ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ដែលជា​ក្រុម​​ហ៊ុន​ធានារ៉ាប់រង​ឈានមុខ​គេ​នៅ​កម្ពុជា បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​នៅថ្ងៃនេះ ដើម្បី​ធ្វើឱ្យ​ការ​ជាវ​ផលិតផល​ធានារ៉ាប់រង​កាន់​តែមាន​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​របស់ខ្លួន​។ ម៉ាស៊ីន​ទាំងនេះ​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​ជាង ៥០ ​កន្លែង​ទូទាំងប្រទេស​កម្ពុជា នា​ឆ្នាំ ២០២២​។ លើសពីនេះ ក្រុមហ៊ុន​នឹង​បន្ត​ដាក់​ម៉ាស៊ីន​នេះ​ឱ្យ​ដំណើរការ​នៅតាម​ទីកន្លែង​ជាច្រើន​ទៀត​ទូទាំងប្រទេស​នាពេលខាងមុខ​នេះ​។​

​ការលុបចោល​នូវ​ឧបសគ្គ​ក្នុងការ​ជាវ​ផលិតផល​ធានារ៉ាប់រង​

​អត្រា​នៃ​ការប្រើប្រាស់​ធានារ៉ាប់រង​អាយុជីវិត​ គឺមាន​ចំនួន​តិចជាង ១% [​ក្នុង​ឆ្នាំ ​២០២១] នៅ​កម្ពុជា ឯការ​​ចំណាយលុយ​ផ្ទាល់ខ្លួន​ទៅលើ​ផ្នែក​វេជ្ជសាស្ត្រ​វិញ មាន​ចំនួន​ប្រមាណ​ជាង ១,២ ​ពាន់​លាន​ដុល្លារ​អាមេរិក [​ក្នុង​ឆ្នាំ​ ២០១៩]​។ ជាមួយនឹង​ចក្ខុវិស័យ​ក្នុង ការធ្វើឱ្យ​គ្រប់គ្នា​ទទួលបាន​ជីវិត​មួយ​ដែល​ល្អប្រសើរ​បំផុត ក្រុមហ៊ុន ​ព្រូ​ដិ​ន​សល បាន​ពង្រីក​ពហុ​បណ្ដាញ​ចែក​​ចាយ​តាម​ប្រព័ន្ធ​ឌីជីថល​របស់ខ្លួន​ ដើម្បី​ធ្វើឱ្យ​គ្រប់គ្នា​អាចមាន​លទ្ធភាព​ទទួល​​បាន ការថែទាំ​សុខភាព​ដែលមាន​តម្លៃ​សមរម្យ និង​អាច​ចូលរួម​លើកកម្ពស់​​បរិ​យា​ប័ន្ន​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​។

«​ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ឈានមុខ​គេ​លើ​ផ្នែក​ផលិតផល​ធានា​​រ៉ាប់រង​ឌីជីថល​នៅ​កម្ពុជា ពួកយើង​ចង់​ការពារ​អ្នក​គ្រប់គ្នា​ពី​ការ​ប្រឈម​លើ​ការគំរាមកំហែង​ផ្នែក​សុខភាព និងសុខុមាលភាព ព្រមទាំង​ជួយ​គាំទ្រ​អ្នក​គ្រប់គ្នា​ដើម្បី​សម្រេច​គោលដៅ​ជីវិត​រៀងៗ​ខ្លួន​។ ពួកយើង​ក៏បាន​បង្កើត​ផលិតផល​តាមបែប​ឌីជីថល​ជាច្រើន ដែល​អាចឱ្យ​អតិថិជន​ដែល​ជាវ​ផលិត​ផល​ធានារ៉ាប់រង​លើកដំបូង​អាច​ទទួលបាន​ការការពា​រ​ដែលមាន​តម្លៃ​សមរម្យ ប្រកបដោយ​ភាពងាយស្រួល​តាមរយៈ​ទូរស័ព្ទ​របស់​ពួកគេ​។​

​លោក Sanjay Chakrabarty អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រូ​ដិ​ន​សល​កម្ពុជា ​បាន​មានប្រសាសន៍ថា​៖ «​ដោយសារ​មិនមែន​ប្រជាជន​កម្ពុជា​គ្រប់រូប​សុទ្ធតែ​អាចមាន​លទ្ធភាព​ប្រើ​ប្រាស់​អ៊ិន​ធឺ​ណិ​ត​ដែលមាន​ស្ថិរភាព​ និង​ល្បឿន​ខ្ពស់​នោះទេ ដូច្នេះ​ឥឡូវនេះ​ពួកយើង​ជំរុញ​ការគិត​របស់​យើង​បន្ថែមទៀត ដើម្បី​នាំមក​នូវ​ដំណោះស្រាយ​ក្នុងការ​ការពារ​ផ្តល់ជូន​ទៅដល់​ក្នុង​សហគមន៍​មូលដ្ឋាន តាមរយៈ​ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​របស់​យើង​»​។​

​ការធ្វើឱ្យ​គ្រប់គ្នា​នៅ​ទូទាំងប្រទេស​អាច​ទទួល​បានការ​ធានារ៉ាប់រង

​ជាមួយនឹង​ការតភ្ជាប់​អ៊ិ​ន​ធឺ​ណិ​ត និងការផ្គត់ផ្គង់​ថាមពល​ដោយ​ខ្លួនឯង ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​អាចដាក់​បម្រើ​អតិថិជន​នៅតាម​គ្រប់​ទីតាំង​ក្នុងប្រទេស​កម្ពុជា​។ ការបង្កើត​ថ្មី​នេះ​អាចឱ្យ​អតិថិជន​ជាវ​ផលិតផល​ធានារ៉ាប់រង​ប្រកបដោយ​ភាព​ងាយ​ស្រួល​ក្នុងតម្លៃ​ចាប់ផ្ដើម​តិចជាង ១០ ដុល្លារ​ប៉ុណ្ណោះ​ ក្នុង ១ ​ឆ្នាំ ដែល​សូម្បីតែ​អតិថិជន​ដែល​នៅ​ទីតាំង ឬ​សាខា​ធនាគារ​ដែល​មិនមាន​អ៊ិ​ន​ធឺ​ណិ​ត​ក៏ដោយ​ក៏​អាច​ជាវ​បានដែរ​។​

​ការ​រចនា​ដោយ​ផ្តោតលើ​បទពិសោធ​អ្នកប្រើប្រាស់​ជា​ចម្បង​ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ម៉ាស៊ីន​លក់​ផលិត​​ផល​ធានារ៉ាប់រង​នេះ​ គឺ​សម្រាប់​អតិថិជន​ដែល​តម្រូវឱ្យមាន​ភាពងាយស្រួល​ជាង​មុន ដូចជា​ការបង្ហាញ​ទំហំ​អក្សរ​ឱ្យបាន​ធំ​ងាយស្រួល​អាន សម្រាប់​អ្នកប្រើប្រាស់​វ័យ​ចំណាស់​ជាដើម​។​

​នៅ​ចុងបញ្ចប់​នៃ​ដំណើរការ​នៃ​ការ​ទិញ​អតិថិជន​នឹង​ទទួលបាន​វិក្កយបត្រ​លើ​ការទិញ​របស់​ពួកគេ ពី​ម៉ាស៊ីន​បោះ​​ពុម្ព​ដែល​ត​ភ្ជាប់​ទៅនឹង​ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​ជាស្រេច ដែល​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកទិញ​ជា​លើកដំបូង​។​

​នៅពេលដែល​ការស្នើរ​បណ្ណ​សន្យា​រ៉ាប់រង​ទទួលបាន​ជោគជ័យ អតិថិជន​អាចគ្រប់គ្រង និង​ដាក់សំណើរ​ទាមទារ​សំណង​ភ្លាមៗ តាមរយៈ​កម្មវិធី Pulse ដែលជា​កម្មវិធី​ទូរស័ព្ទ​ដែលមាន​រួមបញ្ចូល​ការថែទាំ​សុខភាព និង ហិរញ្ញវត្ថុ​។ អតិថិជន​អាចធ្វើ​តាម​ព័ត៌មាន​ដែល​បានបង្ហាញ​លើ​អេក្រង់​ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង ​ដើម្បី​ទាញយក​និង​ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី Pulse។​

​លោក Sanjay បាន​បន្ថែមថា​៖ «​បន្ទាប់ពី​ការចាប់ផ្តើម​បើក​ដំណើរការ​ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​ទាំងនេះ​ នៅជាច្រើន​កន្លែង យើង​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អតិថិជន​របស់​យើង ដើម្បី​កែលម្អ​បទពិសោធន៍​របស់​អតិថិជន​ជា​បន្តបន្ទាប់ មុនពេល​ដាក់ឱ្យ​ដំណើរការ​នៅ​ទូទាំងប្រទេស​»​។​

​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃនេះ ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​សាខា​ព្រូ​ដិ​នស​ល ក្នុង​រាជធានី​ភ្នំពេញ សៀមរាប បាត់ដំបង និង​ក្រចេះ​។ ដើម្បី​ជ្រាប​បន្ថែម​អំពី​ពត៌មាន ម៉ាស៊ីន​លក់​ផលិតផល​ធានារ៉ាប់រង សូម​ចូលទៅ​កាន់​សាខា​ព្រូ​ដិ​នស​ល​ដែល​នៅ​ជិត​លោកអ្នក​បំផុត​៕