ភ្នំពេញៈ ​គម្រោងការ​លើកកម្ពស់​ការអនុវត្ត​ថាមពល​និរន្តរភាព​ក្នុង​វិស័យ​វាយនភណ្ឌ (Switch Garment)​ ត្រូវបាន​ប្រកាស​ភាពជា​ដៃគូ​ជាមួយ​ក្រសួង​ ២ ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការប្រកួតប្រជែង​របស់​រោងចក្រ​កាត់ដេរ​កម្ពុជា និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​រប​ស់​ឧស្សាហកម្ម​តាមរយៈ​ការទទួលយក​ការអនុវត្ត​ថាមពល​ប្រកបដោយ​និរន្តរភាព និង​សម្របសម្រួល​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ថាមពល​ស្អាត​។​

​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នៃ​គម្រោង​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ចាប់ដៃ​សហការគ្នា​រវាង​ក្រសួងបរិស្ថាន ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ និង​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល (GGGI) ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ៦ ខែកញ្ញា​នេះ នៅ​ខេត្ត​កែ​ប​។

​កម្មវិធី​នេះ​ត្រូវបាន​អនុវត្ត​ដោយ GGGI រួមជាមួយ Geres និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ចាប់តាំងពី​ខែឧសភា ឆ្នាំ ២០២០​ មក​ម្ល៉េះ​។​

​លោកស្រី Shomi Kim តំណាង​ប្រចាំ​ប្រទេស​របស់ GGGI Cambodia មានប្រសាសន៍ថា ភាពជា​ដៃគូ​នេះ​គឺជា​បើក​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ជាមួយ​ក្រសួង​ទាំង ២ ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យមាន​ការរីក​ចម្រើន​លើ​គម្រោង Switch Garment នៅក្នុង​ឧស្សាហកម្ម​ចាប់តាំងពី​ការចាប់ផ្តើម​គម្រោង​ក្នុង​ឆ្នាំ ២០២០ ​មក​ម្ល៉េះ។​

​លោកស្រី Shomi មានប្រសាសន៍ថា​៖«​ទោះបីជា​មានការ​ពន្យារ​ពេល​ក៏ដោយ វា​ជា​រឿង​សំខាន់​ដែល​យើងទាំងអស់គ្នា​នៅទីនេះ​រួមគ្នា​ជាមួយនឹង​គោលបំណង និង​គោលដៅ​ដូចគ្នា ដើម្បី​ជំរុញ​និរន្តរភាព​ក្នុង​វិស័យ​កាត់ដេរ ដែលជា​តួអង្គ​ឧស្សាហកម្ម​ដ៏​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​លោក លី តឹក​ហេង នាយក​ប្រតិបត្តិ​របស់ GMAC មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ននេះ ម្ចាស់​ម៉ាក​យីហោ​អន្តរជាតិ​ជាច្រើន​ផ្តោត​សំខាន់​លើ​បញ្ហា​និរន្តរភាព ដោយ​ជំរុញ​ឱ្យ​រោងចក្រ​ផលិត​ប្រើប្រាស់​ថាមពល​ស្អាត​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «​ម៉ាក​អន្តរជាតិ​ដែល​ទិញ​ពី​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ផ្តោត​យ៉ាងខ្លាំង​ទៅលើ​និរន្តរភាព ដោយសារ​ការយល់ដឹង​អំពី​បរិស្ថាន​របស់​អ្នកប្រើប្រាស់​កើនឡើង ដូច្នេះ​ដើម្បី​រស់រានមានជីវិត​ពី​ការផ្លាស់ប្តូរ វិស័យនេះ​ត្រូវតែ​តាម​ឱ្យទាន់​និន្នាការ​ដើម្បី​រក្សា​ការប្រកួតប្រជែង​»​។​

​លោក ​ទិន ពន្លក ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​នៅមាន​តម្លៃ​ខ្ពស់ជាង​ប្រទេស​ផ្សេង​នៅក្នុង​តំបន់ ដូចនេះ ទំនោរ​ថ្មី​នៃ​គិតគូរ​ស៊ីជម្រៅ​សម្រាប់​ការអនុវត្ត​ប្រសិទ្ធភាព​ថាមពល​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ថ្លៃ​អគ្គិសនី​និង​បង្កើន​ផលចំណេញ​។​

​លោក​បាន​ថ្លែងថា​៖ «​ជាការ​ពិតណាស់ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា ហើយ​ប្រសិនបើ​គិត​ជា​តួ​លេខ វិស័យនេះ​បានរួម​ចំណែក​ជាង ១៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​ប្រមាណ​ជា ៨០% ​នៃ​ការនាំចេញ​សរុប​ប្រចាំ​ឆ្នាំ។ ហេតុដូចនេះ ការផ្តួចផ្តើម​សម្រាប់​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ការទប់ស្កាត់​ផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​បរិស្ថាន និង​សង្គម គឺជា​កាតព្វកិច្ច​ដែល​យើង​ត្រូវតែ​ចូលរួម​ព​ន្លឿ​ន​ប្រកបដោយ​ភាពទទួល​ខុសត្រូវ​និង​ការត្រៀមខ្លួន​ទុកជាមុន​ជានិច្ច​»​។

​បើ​យោងតាម​លោក ពន្លក ​គោលដៅ​នៃ​ការចូលរួមចំណែក​រប​ស់​ជាតិ (Cambodia’s NDC) ​នៅ​កម្ពុជា គឺ​ធ្វើយ៉ាងណា​ធានាថា ឧស្ម័ន​ផ្ទះ​កញ្ចក់ ២១.៣% ឬ​ស្មើនឹង ៣៨.១ MtCo2e ​ក្នុង​វិស័យ​ថាមពល និង ៩.១% ឬ​ស្មើនឹង ៥.៩ MtCo2e ក្នុង​វិស័យ​ឧស្សាហកម្ម​នឹង​ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម​អប្បបរមា​។ ក្នុង​រយៈពេល ៤ ​ឆ្នាំ​ នៃ​គម្រោង​ទាំងមូល កម្ពុជា​អាច​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន ១៧៥ KtCO2e ស្រប​ពេលដែល​តម្លៃ​ថាមពល​ត្រូវបាន​កាត់បន្ថយ​ប្រមាណ ២០% សម្រាប់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា និង​បន្ត​បង្កើន​ការងារ​បៃតង និង​បង្កើន​គុណភាព​ខ្យល់​ក្នុង​បរិយាកាសផងដែរ​។

​លោក​បាន​គូសបញ្ជាក់​៖ «​ខ្ញុំ​ជឿជាក់ថា កម្មវិធី​កិច្ចព្រមព្រៀង​គម្រោង​នេះ​នឹងចូលរួម​យ៉ាងសកម្ម​ក្នុងការពិនិត្យ​លើ​វឌ្ឍនភាព​គម្រោង រៀបចំ​ផែនការ​សម្រាប់​ជំហាន​បន្ទាប់​សម្រាប់​ការកែលម្អ​គោលនយោបាយ​បទ​ប្បញត្តិ និង​វិធាន​ការពង្រឹង​ការអនុវត្ត ដើម្បី​សម្រេច​នូវ​ការប្តេជ្ញាចិត្ត​រួម​ក្នុង​រយៈពេល ​២​ ឆ្នាំ​បន្ទាប់​របស់​គម្រោង​»៕