
ផ្លែមៀនដែលទើបបេះយកមកលក់នៅផ្សារកណ្ដាល រាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ កម្ពុជាកំពុងរង់ចាំការជូនដំណឹងផ្លូវការពីអាជ្ញាធរចិនពីលទ្ធផលនៃការវាយតម្លៃលើការចុះបញ្ជីកសិដ្ឋាន និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែមៀន ដោយរំពឹងថា ការនាំចេញលើកដំបូងទៅទីផ្សារចិននឹងអាចធ្វើឡើងចាប់ពីខែកញ្ញានេះតទៅ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ៧ ខែកញ្ញាថា ក្នុងគោលបំណងបើកទីផ្សារឱ្យកាន់តែធំ អាជ្ញាធរកម្ពុជាបានធ្វើការចរចាជាមួយប្រទេសមួយចំនួន ដូចជា ចិន វៀតណាម ថៃ ដើម្បីនាំចេញផ្លែមៀនប៉ៃលិន។ សម្រាប់ទីផ្សារវៀតណាម ការនាំចេញជាផ្លូវការបានធ្វើឡើងតាំងពីឆ្នាំ ២០១៩ ។ លោកបន្តថា ដោយឡែកសម្រាប់ទីផ្សារប្រទេសថៃ ដំណើរការចរចាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញ គឺស្ថិតក្នុងដំណើរការចរចានៅឡើយ។
លោកថ្លែងថា៖«ជាមួយប្រទេសចិន យើងកំពុងរង់ចាំការជូនដំណឹងជាផ្លូវការអំពីលទ្ធផលវាយតម្លៃការចុះបញ្ជីកសិដ្ឋាន និងរោងចក្រកែច្នៃ វេចខ្ចប់ ដោយយើងសង្ឃឹមថា ការនាំចេញជាលើកដំបូងទៅប្រទេសចិននឹងអាចធ្វើឡើងក្នុងរដូវប្រមូលផលនេះ គឺចាប់ពីខែកញ្ញានេះតទៅ»។
លោកបន្តថា កម្ពុជាមានមូលដ្ឋានផ្គត់ផ្គង់ផ្លែមៀនគ្រប់គ្រាន់សម្រាប់នាំចេញទៅទីផ្សារចិន ហើយសមត្ថភាពផ្គត់ផ្គង់នេះនឹងកើនឡើងថែមទៀត។
លោក មុន្ធីវុធ បញ្ជាក់ថា៖«ពិពិធកម្មទីផ្សារទៅប្រទេសចិន ដែលជាទីផ្សារមួយដ៏ធំនឹងធ្វើឱ្យខ្សែចង្វាក់តម្លៃដំណាំមៀនប៉ៃលិនកាន់តែមានស្ថិរភាព ផ្តល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខ្សែចង្វាក់តម្លៃ ពិសេសកសិករដាំមៀនប៉ៃលិន»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក សាយ សុផាត បានប្រាប់ថា ដំណើរការនាំចេញមៀនប៉ៃលិនទៅប្រទេសចិននឹងលេចឡើងក្នុងពេលឆាប់ៗ។ បច្ចុប្បន្នការដាំដុះមៀនប៉ៃលិន គឺមាននៅស្ទើរគ្រប់កន្លែងក្នុងប្រទេស ពិសេសបណ្តាខេត្តនៅភាគពាយព្យដូចជា ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ លោកបន្តថា សម្រាប់ខេត្តប៉ៃលិនផ្ទៃដីដាំមៀនប៉ៃលិនក្នុងឆ្នាំ ២០២២ នេះមានប្រមាណ ៣ ៣៦០ ហិកតា។
លោកប្រាប់ថា៖«នៅពេលនេះយើងកំពុងដាក់ការរំពឹងទុកលើការនាំចេញមៀនប៉ៃលិនទៅប្រទេសចិនដោយនៅពេលនេះយើងមានមៀនប៉ៃលិនមួយចំណែកធំហើយស្រាប់ត្រៀមនាំចេញ ខណៈផលអាចប្រមូលបាន គឺមានច្រើននៅក្នុងខែកញ្ញា និង តុលា»។
បន្ថែមលើនេះប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបង លោក ឈឹម វជិរា បាននិយាយថា បច្ចុប្បន្នមន្ទីរកសិកម្មខេត្តកំពុងខិតខំធ្វើការផ្សព្វផ្សាយ និងជំរុញម្ចាស់ចម្ការមៀនប៉ៃលិនក្នុងខេត្តឱ្យមកចុះបញ្ជី និងសហការជាមួយមន្ត្រីជំនាញដើម្បីទទួលបានការបណ្តុះ-បណ្តាលពីបច្ចេកទេសដាំដុះ ថែរក្សា ប្រមូលផល និងការរក្សាទុក ជាដើម ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលរបស់ពួកគាត់ស្របទៅតាមនិយាមដែលភាគីចិនកំណត់សម្រាប់នាំចេញ។
លោកបញ្ជាក់ថា៖ «ការទទួលបានទីផ្សារនាំចេញទៅក្រៅប្រទេស ពិសេសប្រទេសចិននឹងផ្តល់ផលប្រយោជន៍ច្រើនដល់កំណើនប្រាក់ចំណូលរបស់កសិករ ក៏ដូចជាចំណូលសម្រាប់សេដ្ឋកិច្ចជាតិផងដែរ»។
បើតាមលោក វជិរា បច្ចុប្បន្នក្នុងខេត្តបាត់ដំបងមានផ្ទៃដីដាំមៀនប៉ៃលិនប្រមាណ ៦ ៥០០ ហិកតាក្នុងនោះផ្ទៃដីប្រមូលផល ៥ ២០០ ហិកតា។
ប្រធានសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បានឱ្យដឹងថា អ្នកដាំមៀនប៉ៃលិនទាំងអស់សុទ្ធតែមានក្តីរំពឹងខ្ពស់ទៅលើការនាំចេញទៅប្រទេសចិន ដែលជាទីផ្សារធំ។
លោកអះអាងថា៖ «កាលពីខែមុនយើងឮព័ត៌មានពីថ្នាក់ដឹកនាំក្រសួងកសិកម្មថា ការនាំចេញអាចនឹងកើតឡើងក្នុង ៣-៤ សប្តាហ៍ទៀត ប៉ុន្តែមកដល់ពេលនេះ គឺមិនទាន់ឃើញមានការប្រកាសរបស់ក្រសួងទេ។ យើងកំពុងរង់ចាំដែរព័ត៌មាននេះ»។
ម្ចាស់ចម្ការមៀនប៉ៃលិន ចំនួន ៤ ហិកតា ក្នុងខេត្តប៉ៃលិន ១ លោកស្រី ចាន់ ភាព បានប្រាប់ថា ជាទូទៅមៀនប៉ៃលិនត្រូវការពេល ៦ ឆ្នាំទើបឱ្យផល ដោយក្នុងរយៈពេល ៣-៤ ឆ្នាំនេះ ដើមមៀនប៉ៃលិនទាំង ៤ ហិកតារបស់លោកស្រីអាចផ្តល់ផលចន្លោះពី ២៥-៤០ តោន ក្នុង ១ ឆ្នាំ។ ទិន្នផលដែលប្រមូលបាន និងតម្លៃលក់ចេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះធ្វើឱ្យលោកស្រីខាតបង់ជាបន្តបន្ទាប់។ ដោយសារមិនសូវមានទីផ្សារ បច្ចុប្បន្ននៅក្នុងតំបន់លោកស្រីរស់នៅក៏មានកសិករមួយចំនួនបានកាប់ដើមមៀនប៉ៃលិនចោល យកដីដាំដំណាំផ្សេងទៀតដូចជា ស្វាយចន្ទី ដំឡូងមី និងពោត ជាដើម។
ទោះយ៉ាងណា លោកស្រីអះអាងថា៖ «បើមៀនប៉ៃលិនអាចមានទីផ្សារនាំទៅប្រទេសចិននោះគឺជាការល្អ ព្រោះវាអាចជួយឱ្យមៀនប៉ៃលិនបានតម្លៃខ្ពស់ជាងពេលនេះ»។
យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ ២០២១ កម្ពុជាមានផលិតកម្មមៀនប៉ៃលិន ប្រមាណជាង ១,៨ ម៉ឺនហិកតា ដោយបច្ចុប្បន្នអាចប្រមូលផលបានប្រមាណជាង ១៣១ ពាន់តោន ក្នុង ១ ឆ្នាំ៕