ភ្នំពេញៈ មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​កម្ពុជា​អះអាង​ថា ទោះបី​ឆ្នាំ​ ២០២២ នៅតែ​ជា​ឆ្នាំ​ដែល​ជួប​បញ្ហា​ប្រឈម​ សម្រាប់​ប្រទេស​ទាំងអស់​ក្នុង​តំបន់ និង​ពិភពលោក​ជុំវិញ​ការអូសបន្លាយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ការកើនឡើង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង​ការកើនឡើង​នៃ​តម្លៃ​ប្រេង និង​អាហារ​ពិភពលោក​ក្តី ក៏​គេ​សង្កេត​ឃើញ​ថា​មាន​សញ្ញា​វិជ្ជមាន​មួយ​ចំនួន​ ដោយសារ​មាន​ការ​ងើប​ឡើងវិញ​វិស័យ​មួយចំនួន​។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ការទូត​សេដ្ឋកិច្ច «​ការវិនិយោគ ពាណិជ្ជកម្ម និង​បរិស្ថាន​ទេសចរណ៍​នៅ​កម្ពុជា​» សម្រាប់​ដំណើរ​ទស្សនកិច្ច​សិក្សា​លើក​ទី​ ២ របស់​ប្រមុខ​ស្ថាប័ន​ការទូត និង​ក្រុមគ្រួសារ ដែល​មាន​ការចូលរួម​ពី​ឯកអគ្គរាជទូត​មកពី​ប្រទេស​ចំនួន​ ១៩ តំណាង​ឱ្យ​ប្រជាជន​ចំនួន ១,៥ ​ពាន់​លាន​នាក់​ទៅកាន់​ខេត្ត​សៀមរាប និង​បន្ទាយមានជ័យ នៅ​ថ្ងៃទី​ ២ ខែ​កញ្ញា ឆ្នាំ ​២០២២ លោក ញឹម ខេមរា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (MFAIC ) បាន​និយាយ​ថា មាន​បញ្ហា​សេសសល់​ជាច្រើន​ សម្រាប់​ឆ្នាំនេះ ដែល​ចាំបាច់​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ពី​ប្រទេស​ ១​ ទៅ​ប្រទេស​ ១ ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ទាំងនេះ​។

លោក​ថ្លែងថា​៖ «​ឆ្នាំ​ ២០២២ ជា​ឆ្នាំ​ដ៏លំបាក​មួយ​ទៀត​ សម្រាប់​យើង ដែល​សម្គាល់​ដោយ​ភាពមិន​ប្រាកដប្រជា ការកើនឡើង​នៃ​ភូមិសាស្ត្រ​នយោបាយ ការ​កើនឡើង​តម្លៃ​ប្រេង ថាមពល និង​កង្វះ​អាហារ ការ​រឹតបន្តឹង​ការធ្វើដំណើរ​ដ៏យូរ​ ដោយសារ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ និង​ការប្រែប្រួល​ថ្មី​របស់​វា និង​បញ្ហា​ជាច្រើន​ទៀត​។ ទោះជា​យ៉ាងណា យើង​ក៏បាន​ឃើញ​សញ្ញាណ​នៃ​ការ​សះស្បើយ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​ជាច្រើន​នៃ​ពិភពលោក ជាពិសេស​នៅក្នុង​តំបន់​របស់​យើង និង​ជា​ការពិតណាស់​គឺ​ក្នុងប្រទេស​កម្ពុជា​។ ខ្ញុំ​ពិតជា​រីករាយ​ដែល​បន្ទាប់ពី​រយៈពេល​ជាង ២ ​ឆ្នាំ​មកនេះ ដែល​ឥឡូវនេះ​យើង​អាច​រៀបចំ​ព្រឹត្តិការណ៍​នានា​ដោយផ្ទាល់​បាន រួមទាំង​ព្រឹត្តិការណ៍​នេះ​នៅក្នុង​ខេត្ត​សៀមរាប-​អង្គរ​»​។

លោក​បន្តថា កាលពី​ដើម​ខែ​មករា ឆ្នាំមុន ដោយ​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ខ្លាំង MFAIC បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០២៣ ដើម្បី​លើកកម្ពស់​បន្ថែម​ទៀត​នូវ​ពាណិជ្ជកម្ម​អន្តរជាតិ ការវិនិយោគ​ផ្ទាល់​ពី​បរទេស ទេសចរណ៍ និង​វប្បធម៌ និង​អត្តសញ្ញាណ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ផែនការ​សកម្មភាព​សំខាន់​មួយ​ដែល​ក្រុម​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច​ (EDCG) ផ្តោត​ជា​សំខាន់​គឺ​ការរៀបចំ​វេទិកា​ផ្គូផ្គង​ពាណិជ្ជកម្ម និង​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា​ ដោយ​សង្ឃឹម​ថានឹង​អាច​ឱ្យ​អ្នកការទូត ពាណិជ្ជករ វិនិយោគិន និង​អ្នកពាក់ព័ន្ធ​ទទួល​បាន​ទស្សនវិស័យ​កាន់តែ​ល្អ​ប្រសើរឡើង​។ ស្ថានការណ៍​នៅ​កម្ពុជា​នឹង​បង្ហាញ​ពី​ឱកាស​ថ្មី​ សម្រាប់​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ផលប្រយោជន៍​ទៅវិញ​ទៅមក​»​។

លោក Waldemar Dubaniowski ឯកអគ្គរដ្ឋទូត​ប៉ូឡូញ​ប្រចាំ​ប្រទេស​ថៃ​បាន​សាទរ​ចំពោះ​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​របស់​កម្ពុជា និង​បាន​កោតសរសើរ​ចំពោះ​ការធ្វើ​ដំណើរ​ដែល​បាន​ដឹកនាំ​អ្នកចូលរួម​ តាមរយៈ​គុណសម្បត្តិ និង​សមិទ្ធផល​ដ៏មាន​សក្តានុពល​នៃ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប​ជាមួយ​គោលនយោបាយ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​។

លោក អ៊ុក សោភ័ណ្ឌ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​និយាយថា ជាមួយ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ពិភពលោក​នឹង​ស្គាល់​កម្ពុជា​កាន់តែ​ច្រើនឡើង​។

លោក​ថ្លែងថា​៖ «​ឯកអគ្គ​រដ្ឋទូត​នៃ​ប្រទេស​នីមួយៗ​នឹង​រាយការណ៍​ពី​ការចងចាំ​ដ៏ល្អ​ដែល​ពួកគេ​មាន​ សម្រាប់​ខេត្ត​ទាំង​ ២​ ដែល​ពួកគាត់​បានមក​ទស្សនកិច្ច​ទៅ​រដ្ឋាភិបាល និង​ប្រជាជន​របស់​ពួកគេ ព្រមទាំង​ចែករំលែក​ជាមួយ​អ្នក​តាមដាន​របស់​ពួកគេ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។ នៅពេលណា​ពួកគេ​បង្ហោះ​រូបភាព​ស្អាតៗ​ពី​ប្រាសាទ​អង្គរ ការណ៍​នេះ​នឹង​ជួយ​ជំរុញ​ទឹកចិត្ត​អ្នកគាំទ្រ​របស់​ពួកគេ​ឱ្យមក​ទស្សនា​ប្រទេស​កម្ពុជា​ ដើម្បី​ស្វែងយល់​ពី​ការពិត​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏មាន​សុទិដ្ឋិនិយម​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​រួមគ្នា​រវាង​កម្ពុជា និង​ថៃ «​ព្រះរាជាណាចក្រ​ ២​ គោលដៅ​តែ​ ១» នឹង​ជំរុញ​ឱ្យ​មាន​ភាព​កាន់តែ​សកម្ម​នៃ​វិស័យ​ទេសចរណ៍ និង​ការតភ្ជាប់​រវាង​ប្រជាជន​របស់​យើង និង​ពិភពលោក​ទាំងមូល​។

បើតាម​ក្រសួង​ទេសចរណ៍​រយៈពេល ៧ ​ខែ​នៃ​ឆ្នាំ​ ២០២២ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៧៤ ​ម៉ឺន​នាក់ កើន ៥៦០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ក្នុងនោះ​ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​ក្នុងស្រុក​ជាង ១,២ លាន​នាក់ កើន ៨៩០ ​ភាគរយ ដោយ​ក្នុង​នោះ​ភ្ញៀវទេសចរ​ក្នុង​ស្រុក ១,១ ​លាន​នាក់​កើនឡើង​ ៧៩៩​ ភាគរយ និង​ភ្ញៀវ​បរទេស​ក្នុង​ស្រុក​ជាង ៨ ​ម៉ឺន​នាក់ កើនឡើង ១ ៣៥២​ ភាគរយ​៕