ៍​ក្នុង​ក្រប​ខ័ណ្ឌ​អនុ​តំបន់​នេះ។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេស​ចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា​ថា​ ការ​ឯកភាព​គ្នា​របស់​ប្រទេស​ទាំង ២ នឹង​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ដំណើរ​ការ​ល្អ​ឡើង​វិញបន្ទាប់​ពី​ស្ងប់​ស្ងាត់​ជាង ២​ឆ្នាំ​ដោយសារ​វិបត្តិ​​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​។ ចំណង​កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ​នឹង​មិន​ត្រឹម​តែ​ជួយ​សម្រាប់​វិស័យ​ទេស​ចរណ៍​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាជន​ប្រទេស​ទាំង​២ ក្នុង​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម និង​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​សុខភាព​ជា​ដើម​។

លោក​បាន​ថ្លែង​ថា៖​«​ប្រទេស​ថៃ គឺ​ជា​ច្រក​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ព្រោះ​ក្រៅ​ពី​ភ្ញៀវ​ជន​ជាតិ​ថៃ ប្រទេស​នេះ​ក៏​ដើរ​តួនាទី​ជួយ​តភ្ជាប់​កម្ពុជា​ទៅ​កាន់​គោលដៅ​ទេសចរណ៍​ច្រើន​ផង​ដែរ ដោយ​សារ​ប្រទេស​ថៃ​មាន​ជើង​ហោះហើរ​ជា​ច្រើន​ទៅ​គោល​ដៅ​នានា​លើ​ពិភព​លោក»។

បើ​តាម​លោក ស៊ីណាន ក្រៅ​ពី​ប្រទេស​ថៃ ប្រទេស​វៀតណាម​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​កម្ពុជា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្លាំង​ ព្រោះ​ប្រទេស​ជិត​ខាង​របស់​កម្ពុជា​ទាំង ២ សុទ្ធ​តែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន និង​មាន​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ទាំង​ផ្លូវ​គោក ទឹក និង​អាកាស​។​

ប្រធាន​នាយក​ដ្ឋាន​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ និង​អាស៊ាន នៃ​ក្រសួង​ទេសចរណ៍​កម្ពុជា លោក ទ្រីវ ឈីវ បាន​និយាយ​ថា ទោះបី​ស្ថិត​ក្រោម​បរិបទ​នៃ​ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩ ក៏​កម្ពុជា-​ថៃ តែង​តែ​ធ្វើ​ការ​ចែក​រំលែកព័ត៌​មាន និង​បទ​ពិសោធ​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ក៏​ដូច​ជា​ចែក​រំលែក​បទ​ពិសោធ​លើ​ដំណោះ​ស្រាយ​ចំពោះ​ផល​ប៉ះពាល់​ពី​វិបត្តិ​កូវីដ​១៩ ដល់​វិស័យ​ទេសចរណ៍​។

បើ​តាម​លោក ទ្រី ឈីវ ភាគី​ទាំង​២​កម្ពុជា-ថៃ ក៏​នឹង​ជួប​ពិភាក្សា​បន្ត​ទៀត​នា​ឱកាស​កិច្ច​ប្រជុំ​គណៈ​កម្មាធិការទេស​ចរណ៍​អាស៊ាន​នៅ​ខេត្ត​សៀមរាប​ក្នុង​សប្ដាហ៍​ខាង​មុខ ក៏​ដូច​ជា​កិច្ច​ប្រជុំ​ថ្នាក់​ឧត្តម​មន្ត្រី និង​ថ្នាក់​រដ្ឋមន្ត្រី​អេក​ម៉ិក ដែល​គ្រោង​ធ្វើ​ឡើង​នាថ្ងៃ​ទី​១-៥ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅ​ខេត្ត​សៀមរាប ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍