ភ្នំពេញៈ ក្រុមហ៊ុន Westline Education Group Co., Ltd (WEG) នឹងក្លាយជាក្រុមហ៊ុនមកពីសហគ្រាសធុនតូច និងមធ្យម (SME) ដែលគ្រោងនឹងបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារមូលបត្រកម្ពុជាក្នុងការកៀរគរមូលនិធិ ដើម្បីពង្រីកសាខាសាលាទៅកាន់មូលដ្ឋានខេត្ត ស្រុក និងភូមិនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិ WEG បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្រុមហ៊ុនលោកធ្លាប់បានឈ្នះពានក្នុងកម្មវិធីឧត្តមភាពលើកទី១ របស់និយតករមូលបត្រកម្ពុជាថា ជាក្រុមហ៊ុនមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារមូលបត្រកម្ពុជា (CSX)។
លោកបានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនកំពុងត្រៀមខ្លួនបន្ថែមទៀតសំដៅធ្វើយ៉ាងណាពេលដែលបោះផ្សាយលក់មូលបត្រទៅទទួលបានការគាំទ្រពីវិនិយោគិនសាធារណៈនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោកថ្លែងថា៖ «តាមពិតទៅយើងបានរៀបចំខ្លួនរួចហើយ ប៉ុន្តែយើងត្រូវការពេលបន្តិចទៀត ដើម្បីធ្វើឱ្យក្រុមហ៊ុនយើងកាន់តែធំទៀត និងទទួលបានការទុកចិត្តកាន់តែច្រើនពីសាធារណជន។ យើងមានផែនការធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារកំណើននាពេលខាងមុខ»។
អគ្គនាយកនៃនិយតករមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានលើកឡើងថា Westline គឺជាក្រុមហ៊ុនមានសក្តានុពលមួយដែលបានត្រៀមខ្លួនក្នុងការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅទីផ្សារកំណើននាពេលខាងមុខនៅក្នុងគោលបំណងទាញយកមូលធនពីផ្សារមូលបត្រពង្រីកអាជីវកម្មរបស់ខ្លួន។
លោកថ្លែងថា៖ «Westline គាត់ចង់ធ្វើពិពិធកម្មប្រភពហិរញ្ញវត្ថុ ដោយសារតែគាត់ធ្លាប់ទទួលការបណ្តាក់ទុនពីខាងក្រៅ ប៉ុន្តែគាត់ចង់ធ្វើពិពិធកម្មនៅប្រភពទុនពីផ្សារមូលបត្រ ដើម្បីបង្កើនទំនុកចិត្តដែលអាចអនុញ្ញាតឱ្យគាត់ចាប់ដៃគូកាន់តែច្រើនថែមទៀតក្នុងការអភិវឌ្ឍសាលារបស់គាត់»។
បើយោងតាមលោក សុជាតិ បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំអភិបាលកិច្ច និងបញ្ជីហិរញ្ញវត្ថុនានាឱ្យអនុលោមទៅតាមលក្ខខណ្ឌតម្រូវ។
បើតាមលោក ប៉ូលែន ទុន ដែលក្រុមហ៊ុនលោកកៀរគរពីផ្សារមូលបត្រនេះនឹងយកទៅពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការពង្រីកសាខាបន្ថែមតាមស្រុក និងភូមិនានាក្នុងប្រទេសកម្ពុជាសំដៅចូលរួមចំណែកផ្តល់ការអប់រំដែលមានស្តង់ដាល្អដល់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «មូលហេតុដែលយើងបោះផ្សាយមូលបត្រនេះគឺចង់ឱ្យសាធារណជន ជាពិសេសបងប្អូនដែលជាអាណាព្យាបាលសិស្សអាចមានសិទ្ធិកាន់កាប់ភាគហ៊ុនជាម្ចាស់នៅសាលាយើង និងយើងក៏មានលទ្ធភាពបន្ថែម ដើម្បីយកមូលនិធិនេះទៅពង្រីកអាជីវកម្មឱ្យកាន់តែធំបន្ថែមទៀត»។
ក្រុមហ៊ុន WEG បានចាប់ផ្តើមអាជីវកម្មដោយបើកជាសាលាបង្រៀនដំបូងនៅក្នុងឆ្នាំ ២០០៨ ហើយក្រុមហ៊ុនចាប់ផ្តើមពង្រីកសាខារបស់ខ្លួនចាប់ពីឆ្នាំ ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន៕