ភ្នំពេញៈ ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) នឹង​ធ្វើការ​បោះ​ផ្សាយ​មូលបត្រ​រដ្ឋ​លើក​ទី​ ១ ជា​ផ្លូវការ​នៅក្នុង​ថ្ងៃ​ពុធ​នេះ​ ដើម្បី​កៀរគរ​មូលនិធិ​ប្រមាណ ១០០ ​ពាន់​លាន​រៀល ឬ​ប្រហាក់​ប្រហែល ២៥ ​លាន​ដុល្លារ ក្នុង​ផែនការ​បោះផ្សាយ​ឱ្យបាន ៣០០ ​លាន​ដុល្លារ ខណៈ​អ្នក​ជំនាញ​អះអាង​ថា ការបោះ​ផ្សាយ​មូលបត្រ​រដ្ឋ​នេះ​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​មាន​លទ្ធភាព​បន្ថែមទៀត​ក្នុង​ការ​ប្រមូល​មូលនិធិ​ ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​ប្រទេស​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ NBC ចុះ​ថ្ងៃទី​ ៥ ខែកញ្ញា​បាន​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា​សូម​ជូនដំណឹង​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ឱ្យ​ជ្រាបថា ការដេញថ្លៃ​មូលបត្រ​រដ្ឋ​លើក​ទី​ ១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ ទី​ ៧ ខែកញ្ញា តាមរយៈ​ផ្លេតហ្វម​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBCP) ​ចាប់ពី​ម៉ោង ​៨ ​ព្រឹក​ដល់ ២ ​រសៀល​។ សម្រាប់​មូលបត្រ​រដ្ឋ​នេះ​មាន​តម្លៃ​ចារឹក​ចំនួន ១ ​លាន​រៀល​ (២៥០ ​ដុល្លារ​ក្នុង ១​ បណ្ណ ហើយ​វិនិយោគិន​ដែល​ទិញ​មូលបត្រ​នេះ​នឹង​ទទួល​បាន​អត្រា​ការប្រាក់ ២ ​ភាគរយ​ថេរ​ក្នុង​ ១ ​ឆ្នាំ ដែល​នឹង​ទូទាត់​ឱ្យ​ក្នុង​រយៈពេល ៦ ​ខែម្តង​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ២៥ ខែសីហា ឆ្នាំ ​២០២២ ឱ្យដឹងថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាមរយៈ​ធនាគារជាតិ​នៃ​កម្ពុជា​ជា​អាណត្តិគាហក​នឹង​ធ្វើការ​បោះ​ផ្សាយ​លក់​មូលបត្រ​រដ្ឋ​ជា​លើកដំបូង​ក្នុង​ទំហំ ១ ២១៩ ៥០០​ លាន​រៀល (​មួយ​ទ្រីលាន​ពីរ​រយ​ដប់​ប្រាំបួន​ប្រាំ​រយ​លាន​រៀល​) ​សមមូល​នឹង​ប្រមាណ ៣០០ ​លាន​ដុល្លារ ចាប់ពី​ខែ​កញ្ញា ឆ្នាំ​ ២០២២ តទៅ​។

លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​មូលបត្រ CSX បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថ្មីៗ​នេះ​ថា នៅពេល​រៀបចំ​ដំណើរការ​ទីផ្សារ​ដំបូង​ធ្លាប់​មាន​គម្រោង​ចាប់ផ្តើម​ជាមួយនឹង​ទីផ្សារ​មូលបត្រ​បំណុល​រដ្ឋ ដោយសារ​តែ​វា​ងាយ​ក្នុង​ការបោះផ្សាយ និង​មាន​ការចាប់អារម្មណ៍​ច្រើន​ពី​វិនិយោគិន​ធំ​។ ប៉ុន្តែ​ដោយសារ​ក្របខ័ណ្ឌ​បទប្បញ្ញតិ្ត​ផ្សេងៗ​ ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​មិនទាន់​អាច​បោះផ្សាយ​មូលបត្រ​បាន ​ទើប​ងាក​មក​ចាប់ផ្តើម​ជាមួយនឹង​ភាគហ៊ុន​វិញ​។

លោក​បន្តថា មូលបត្រ​រដ្ឋ​នេះ​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ធំ​ទាំង​ក្នុង និង​ក្រៅប្រទេស ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ ដូចជា ក្រុមហ៊ុន​ធានារ៉ាប់រង មូលនិធិ​សោធន​និវត្តន៍ មូលនិធិ​សន្តិសុខ​សង្គមជាតិ និង​ធនាគារ​ជាដើម ដោយ​ស្ថាប័ន​ទាំងនេះ ត្រូវការ​វិនិយោគ​លើ​ប្រភេទ​មូលបត្រ​ណា​មាន​សុវត្ថិភាព​ខ្ពស់ និង​បាន​អត្រា​ការប្រាក់​សមរម្យ​។

លោក​ថ្លែងថា​៖ «​ការបោះ​ផ្សាយ​លក់​មូលបត្រ​រដ្ឋ​ជា​លើក​ដំបូង​នៅ​ខែក្រោយ​នេះ (​ខែ​កញ្ញា​) យើង​រំពឹងថា នឹង​អាច​ទាក់ទាញ​វិនិយោគិន​ដែល​ខ្វះខាត​នៅលើ​ទីផ្សារ​យើង​កន្លងមក​គឺ​វិនិយោគិន​ជា​ស្ថាប័ន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​»​។

ក្នុង​សន្និសីទ​ជាតិ​ស្តីពី​ទីផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៦ ខែ​ឧសភា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា ការបោះ​ផ្សាយ​មូលបត្រ​រដ្ឋ នឹង​ធ្វើឱ្យ​រដ្ឋ​ប្រមូល​មូលនិធិ​ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

លោក​បញ្ជាក់ថា​៖ «​មូលបត្រ​បំណុល​រដ្ឋាភិបាល​ត្រូវ​បាន​គេ​រំពឹង​ថា នឹងមាន​ប្រជាប្រិយភាព​នៅលើ​ទីផ្សារ​មូលបត្រ​កម្ពុជា ហើយ​និង​ផ្តល់នូវ​ទិន្នន័យ​គោល​សម្រាប់​ការជួញដូរ​មូលបត្រ​សាជីវកម្ម និង​ការវិភាគ​ហិរញ្ញវត្ថុ ដូច​ដែល​បាន​អនុវត្ត​នៅក្នុង​ប្រទេស​ដែល​មាន​វិស័យ​មូលបត្រ​ដែល​កំពុង​រីកចម្រើន​»៕