ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) និង​តំណាង​រាជ​រដ្ឋា​ភិ​បាន​ជប៉ុន ព្រមទាំង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​បណ្តា​ទីភ្នាក់ងារ​​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​បាន​ជួបប្រជុំគ្នា​ជា​លើក​ទី​២៤ ​នៃ​ «​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន​»​ ក្នុងន័យ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ២ ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី ​៧ ខែ កញ្ញា ឆ្នាំ​ ២០២២ ​ដោយមាន​ការចូលរួម​ពី​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ​ CDC និង​លោក​Masahiro MIKAMI​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ​(JICA)​ អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (JETRO) សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា (JBAC)​ និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ទៀត​។​

​លោក សុខ​ ចិន្តា​សោភា បានលើកឡើង​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​ជប៉ុន ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ជប៉ុន ​ស្តីពី​សេរីភាវូបនីយកម្ម​ការ​ជំរុញ​និង​ការការពារ​វិនិយោគ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ Shinzo Abe ​កាលពី​ថ្ងៃទី ​១៤ ខែ មិថុនា ឆ្នាំ ​២០០៧​។​

​ក្នុង​ស្មារតី​រួមគ្នា​កែលម្អ​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​វិនិយោគ​និង​ធុរកិច្ច​នៅ​កម្ពុជា កិច្ចប្រជុំ​នេះ​បានផ្ដល់​នូវ​ឱកាស​ជូន​វិនិយោគិន​ជប៉ុន​លើកឡើង​នូវ​បញ្ហា​ប្រឈម​ និង​សំណូមពរ​នានា​ជូន​ភាគី​រាជរដ្ឋាភិបាល ​ដើម្បី​ធ្វើការ​បកស្រាយ និង​ដាក់ចេញ​នូវ​ដំណោះស្រាយ​ផ្សេងៗ​។​

​លោក Masahiro MIKAMI​ ក៏បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់​នូវ​ច្បាប់​វិនិយោគ​ថ្មី ហើយ​ថ្លែង​ការកោតសរសើរ និង​អំណរគុណ​ដល់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​សម្របសម្រួល និង​ផ្តល់នូវ​ការឆ្លើយតប​ប្រកបដោយ​ភាពទន់ភ្លន់​ចំពោះ​ក្ដីកង្វល់ និង​សំណូមពរ​របស់​វិនិយោគិន​ជប៉ុន​ដែល​សបញ្ជាក់​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ថែទាំ​ និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​វិនិយោគិន​គ្រប់រូប​។

​បន្ថែម​លើ​នោះ លោក​ប្រធាន​សមាគម ​JBAC ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា ​ដើម្បី​បង្កើត​នូវ​បរិយាកាស​វិនិយោគ​ដ៏​ល្អប្រសើរ​លើ​គ្រប់​វិស័យ​។​

​បញ្ហាសំខាន់ៗ ដែល​បាន​លើក​មក​ពិភាក្សា​ក្នុងឱកាស​នោះ​មានដូចជា កាតព្វកិច្ច​ពន្ធ​របស់​អភិបាល​អ​និវាស​ន​ជន​, បញ្ហា​ឡូ​ជី​ស្ទីក (​ការ​ព​ន្លឿ​ន​ការដាក់ឱ្យ​ដំណើរការ​មាត់ច្រក​ព្រំដែន​ស្ទឹង​បត់ នៅ​ក្រុង​ប៉ោយប៉ែត និង​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​បញ្ជរ​ជាតិ​កម្ពុជា ឌី​ជី​ថ​លូ​ប​នីយកម្ម និង​សាមញ្ញ​កម្ម​នៃ​នីតិវិធី​គយ​) ​និង​បញ្ហា​ថាមពល (​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី និង​ការ​ដាច់​ចរន្តអគ្គិសនី និង​ការគាំទ្រ​លើ​សកម្មភាព​ស្តីពី​អព្យាក្រឹត​កាបូន​)៕​