
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្តា្រលីប្រចាំកម្ពុជា កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ កម្ពុជា និងអូស្រ្តាលី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មប្រទេសទាំង ២ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២ កើនជាង ១២៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ការប្តេជ្ញាចិត្តរបស់ភាគីទាំង ២ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្តា្រលី ប្រចាំកម្ពុជា កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៣២០,២១លានដុល្លារកើនឡើង ១២៧,១ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ១៤១ លានដុល្លារ។ ក្នុងនោះទំនិញកម្ពុជានាំទៅប្រទេសអូស្រ្តាលី មាន ២២២,៥ លានដុល្លារ កើន ១៩២,៤ ភាគរយ និងទំនិញនាំចូលពីអូស្រ្តាលី មាន ៩៧,៧ លានដុល្លារ កើនឡើង ៥០,៦ ភាគរយ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការដែលកម្ពុជា-អូស្រ្តាលីសម្រេចបាននាពេលកន្លងមក និងបានលើកឡើងពីវឌ្ឍនភាពនៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាព(PEDs) ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ពិសេសការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែល-សេឡង់ (AAZNFTA Upgrade Negotiations)។
លោក Pablo Kang បានបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងជំនួបនេះភាគីទាំង ២ ក៏បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង រវាងក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងអូស្រ្តាលីផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអូស្រ្តាលីមានជាយូរមកហើយ ហើយក៏មានអ្នកវិនិយោគអូស្រ្តាលីមួយចំនួនកំពុងបណ្តាក់ទុននៅកម្ពុជាដែរ។
លោកប្រាប់ថា៖«ដោយសារកម្ពុជា និងអូស្រ្តាលី សុទ្ធតែជាប្រទេសសមាជិក RCEP ដូច្នេះការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ នឹងមានទំហំកាន់តែច្រើននាពេលខាងមុខ»។
លោកប្រាប់ទៀតថា ទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន នៃប្រទេសទាំង ២ សុទ្ធតែកំពុងខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យមានទំហំទឹកប្រាក់កាន់តែច្រើនបន្ទាប់ពី RCEP ចូលជាធរមាន។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៦ ខែកញ្ញាថា អូស្រ្តាលីជាប្រទេសអភិវឌ្ឍន៍ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ ហេតុនេះកម្ពុជាត្រូវខិតខំបង្កើនការផលិតទំនិញឱ្យបានច្រើនដើម្បីនាំទៅលក់នៅទីផ្សារនោះ ខណៈប្រទេសទាំង ២ សុទ្ធតែជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ RCEP ។ ការធ្វើពិពិធកម្មផលិតកម្មថ្មីៗ គឺជារឿងចាំបាច់ដើម្បីចាប់យកអតិថិជនថ្មីៗឱ្យបានកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «យោងតាមកិច្ចព្រមព្រៀង RCEP ខ្ញុំហ៊ានអះអាងថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងមានកំណើនបន្ថែមទៀត ព្រោះតាមរយៈកិច្ចព្រមព្រៀងនេះនឹងជួយកាត់បន្ថយការបង់ពន្ធមួយចំនួន»។
បើតាមលោក វណ្ណៈ បច្ចុប្បន្នកម្ពុជាកំពុងនាំផលិតផលមួយចំនួនទៅកាន់ប្រទេសអូស្រ្តាលី មានដូចជា ផលិតផលវាយនភណ្ឌ កង់ និងកសិកម្ម ជាដើម ចំណែកទំនិញដែលអូស្រ្តាលីនាំមកកម្ពុជា រួមមាន ផលិតផលអេឡិចត្រូនិក និងយានយន្ត ជាដើម។ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ បាននិងបន្តកើនឡើងជាបន្តបន្ទាប់។
បច្ចុប្បន្នក្រៅពីមានទំនាក់ទំនងការទូត និងពាណិជ្ជកម្មល្អប្រសើរជាមួយគ្នា ប្រទេសអូស្រ្តាលី ក៏បាននិងកំពុងផ្តល់ជំនួយជាច្រើនដល់កម្ពុជាពិសេសវិស័យកសិកម្មនៅកម្ពុជា។
បើតាមក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មរវាងកម្ពុជា-អូស្រ្តាលី កាលពីឆ្នាំ ២០២១ មានទឹកប្រាក់សរុប ៣២៤ លានដុលា្លរ កើន ៥២ ភាគរយបើធៀបនឹងឆ្នាំ ២០២០៕