
សកម្មភាពលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២២ ប្រមូលចំណូលថវិកាចូលរដ្ឋ បានប្រមាណជិត ៤ ពាន់លាន ដុល្លារ ឬស្មើនឹង ៧០ ភាគរយបើធៀបនឹងច្បាប់ថវិកា ខណៈចំណូលសារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់ ៩៣ ភាគរយនៃចំណូលសរុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្ដីប្រកាសព័ត៌មានស្តីពី «ការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក ២ ប្រចាំឆមាសទី១ ឆ្នាំ ២០២២» ដែលរៀបចំនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ និងមានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២២ ការប្រមូលចំណូលថវិការដ្ឋសម្រេចបាន ១៦ ៤៣០ ពាន់លានរៀល (៣ ៩៨៥,៩៣ លានដុល្លារ)ស្មើនឹង ៧០ ភាគរយ បើធៀបនឹងច្បាប់ថវិកាជាតិ ខណៈចំណូលសារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់ ៩៣ ភាគរយនៃចំណូលសរុប។ ដោយឡែកចំពោះការអនុវត្តចំណាយថវិកាជាតិសម្រេចបាន ១៥ ២៧១ ពាន់លានរៀល(ប្រមាណ ៣ ៧០៤,៧៥លាន ដុល្លារ) ស្មើនឹង ៥៧ ភាគរយបើធៀបនឹងច្បាប់។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ផ្អែកលើលទ្ធផលនៃការតាមដាន និងត្រួតពិនិត្យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆមាសទី១ ឆ្នាំ ២០២២ បង្ហាញថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈកំពុងវិវត្តទៅរកប្រក្រតីភាព និងល្អឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ មានការថមថយក្នុងរយៈពេលចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ភាពបត់បែនការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ និងចីរភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជាមួយគ្នានេះកម្ពុជាក៏កំពុងបន្តសកម្មភាពកែទម្រង់គន្លឹះៗ ដូចជាការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការកសាង និងកែលម្អប្រព័ន្ធ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តស្នូលសំខាន់ៗនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈភាគច្រើនបន្តមានវឌ្ឍនភាព ក៏ដូចជាការសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រផងដែរ។
លិខិតបានបញ្ជាក់ថា៖ «ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក ២ ប្រចាំឆមាសទី១ ឆ្នាំ ២០២២ បានឆ្លុះបញ្ចាំងឱ្យឃើញថា ភាពជឿទុកចិត្តនៃថវិកានៅរក្សាភាពធន់ និងអាចទុកចិត្តបាន តាមរយៈការបន្តពង្រឹងការគ្រប់គ្រងការប្រមូលចំណូល ការធ្វើទំនើបកម្មរដ្ឋបាលចំណូល និងគោលនយោបាយពន្ធ និងការពង្រឹងលើប្រសិទ្ធភាពចំណាយ»។
អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ៧ ខែកញ្ញាថា ការធ្វើកំណែទម្រង់ និងការដាក់ចេញគោលនយោបាយថ្មីៗជាបន្តបន្ទាប់របស់រដ្ឋាភិបាល គឺមិនត្រឹមតែធ្វើឱ្យប្រទេសកម្ពុជារីកចម្រើន និងការទទួលស្គាល់ពីអន្តរជាតិកាន់តែច្រើនប៉ុណ្ណោះទេ សូម្បីតែការប្រមូលចំណូលថវិកាជាតិ ក៏មានសម្ទុះកើនឡើងដែរ។
លោកបន្តថា មានកត្តាចម្បងៗមួយចំនួនកំពុងរួមចំណែកធ្វើឱ្យការប្រមូលចំណូលកើនដែលមានដូចជា កត្តាស្ថិរភាពនយោបាយ, ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព, ការគ្រប់គ្រងចំណូល និងកាត់បន្ថយការលេចធ្លាយចំណូល, ការបើកដំណើរការឡើងវិញនៃអាជីវកម្មដែលទទួលផលប៉ះពាល់ពីកូវីដ ១៩, កំណើនលំហូរវិនិយោគក្រៅប្រទេស ព្រមទាំងការកើនឡើងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ជាដើម។
លោកបញ្ជាក់ថា៖ «នៅពេលការប្រមូលចំណូលបានច្រើន នឹងផ្តល់លទ្ធភាពកាន់តែច្រើនឱ្យរដ្ឋាភិបាលអាចបញ្ចេញថវិកាទៅប្រើប្រាស់សម្រាប់ការវិនិយោគសាធារណៈ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងបង្កើនការទាក់ទាញវិនិយោគិនបរទេស»។
លោកបន្ថែមទៀតថា ក្រៅពីនេះក៏ជួយឱ្យរដ្ឋាភិបាលអាចយកទៅសងបំណុលបរទេស និងបង្កើនប្រាក់សន្សំសម្រាប់ត្រៀមក្នុងករណីមានប្រធានស័ក្តិកើតឡើងផងដែរ៕