ភ្នំពេញៈ ការ​ងើបឡើង​ផ្នែក​សេដ្ឋកិច្ចបានធ្វើឱ្យ​កម្ពុជា​បញ្ចេញ​ប្រាក់​ប្រមាណ​ជាង ២១៥​ លាន​ដុល្លារ​ នៅក្នុង​រយៈពេល​ ៧​ ខែ​ដើម ឆ្នាំ​ ២០២២ ទៅលើ​ការ​នាំ ចូល​ដែក និង​ដែកថែប ដែល​ចំនួន​នេះ​កើន​ជាង ២០ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ​បង្ហាញ​ថា ចាប់ពី​ខែ​មករា​-​ខែ​កក្កដា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំ​ចូល​ដែក និង​ដែក​ថែប ពី​ក្រៅ​ប្រទេស​នៅក្នុង​ទឹកប្រាក់​សរុប ២១៥,២៦ ​លាន​ដុល្លារ កើន ២០,១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​មាន ១៧៩,១៨ ​លាន​ដុល្លារ​។ ទឹកប្រាក់​ការនាំ​ចូល​នេះ គឺ​ស្មើនឹង ១,១ ​ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​នាំចូល​ទំនិញ​សរុប​របស់​កម្ពុជា ចំនួន ១៩ ០៥១,៣៣ ​លាន​ដុល្លារ​។ ទោះយ៉ាងណា​អគ្គនាយកដ្ឋាន​គយ មិនបាន​បង្ហាញ​ពី​បរិមាណ​នៃ​ការនាំ​ចូល​ដែក និង​ដែក​ថែប ឡើយ​។

ដោយឡែក​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២២ ទឹកប្រាក់​នាំចូល​ដែក និង​ដែក​ថែប មាន ២៩,៤៩ ​លាន​ដុល្លារ​កើន​២០,៦​ ភាគរយ​ធៀប​ខែកក្កដា ឆ្នាំ​ ២០២១ ដែល​មាន ២៤,៤៦ ​លាន​ដុល្លារ​។​

លោក សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ខែកញ្ញាថា បន្ទាប់ពី​បាន​ស្ងប់ស្ងាត់​ប្រមាណ ២ ​ឆ្នាំ​វិស័យ​សំណង់​នៅ​កម្ពុជា​ចាប់ផ្តើម​មាន​ដំណើរ​ការ​ល្អ​ឡើង​វិញ​បណ្តើរៗ​ហើយ ដោយ​ក្រៅពី​សកម្មភាព​តាម​ការដ្ឋាន​សំណង់ បច្ចុប្បន្ន​ចំនួន​នៃ​ការ​បណ្តាក់​ទុន​វិនិយោគ​លើ​ការសាងសង់​ថ្មីៗ​ក៏​ចាប់ផ្តើម​កម្រើក​ឡើង​វិញ​ខ្លះៗ​ដែរ​។ កំណើន​ការនាំ​ចូល​ដែក និង​ដែក​ថែប ក៏​ដូចជា​គ្រឿង​សំណង់​ផ្សេងៗ​នៅ​ពេលនេះ​គឺ​បណ្តាល​មក​ពី​ការ​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ជំងឺ​កូវីដ ​១៩ នៅ​កម្ពុជា និង​ការចាប់ផ្តើម​បង្កើនល្បឿន​សាងសង់​គម្រោង​មួយ​-​ចំនួន​ដែល​ផ្អាក ឬ​កាត់​បន្ថយល្បឿន​សាងសង់​នាពេល​កន្លងមក​។

លោក​បញ្ជាក់​ថា​៖«​ទឹកប្រាក់​ការនាំ​ចូល​ដែក និង​ដែក​ថែប គឺ​ទាក់ទង​នឹង​សកម្មភាព​សាងសង់ ដូច្នេះ​ចំនួន​នាំ​ចូល​នេះ​នឹង​កើន​ថែម​ទៀត​នៅពេល​ខាង​មុខ ខណៈ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​របស់​ប្រទេស​នានា​លើ​ពិភពលោក​ក៏​កាន់តែ​ល្អ​ជាង​មុន​ដែរ​»។

សម្រាប់​ទីផ្សារ​អចលនទ្រព្យ លោក​ប្រធាន​សមាគម​អចលនទ្រព្យ​សកល បាន​អះអាង​ថា ការទិញ​លក់​អចលនទ្រព្យ​នៅ​មិនទាន់​មមាញឹក​ដូច​នៅមុន​ពេល​មាន​វិបត្តិ​កូវីដ​១៩​ទេ ដោយ​វា​កើន​ឡើង​ក្នុង​ទម្រង់​ជា​អក្សរ​«V»​។

ផ្ទុយ​ពី​ការលើក​ឡើង​ខាងលើ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​និយាយ​ថា សកម្មភាព​សាងសង់​ពេល​នេះ​មិន​ទាន់​ល្អ​ទេ ដោយសារ​មូលហេតុ​ចម្បងៗ​មួយ​ចំនួន​ដូចជា ការបន្ត​អូសបន្លាយ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ វិបត្តិ​នៃ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែ​ន ព្រមទាំង​បញ្ហា​វិបត្តិ​នយោបាយ​សកល​នៅ​កោះ​តៃវ៉ាន់ជាដើម​។ លោក​បន្ថែម​ថា បើ​ស្ថានភាព​អន្តរជាតិ​នៅ​បន្ត​បែប​នេះ គឺ​វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​បន្ត​នៅ​ទ្រឹង​យូរ​ទៀត ខណៈ​អ្វី​ដែលមាន​នៅ​ពេលនេះ គឺ​គ្រាន់តែ​ជាការ​បន្ត​សកម្មភាព​ចាស់ៗ​ដែល​មាន​ពីមុន​មក​តែ​ប៉ុណ្ណោះ​។

លោក​អះអាង​ថា​៖«​បញ្ហា​ទាំងអស់​នេះ​កំពុង​ធ្វើឱ្យ​ប៉ះពាល់​ដល់​លំហូរ​សាច់ប្រាក់ និង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។ អ្វី​ដែល​ជះ​ឥទ្ធិពល​ដល់​វិស័យ​សាងសង់​នៅ​កម្ពុជា គឺ​ភាគច្រើន​ទៅលើ​ប្រភេទ​អគារ​ខុនដូ​ជាដើម​»។

ទាក់ទង​ទៅនឹង​ទីផ្សារ​តម្លៃ​ដែក ក្នុង​វិស័យ​សំណង់ លោក វណ្ណា បាន​អះអាង​ថា​៖ «​ទោះបី​តម្លៃ​ដែក​ក្នុង​វិស័យ​សំណង់​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២ បាន​កើន​ប្រមាណ​ពី ២០-៣០ ​ភាគរយ ប៉ុន្តែ​វា​បាន​ធ្លាក់ចុះ​វិញ​ក្នុង​ត្រីមាស​ទី​២​ ។ ជារួម​តម្លៃ​ដែក​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ នេះ គឺ​ប្រហាក់ប្រហែល​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​»​។​

បើ​តាម​លោក វណ្ណា ដែក​ប្រើប្រាស់​ក្នុង​វិស័យ​សាងសង់​ដែល​កម្ពុជា​នាំ​ចូល គឺ​មាន​មកពី​ប្រទេស​វៀតណាម ថៃ និង​ចិន ជាដើម​។​

កាលពី​ខែធ្នូ​ ២០២០ មាន​រោងចក្រ​ផលិត​ដែកថែប​មួយ​របស់​ក្រុមហ៊ុន ហុង​ឌី​សេង (​ខេ​ម​បូ​ឌា​) ស្ទីល ឯ​.​ក ដែល​វិនិយោគ​ដោយ​វិនិយោគិន​ចិន​ក្នុង​ទឹកប្រាក់ ១៦,៧ លាន​ដុល្លារ​បើក​ដំណើរការ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​អាច​មាន​សមត្ថភាព​ផលិត​បាន ៥០​ ម៉ឺន​តោន ​ក្នុង​ដំណាក់កាល​ដំបូង​៕