
ទិដ្ឋភាពក្នុងរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ រោងចក្រផលិតចំណីសត្វថ្មី ១ ទៀតរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមានទុនវិនិយោគសរុបប្រមាណ ៥៤ លានដុល្លារ គ្រោងចាប់ផ្តើមដំណើរការនៅត្រីមាសទី ១ ឆ្នាំ ២០២៣ ខាងមុខ ដោយអាចមានសមត្ថភាពផលិតចំណីសត្វបាន ៣៦ ម៉ឺនតោនក្នុង ១ ឆ្នាំ។
អ្នកនៅក្នុងវិស័យចិញ្ចឹមសត្វ និងអ្នកសេដ្ឋកិច្ចបាននិយាយថា ការពង្រីកសក្តានុពលផលិតកម្មនៅក្នុងស្រុកនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រាក់ចំណូលគ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិ។
រោងចក្រថ្មីនេះសាងសង់លើផ្ទៃដីទំហំ ២៤ ហិកតា និងមានទុនវិនិយោគ ៥៤ លានដុល្លារ ដោយក្នុងនោះការចំណាយលើតម្លៃដីមានចំនួន ២៤ លានដុល្លារ, រោងចក្រសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធ ១៥ លានដុល្លារ និងវត្ថុធាតុដើម ១៥ លានដុល្លារក្នុង ១ ខែ។ តាមគម្រោងរោងចក្រថ្មីនេះនឹងចាប់ផ្តើមដំណើរការនៅចុងខែកុម្ភៈ ឆ្នាំ ២០២៣ ដោយមានសមត្ថភាពផលិតចំណីសត្វបានប្រមាណ ៣៦ ម៉ឺនតោននៅក្នុង ១ ឆ្នាំ។ រោងចក្រនេះស្ថិតនៅផ្លូវជាតិលេខ ៤ ក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានប្រាប់ ភ្នំពេញ ប៉ុស្ តិ៍កាលពីថ្ងៃទី ៥ ខែកញ្ញាថា ការវិនិយោគលើរោងចក្រផលិតចំណីសត្វនេះ គឺឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើង ហើយក៏ជួយលើកទឹកចិត្តដល់អ្នកផលិត និងអ្នកចិញ្ចឹម ដើម្បីកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការនាំចូលសត្វពីក្រៅប្រទេសផងដែរ។
លោកបន្ថែមថា៖ «រោងចក្រផលិតចំណីសត្វនេះនឹងផ្តោតលើការផលិតចំណីជ្រូក តាមរយៈការជំរុញការចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងការប្រកួតប្រជែងបន្ថែមទៀត។ ក្នុងដំណាក់កាលនេះក្រុមហ៊ុនមិនមានគម្រោងនាំចេញទៅលក់នៅទីផ្សារអន្តរជាតិទេ ដរាបណាមិនទាន់បំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់»។
លោកបញ្ជាក់ថា៖ «ការបង្កើនសមត្ថភាពផលិតកម្មចំណីសត្វនេះ ក៏ដើម្បីឱ្យប្រទេសកម្ពុជាអាចធានាបានសន្តិសុខស្បៀងដោយខ្លួនឯង និងមិនពឹងផ្អែកលើការនាំចូលពីបរទេស»។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប្រាប់ថា ការបង្កើតផលិតកម្មចំណីសត្វក្នុងស្រុក គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យកម្ពុជាធានាបាននូវការផ្គត់ផ្គង់ដោយខ្លួនឯង ខណៈការផលិតក្នុងស្រុកក៏នឹងជួយឱ្យថ្លៃដើម សម្រាប់ការចំណាយលើការចិញ្ចឹមសត្វនៅកម្ពុជាអាចធ្លាក់ចុះមួយកម្រិតដែរ។
លោកបញ្ជាក់ថា៖ «នៅពេលមានរោងចក្រផលិតចំណីក្នុងស្រុកកាន់តែច្រើន វានឹងធ្វើឱ្យតម្លៃចំណីធ្លាក់ចុះខ្លះ ហើយសកម្មភាពការដាំដុះកសិផលសម្រាប់ផ្គត់ផ្គង់ឱ្យរោងចក្រនឹងមានចំនួនកាន់តែច្រើន»។
បើតាមលោក ពៅ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតចំណីសត្វជាង ២០ ប៉ុន្តែពុំទាន់អាចផលិតផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងទីផ្សារទេ ដោយការនាំចូលពីក្រៅប្រទេសអាចមានប្រហែល ២០ ភាគរយ (ភាគច្រើនមកពីវៀតណាម)។ តម្លៃចំណី (ជ្រូក) ឆ្នាំនេះបានកើនចន្លោះពី ១០-២០ ភាគរយធៀបនឹងឆ្នាំមុន។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជាបានស្វាគមន៍ការពង្រីកសមត្ថភាពក្នុងការផលិតចំណីសត្វរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយលោកលើកឡើងថា វានឹងជួយកាត់បន្ថយការពឹងផ្អែកទៅលើចំណីនាំចូលបានមួយចំណែក ហើយក៏ជួយធ្វើឱ្យសកម្មភាពនៃការចិញ្ចឹមសត្វនៅក្នុងស្រុក រួមទាំងផ្នែកវារីវប្បកម្មកាន់តែមានដំណើរការល្អ។
លោកប្រាប់ថា៖ «ខ្ញុំសង្ឃឹមថា ចំណីសត្វផលិតក្នុងស្រុកនឹងមានគុណភាពល្អ ហើយមានតម្លៃប្រកួតប្រជែងជាមួយផលិតផលនាំចូល»។
ក្រៅពីរោងចក្រនេះ បច្ចុប្បន្នក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏មានរោងចក្រមួយដែលបានបើកដំណើរការតាំងពីឆ្នាំ ២០១៧ ដោយរោងចក្រនោះអាចផលិតចំណីសត្វ (ជ្រូក) បាន ២០ តោនក្នុង ១ ម៉ោង។ រោងចក្រនេះស្ថិតលើផ្ទៃដី ១០ ហិកតានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុង ១ ឆ្នាំប្រទេសកម្ពុជាបានចំណាយប្រាក់ប្រមាណ ១៨០ លានដុល្លារទៅលើការនាំចូលចំណីសត្វពីក្រៅប្រទេសមកបំពេញតម្រូវការចំណីសត្វនៅក្នុងស្រុក៕