
លោក Charles Wong សហស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាអន្តរជាតិ Shrewsbury ។
ជាមួយនឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចដ៏រឹងមាំ ប្រទេសកម្ពុជា បាននិងកំពុងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) រាប់ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ។ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបាននិងកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវ៉ូស ប្រទេសស្វ៊ីស កាលពីខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យអ្នកវិនិយោគ និងអ្នកជំនួញនៅអឺរ៉ុប ស្វែងរកឱកាសអាជីវកម្ម និងការវិនិយោគក្នុងវិស័យសក្តានុពលនានាក្នុងប្រទេសកម្ពុជា ខណៈដែលលោកបានប្រកាសវិស័យឯកជនជា "ម៉ាស៊ីននៃកំណើន"។
ថ្មីៗនេះ សាលាអន្តរជាតិ Shrewsbury ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស កំពុងពង្រីកវត្តមានមកកាន់ប្រទេសកម្ពុជា ដើម្បីចាប់យកឱកាសនៃការកើនឡើងនៃគ្រួសារវណ្ណៈកណ្តាល ដែលទាមទារស្តង់ដាខ្ពស់នៃការអប់រំសម្រាប់កូនៗរបស់ពួកគេ។
លោក Charles Wong សហស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាអន្តរជាតិ Shrewsbury ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស នៅទីក្រុងភ្នំពេញបានផ្តល់បទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយកាសែតភ្នំពេញប៉ុស្តិ៍ អំពីការពង្រីកវត្តមានរបស់ខ្លួន និងការវិនិយោគរបស់ខ្លួនក្នុងវិស័យអប់រំនៅកម្ពុជា។
តើអ្នកអាចប្រាប់ខ្ញុំដោយសង្ខេបអំពីសាលារបស់អ្នកបានទេ? ហេតុអ្វីបានជាអ្នកសម្រេចចិត្តវិនិយោគនៅកម្ពុជា?
សាលារបស់យើងនឹងបើកជាផ្លូវការនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២២ ដែលជាថ្ងៃដំបូងនៃការចូលរៀនផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ក្នុងពិធីសម្ពោធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២។ ខ្ញុំបានធ្វើការនៅក្នុងប្រទេសជាង ១០ នៅជុំវិញពិភពលោកក្នុងវិស័យអប់រំក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ហើយនៅពេលដែលខ្ញុំមកប្រទេសកម្ពុជា ដំបូងក្នុងឆ្នាំ ២០១៩ ខ្ញុំឃើញថា ទីផ្សារអប់រំនៅតែមានសក្ដានុពលគួរឱ្យកត់សម្គាល់ក្នុងការរីកចម្រើន។ ដោយសារខ្ញុំមានបទពិសោធច្រើនក្នុងវិស័យនេះ ខ្ញុំបានវិនិច្ឆ័យថាខ្ញុំអាចនាំយកប្រព័ន្ធអប់រំល្អបំផុតរបស់អង់គ្លេស ដែលមានប្រសិទ្ធភាពជាង ៤០០ ឆ្នាំមកកម្ពុជា។ ការណ៍នេះនឹងភ្ជាប់គម្លាតដែលមានស្រាប់រវាងស្តង់ដាក្នុងស្រុក និងស្តង់ដាអន្តរជាតិនៅក្នុងឧស្សាហកម្មអប់រំ។
ខ្ញុំក៏សង្កេតឃើញថា ប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ពីស្ថិរភាពនយោបាយដែលរដ្ឋាភិបាលកម្ពុជាបានបង្កើតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ការណ៍នេះបង្ហាញឱ្យឃើញពីកំណើន GDP របស់ប្រទេសកម្ពុជា។ លើសពីនេះ គោលនយោបាយវិនិយោគគឺពិតជាមានភាពទាក់ទាញ។
កម្លាំងពលកម្មក្នុងប្រទេសកម្ពុជានៅក្មេង និងមានភាពស្វាហាប់ ហើយលើសពីនេះទៀតនៅមានស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សរុបសេចក្តីមក ប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់ ផ្តល់ភាពកក់ក្តៅ និងស្វាគមន៍ជនបរទេសដូចរូបខ្ញុំ។
វាជាកិត្តិយសសម្រាប់ខ្ញុំ ក្នុងការនាំយកការផ្តល់ការអប់រំលំដាប់ថ្នាក់ពិភពលោកមកកាន់ប្រទេសនេះ ហើយវាគឺជាក្តីសង្ឃឹម និងក្តីសុបិនរបស់ខ្ញុំដែលថា ថ្ងៃណាមួយឪពុកម្តាយនឹងចងចាំខ្ញុំ និងសាលាសម្រាប់អ្វីដែលយើងបានរួមចំណែកក្នុងការផ្តល់ជូននូវប្រព័ន្ធអប់រំដែលមានគុណភាពល្អបំផុតដែលកម្ពុជាពុំធ្លាប់ឃើញ។ យ៉ាងណាមិញ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការអប់រំអាចផ្លាស់ប្តូរពិភពលោកឱ្យកាន់តែប្រសើរឡើង។
ទាំងអស់នេះហើយជាមូលហេតុដែលខ្ញុំមកវិនិយោគនៅកម្ពុជា។ ខ្ញុំមើលឃើញពីសក្តានុពលដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ហើយបរិយាកាសទាំងមូលហាក់ដូចជា ត្រឹមត្រូវក្នុងការមកបណ្តាក់ទុន ច្រើនជាងប្រទេសដទៃទៀតដែលយើងបានពិចារណាមុននឹងធ្វើការវិនិយោគរបស់យើង។
តើវត្តមានរបស់សាលាលោកមានការចូលរួមវិនិយោគពីអ្នកវិនិយោគក្នុងស្រុកទេ?
មកដល់ថ្ងៃនេះ ខ្ញុំ និងដៃគូរបស់ខ្ញុំមួយចំនួន គឺជាអ្នកវិនិយោគរបស់សាលា។ យើងមិនទាន់មានដៃគូក្នុងស្រុកណាមួយនៅឡើយទេ បើទោះបីជាយើងបើកចំហចំពោះការមានដៃគូជាជនជាតិខ្មែរនាពេលអនាគត ដោយសារយើងទទួលស្គាល់ថា ជំនាញក្នុងស្រុកគឺចាំបាច់ដើម្បីដំណើរការសាលាដោយជោគជ័យ។
យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណជាមួយ Shrewsbury School UK ដែលទទួលស្គាល់យើងថា ជាប្រតិបត្តិករផ្លូវការនៃសាលា Shrewsbury នៅទីនេះក្នុងប្រទេសកម្ពុជា។ អ្វីដែលមានន័យនោះ គឺថាយើងទទួលបានការគាំទ្រពេញលេញពី Shrewsbury School UK ទាក់ទងនឹងកម្មវិធីសិក្សា បុគ្គលិក ប្រព័ន្ធអប់រំរបស់ពួកគេ ស្លាកយីហោរបស់ពួកគេ និងការគាំទ្រណាមួយដែលយើងត្រូវការដើម្បីដំណើរការសាលាដោយជោគជ័យ។
តើសាលារបស់លោកបានពង្រីកទៅកាន់ប្រទេសណាខ្លះនៅអាស៊ីអាគ្នេយ៍?
សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានរស់នៅ និងធ្វើការនៅក្នុងប្រទេសជាង ១០ ផ្សេងៗគ្នាសម្រាប់អាជីវកម្មអប់រំនៅទូទាំងពិភពលោក ទាំងក្នុងប្រទេសអាស៊ី និងលោកខាងលិច។
សម្រាប់សាលាអន្តរជាតិ Shrewsbury សាលានេះត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ហុងកុង និងប្រទេសចិន អស់រយៈពេលជិត ២ ទសវត្សរ៍មកហើយ។ យើងផ្តល់ជូននូវឆ្នាំដំបូង (អាយុពី ២ ទៅ ៥ ឆ្នាំ) និង សម្រាប់ពីថ្នាក់ទី១ ឡើងទៅ គឺ (អាយុពី៥ ទៅ ១៨ ឆ្នាំ) ។
តើសិស្សកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីសាលារបស់អ្នក?
ខ្ញុំជឿជាក់យ៉ាងមុតមាំលើការប្រើប្រាស់ទិន្នន័យជាក់ស្តែង ហើយកំណត់ត្រាតាមដានរបស់ Shrewsbury School UK គឺថា ២០% នៃនិស្សិតបញ្ចប់ការសិក្សារបស់ខ្លួននៅឆ្នាំ ២០២១ បានទៅសិក្សានៅសាកលវិទ្យាល័យកំពូលទាំង ២០ របស់ពិភពលោក (ដូចជា MIT, Cambridge, Stanford, Oxford , Harvard ។ល។)។ លើសពីនេះទៅទៀត ថ្នាក់បញ្ចប់ការសិក្សារបស់សាលា Shrewsbury ទីក្រុងបាងកក នៃឆ្នាំ ២០២១ បានទទួលនូវកម្រិត A* កំពូលនៅក្នុងជាង ៦០% នៃការប្រឡងកម្រិត A របស់ពួកគេ ដែលស្មើនឹងប្រហែល 3 ដងនៃអត្រាមធ្យមរបស់ប្រទេសអង់គ្លេស។
ការអប់រំរបស់សាលា Shrewsbury នឹងអប់រំ និងផ្តល់សិទ្ធិដល់សិស្សម្នាក់ៗឱ្យរីកចម្រើនក្នុងជីវិត និងរួមចំណែកជាវិជ្ជមានដល់ពិភពលោកជុំវិញពួកគេ។ នេះគឺជា គោលបំណងសំខាន់របស់សាលារបស់យើង ហើយយើងបានឃើញពីរបៀបដែលវាជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់សិស្សរបស់យើង ហើយនេះគឺជាអ្វីដែលកំពុងរង់ចាំសិស្សកម្ពុជានៅសាលារបស់យើង។
តើលោកមានផែនការអ្វីខ្លះទៀតសម្រាប់ប៉ុន្មានឆ្នាំខាងមុខ?
យើងគ្រោងនឹងបង្កើតសាលាអន្តរជាតិ Shrewsbury មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងប្រទេសជប៉ុន កូរ៉េ វៀតណាម ឌូបៃ និងនៅអារ៉ាប់ផងដែរ។
ការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នរបស់យើងនៅក្នុងប្រទេសកម្ពុជា គឺធ្វើយ៉ាងណាឱ្យសាលាដំណើរការបានដោយរលូន។ ក្នុងរយៈពេល ២ ឆ្នាំ (២០២៤) សាខាធំរបស់យើងគ្រោងនឹងបើកនៅជ្រោយចង្វារ ដែលនៅពេលនោះ យើងនឹងចាប់ផ្តើមទទួលសិស្សចូលសាលាបឋមសិក្សារបស់យើង។ មួយឆ្នាំបន្ទាប់ពីនោះ នៅឆ្នាំ ២០២៥ សាលាអនុវិទ្យាល័យរបស់យើងនឹងបើកដោយមានកន្លែងស្នាក់នៅពេញលេញផងដែរ៕