
អគារទីស្នាក់ការរបស់អគ្គនាយកដ្ឋានពន្ធដារ។ ហុង មិនា
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានស្នើធនាគារជាតិនៃកម្ពុជាឱ្យជំរុញសហគ្រាស ២ ដែលកំពុងប្រតិបត្តិការផ្តល់កម្ចីមកបំពេញកាតព្វកិច្ចសារពើពន្ធ និងធ្វើបច្ចុប្បន្នភាពអាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របពេលដែលស្ថាប័នទាំង ២ នេះកំពុងធ្វើការផ្សព្វផ្សាយនូវសេវាកម្មរបស់ខ្លួននៅលើបណ្តាញសង្គម។
បើយោងតាមសេចក្តីជូនដំណឹងរបស់ GDT ដែលចុះហត្ថលេខាដោយលោក គង់ វិបុល អគ្គនាយក GDT កាលពីថ្ងៃទី ៣១ ខែសីហា បានស្នើសុំការសហការតាមផ្លូវច្បាប់ ចំពោះសហគ្រាសចំនួន ២ ដែលប្រកបអាជីវកម្មជាប្រតិបត្តិករឥណទានដោយពុំបានចុះបញ្ជីរដ្ឋបាលសារពើពន្ធ។
លោក គង់ វិបុល បានឱ្យដឹងក្នុងសេចក្តីប្រកាសថា៖ «ខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តមទេសាភិបាល ធនាគារជាតិនៃកម្ពុជាមេត្តាជ្រាបថា អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា មានសហគ្រាសចំនួន ២ បាននិងកំពុងប្រកបអាជីវកម្មជាប្រតិបត្តិករឥណទាន និងបានផ្តល់ប្រាក់កម្ចី ព្រមទាំងធ្វើការផ្សព្វផ្សាយពីការផ្តល់សេវារបស់ខ្លួនតាមបណ្តាញសង្គមហ្វេសប៊ុក ដោយពុំបានបំពេញកាតព្វកិច្ចចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសក្នុងនោះរួមមាន សហគ្រាសឈ្មោះ Happy Loan Cambodia Co.,Ltd ជាសហគ្រាសដែលបានចុះបញ្ជីពន្ធដារ ប៉ុន្តែមិនបានមកធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងមិនបានប្រកាសបង់ពន្ធឡើយ និងសហគ្រាសឈ្មោះ Tiger Loan ជាសហគ្រាសដែលមិនទាន់មកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនៅឡើយ»។
«ក្នុងន័យនេះ ដើម្បីពង្រឹងការអនុលោមភាពនៃច្បាប់ស្តីពីសារពើពន្ធ និងច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុព្រមទាំងលើកកម្ពស់បរិយាកាសធុរកិច្ច និងធានាបាននូវការប្រកួតប្រជែងស្មើភាព ជាពិសេសសំដៅជំរុញឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព និងស័កិ្តសិទ្ធិភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ សូមគោរពស្នើសុំឯកឧត្តមទេសាភិបាល មេត្តាពិនិត្យលទ្ធភាពជំរុញឱ្យសហគ្រាសទាំង ២ គោរពកាតព្វកិច្ចសារពើពន្ធជាធរមានជាមុនសិន»។ នេះបើយោងតាម លោក គង់ វិបុល។
ភ្នំពេញប៉ុស្តិ៍ពុំអាចទាក់ទងទៅកាន់ Happy Loan Cambodia បានទេ ដោយសារលេខទូរស័ព្ទដាក់លើហ្វេសប៊ុកមិនដំណើរការ ខណៈ Tiger Loan ពុំមានអ្នកលើកទូរស័ព្ទ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៥ ខែកញ្ញាថា មានការផ្តល់ប្រាក់កម្ចីតាមអ៊ីនធឺណិតស្របច្បាប់ និងខុសច្បាប់នៅកម្ពុជា។ សម្រាប់ស្ថាប័នស្របច្បាប់ទាំងនោះ គឺមានស្ថាប័នខ្លះទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងខ្លះទៀតទទួលអាជ្ញាប័ណ្ណពីអាជ្ញាធរមិនមែនធនាគារនៃក្រសួងសេដ្ឋកិច្ច។
លោកថ្លែងថា៖ «អ្វីដែលយើងបានឃើញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមភាគច្រើនជាប្រតិបត្តិការខុសច្បាប់។ យើងបានឃើញការកើនឡើងយ៉ាងខ្លាំងនៃការផ្តល់ប្រាក់កម្ចីអនឡាញខុសច្បាប់តាំងពីការចាប់ផ្តើមនៃជំងឺកូវីដ ១៩ នៅពេលដែលមនុស្សជាច្រើនមានបញ្ហាលើសាច់ប្រាក់។ ជាអកុសលយើងក៏បានឃើញមនុស្សជាច្រើនធ្លាក់ខ្លួនជាជនរងគ្រោះពីប្រាក់កម្ចីតាមអ៊ីនធឺណិតផងដែរ។ ប្រតិបត្តិករខុសច្បាប់ទាំងនេះគិតអត្រាការប្រាក់ខ្ពស់ បោកប្រាស់អតិថិជនរបស់ពួកគេ មិនអនុវត្តតាមគោលការណ៍ការពារអតិថិជនដោយប្រើការបំភិតបំភ័យ និងហិង្សា ហើយជារឿយៗនាំទៅរកការជំពាក់បំណុលវ័ណ្ឌក។
កាលពីថ្ងៃទី ២៥ ខែសីហា ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានស្តីពី «ការផ្សព្វផ្សាយ និងផ្ដល់ឥណទានដោយខុសច្បាប់» ថា កន្លងមក NBC បានសង្កេតឃើញមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយយ៉ាងបើកចំហ និងផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិទផ្សាយតាមទីកន្លែងសាធារណៈជាម។ ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាប័ណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ជាធរមាន ជាពិសេសច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
លិខិត NBC បានបញ្ជាក់ថា៖ «ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពីការទទួលបានឥណទានក្រៅផ្លូវការ និងដើម្បីរក្សាស្ថិរភាព ក៏ដូចជាជំនឿទុកចិត្តរបស់សាធារណជនក្នុងប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជាសូមស្នើដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមលើកទឹកចិត្តឱ្យប្រើប្រាស់តែសេវារបស់គ្រឹះស្ថានផ្លូវការ»៕