ស្រប​ពេលដែល​ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក​មានការ​កើនឡើង​ធ្វើឱ្យ​ការផ្គត់ផ្គង់​លើ​ទីផ្សារលើសតម្រូវការ ​និង​​តម្លៃ​មានការ​ធ្លាក់ចុះ​ និងធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​កសិក​រ​អ្នក​ចិញ្ចឹម ​ដោយបាន​ចំណាយ​ទៅលើ​ការទិញ​ចំណី និង​​​ការថែទាំ​នានា​។

​លោក សួង វាសនា កសិករ​ចិញ្ចឹម​ជ្រូក នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​សារព័ត៌មាន CPA នៅ​ថ្ងៃទី​ ៦ កញ្ញា​ថា បច្ចុប្បន្ន​លោក​ចិញ្ចឹម​ជ្រូក​ជិត​ ១០០ ​ក្បាល ប៉ុន្តែ​ការចិញ្ចឹម​ជ្រូក​នេះ កំពុង​ជួប​បញ្ហា​ទីផ្សារ​ជាខ្លាំង ដោយសារ​ជ្រូក​លក់បាន​ថោក ក្នុង ​១​ គីឡូក្រាម​នៅសល់​ត្រឹម​ ៩ ០០០​ រៀល​ប៉ុណ្ណោះ ខណៈ​កន្លងមក​មានតម្លៃ​ ១២ ០០០ រៀល​។

​លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ទីផ្សារ​ជ្រូក​ថោក ចិញ្ចឹម​ខាត អត់​មាន​ចំណេញ​អី​ផង ចិញ្ចឹម​ទល់​ដើមបាត់​ហើយ កសិករ​ខ្លះ​លក់បាន​ ៩ ៥០០ ​រៀល កសិករ​ខ្លះទៀត​លក់បាន​ ៩០០០ ​រៀល ដោយសារ​ចាល់ ជ្រូក​លក់​អត់​ចេញ​ផង​។ មាន​អ្នកខ្លះ​រអ៊ូ​រក​ទីផ្សារ​មិនបាន​ផង សម្រុក​ចិញ្ចឹម​លក់​ពេល​ភ្ជុំខ្លាំង​ពេក ដូច្នេះ​កកស្ទះ​ជ្រូក​»​។​

​កសិករ​រូបនេះ​បញ្ជាក់ថា តម្លៃ​ត្រឹម ​៩ ០០០ ​រៀល​ក្នុង ​១ ​គីឡូក្រាម មិនអាច​ឱ្យ​កសិករ​ទទួលបាន​ប្រាក់ចំណេញ​ពីមុខ​របរ​ចិញ្ចឹម​ជ្រូក​នេះ​ទេ ព្រោះ​សព្វថ្ងៃ​វត្ថុធាតុ​ដើម ឡើងថ្លៃ​ទាំងអស់ ដូចជា អគ្គិសនី កម្លាំង​ពលកម្ម និង​ចំណី​សត្វ ជាដើម​។​

​លោក​បន្ត​៖ «​នៅ​ថ្នាំ នៅ​វ៉ាក់សាំង តម្លៃ​ត្រឹមហ្នឹង​កសិករ​បង្ខំ​ចាប់​លក់​ហ្នឹង ទាំង​គ្មាន​ឈ្មួញ​ចាប់​លក់​ផង​។ រដូវ​នេះ កាលពី​ឆ្នាំមុន ដូចជាមិន​ធ្លាក់​តម្លៃ​ដល់​ថ្នាក់​ហ្នឹង​ទេ ឆ្នាំមុន​ធ្លាក់​តិចតួច​មែន យើង​មាន​ឈ្មួញ​មក​ចាប់​ច្រើន តែជា​ឆ្នាំនេះ បែរជា​លំបាក​ជាង​ឆ្នាំមុន​។ មួល​ហេតុ​គ្មាន​អ្នក​ចាប់ ដោយសារតែ​ជ្រូក​សម្បូរ​គ្រប់​ទីកន្លែង ដូច្នេះ​ឈ្មួញ​តែងតែ​បន្ទាប​តម្លៃ​ឱ្យ​ថោក​»​​

​បើតាម​លោក សួង វាសនា ទោះបីជា​ជ្រូករ​ស់មាន​តម្លៃថោក​ក៏ដោយ ប៉ុន្តែ​តម្លៃ​សាច់ជ្រូក​នៅតាម​ផ្សារ​មិន​ធ្លាក់​ថ្លៃ​ទេ ដែល​អាជីវករ​អាច​រកប្រាក់​ចំណេញ​បានពី​ ៧០ ទៅ​ ៨០ ​ដុល្លារ​ក្នុង ​១ ​ក្បាល​។ ដូច្នេះ​អ្នក​ដែល​នៅតែ​ជួប​បញ្ហា​ជាងគេ គឺ​កសិករ និង​អ្នក​បរិភោគ​។​

​លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ចំណី​ថ្លៃ ជ្រូក​លើ​ជ្រុ​ញ​ថ្លៃ ហេតុអ្វី​ជ្រូក​រស់​មិន​ថ្លៃ​?។ កសិករ​ភាគច្រើន​នៅ​ខេត្តកំពង់ឆ្នាំង​នេះ គាត់​មាន​កង្វល់​ច្រើន​ទាក់ទង​នឹង​ការចិញ្ចឹម ប្រសិនជា​ក្រសួង​ពាក់ព័ន្ធ​នៅតែ​បណ្តែតបណ្តោយ តម្លៃ​ជ្រូក​នៅតែ​ប៉ុណ្ណឹង​ទៀត កសិករ​នឹង​បោះបង់​ការចិញ្ចឹម​»​។​

​លោក​បញ្ជាក់ថា តម្លៃ​សមរម្យ​ដែល​កសិករ​អាច​ទទួល​យកបាន គឺ​តម្លៃ ​៣ ដុល្លារ​ក្នុង ​១​ គីឡូក្រាម ព្រោះ​ពួកគាត់​ត្រូវ​ចិញ្ចឹម​មើលថែ​ឱ្យ​ចំណី​ជ្រូក​រាល់ថ្ងៃ ទម្រាំ​បាន​ចាប់​លក់​រយៈពេល ​៤ ​ខែ ត្រូវការ​ចិញ្ចឹម​យ៉ាង​យកចិត្តទុកដាក់ និង​ចំណាយ​ថវិកា​ច្រើនណាស់​។​

​កន្លងមក​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ងាក​មកប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពល​អគ្គិសនី​ដែល​បំប្លែ​ង​ពី​លាមក​ជ្រូក​មកប្រើប្រាស់ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិត និង​រក្សាបាន​ភាព​ប្រកួតប្រជែង​តម្លៃនៅលើទីផ្សារ​។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​លើកឡើងថា មូលហេតុ​ដែលនាំឱ្យ​ជ្រូក​រស់​ធ្លាក់​ថ្លៃ​បែបនេះ ដោយសារ​អំឡុងពេល​៤ខែ​មុន កសិករ​បាន​សម្រុក​ទិញ​កូនជ្រូក​ពី​រៀ​ត​ណា​ម​យកមក​ចិញ្ចឹម​ច្រើន ដែល​ធ្វើឱ្យ​លើសពី​តម្រូវការ​។​

​លោក​ថ្លែង​ដូច្នេះ​ថា​៖ «​បញ្ហា​ធ្លាក់​ថ្លៃ​នេះ គឺ​គ្មាន​អ្នកណា​អាចជួយ​រួច​ទេ ព្រោះ​កសិករ​គិតតែ​នាំចូល​កូនជ្រូក​ពី​វៀតណាម​ដែលមាន​តម្លៃថោក យកមក​ចិញ្ចឹម​។ ចិញ្ចឹម​ច្រើន​លើសលប់​ពី​តម្រូវការ​ទីផ្សារ ដល់ពេល​ជ្រូក​ធំ ដណ្តើម​គ្នា​ចាប់​លក់ៗ មិន​ចេញ ដល់ពេលអ៊ី​ចឹ​ង​ទៅ​ឈ្មួញ​ទិញ​គេ​ឱ្យ​តម្លៃថោក​»​។​

​លោក​បន្តថា ចំណែក​បញ្ហា​ទាក់ទង​នឹង​តម្លៃ​ជ្រូក​នៅលើ​ជ្រុ​ញ​នៅតែ​ថ្លៃ មានតែ​ក្រសួងពាណិជ្ជកម្ម​ប៉ុណ្ណោះ​ដែល​អាច​បកស្រាយ​បាន​។​លោក​ថា អាជីវករ​នៅតែ​បន្ត​លក់​សាច់ជ្រូក​តម្លៃ​២៣០០០រៀល ទៅ ​២៤ ០០០ រៀល ទោះបីជា​សមាគម​កំណត់ឱ្យ​លក់​ត្រឹម​ ២ ​ម៉ឺន​រៀល​ក្នុង ១ ​គីឡូក្រាម​ក៏ដោយ​។​

​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​ ២០២២ កម្ពុ​ជាមាន​សមត្ថភាព​ផ្គត់ផ្គង់​ត្រី​សាច់ ​កើន​ឡើងដល់ ៩២ភាគរយ ខណៈ​ការផ្គត់ផ្គង់​សាច់ជ្រូក​អាច​ដំណើរការបាន​ ១០០​ ភាគរយ​បាន​ជាង​ ៩ ខែ​ហើយ​។ នេះ​បើ​ការបញ្ជាក់​របស់លោក វេ​ង សាខុន​៕