តម្លៃ​ហាងឆេង​មាស​បាន​បន្ដ​ធ្លាក់ចុះ​ជា​បន្ដបន្ទាប់​ចាប់តាំងពី​ខែសីហា ពី​តម្លៃ ១ ៨០៨ ដល់ ១ ៦៨៨ ​ដុល្លារ (​ក្នុង ១ ​អោន​ស៍​) ដោយសារ​ឥទ្ធិពល​តម្លៃ​ប្រាក់​ដុល្លារ ដែល​ទទួលបាន​ការគាំទ្រ​ពី​ការដំឡើង​អត្រា​ការប្រាក់​របស់​សហរដ្ឋ​អាមេរិក​។ ងាក​មក​មើល​សេដ្ឋកិច្ច​អាមេរិក​វិញ គឺ​នៅតែ​បន្ដ​បង្កើត​ការងារ ជាមួយ​ការស្រុះស្រួល​គ្នា​ជាមួយ​ធនាគារកណ្តាល ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អតិផរណា ដោយ​ការដំឡើង​អត្រា​ការប្រាក់​លឿន​ជាង​ដៃគូ​របស់ខ្លួន​។​

​ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​បាន​កើនឡើង​ប្រហែល ១៥% សម្រាប់​ឆ្នាំនេះ និង​បាន​ឈានដល់​កម្រិត​ខ្ពស់​រយៈពេល​ ២​ ទសវត្សរ៍​ក្នុង​កម្រិត ១១០,៥៥ កាលពី​ថ្ងៃ​អង្គារ​។ បច្ចុប្បន្ន អត្រា​ការប្រាក់​ដុល្លារ​សហរដ្ឋ​​អាមេរិក គឺ ២,៥%​។ សម្រាប់​ប្រធាន​-​ធនាគារកណ្តាល​សហរ​ដ្ឋ​អាមេរិក លោក Jerome Powell ធ្លាប់បាន​លើកឡើង​នៅក្នុង​សន្និសីទ Jackson Hole ថា ធនាគារកណ្ដាល​សហរ​ដ្ឋ​អាមេរិក​នឹង​បន្ត​គោលនយោបាយ​ដំឡើង​អាត្រា​ការប្រាក់​បន្ថែមទៀត​សម្រាប់​រូបិយប័ណ្ណ​របស់ខ្លួន​។ កិច្ចប្រជុំ​ក្នុងការ​សម្រេច​ដំឡើង​អត្រា​ការ​​ប្រាក់​បន្ទាប់ គឺ​នៅ​ថ្ងៃទី ​២១ ខែ កញ្ញា ​ឆ្នាំ​ ២០២២ ខាងមុខនេះ​។

​តាម​ការវិភាគ​របស់​លោក ឡុង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ភីភី លីង ស៊ី​ឃ្យួ​រី​ធី លោក​បាន​យល់ឃើញថា ធនាគារកណ្ដាល​សហរ​ដ្ឋ​អាមេរិក​នឹង​ដំឡើង​អត្រា​ការប្រាក់​ពី ០,៥០ ទៅ ០,៧៥ បន្ថែមទៀត ហើយ​វា​នឹងធ្វើ​ឱ្យ​តម្លៃ​មាស​មានការ​ប្រែប្រួល​ខ្លាំង និង​អាច​ធ្លាក់ចុះ​បន្ថែមទៀត​ពី​តម្លៃ​បច្ចុប្បន្ន ១ ៦៩៦ ទៅ ១ ៦៥៦​ ដុល្លារ​។ បើ​ធៀប​ទៅនឹង​សេដ្ឋកិច្ច​សកល តម្លៃ​មាស​នឹង​មានការ​​ងើបឡើង​វិញ បន្ទាប់ពី​ធនាគារកណ្ដាល​សហរដ្ឋ​អាមេរិក​ដំឡើង​អត្រា​ការប្រាក់​រួច​។ ដូច្នេះ វិនិយោគិន​គួរ​រង់ចាំ​យូរ​បន្ដិចទៀត ដើម្បី​ទិញ​មាស​នៅ​តម្លៃ​នៅ​ចន្លោះ​ពី ១ ៦៦០ ទៅ ១ ៦៥៦​ ដុល្លារ​៕