
ត្រីជាច្រើនដែលដាក់លក់នៅផ្សារចាស់ ក្នុងក្រុងភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ បន្ទាប់ពីមានកសិដ្ឋានចិញ្ចឹមត្រីប្រា ចំនួន ៣ និងសហគ្រាសកែច្នៃត្រី ១ ត្រូវបានរដ្ឋបាលគយចិនទទួលស្គាល់ការអនុវត្តតាមស្តង់ដានាំចេញទៅប្រទេសចិន បណ្តា គ្រឹះស្ថាន ហិរញ្ញវត្ថុ បានបង្ហាញនូវជំហរថា នឹងបង្កើនការផ្តល់កម្ចីបន្ថែមទៅវិស័យវារីវប្បកម្មសំដៅជួយសម្រួលដល់ចលនាសាច់ប្រាក់ក្នុងការជំរុញការនាំចេញ។
សម្រាប់ការទទួលស្គាល់នេះ គឺបន្ទាប់ពីកម្ពុជា និងចិនបានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញផលវារីវប្បកម្មពីកម្ពុជាទៅទីផ្សារចិនជាផ្លូវការកាលពីថ្ងៃទី ១៦ មីនា ឆ្នាំ ២០២២។
លោក តូច ចៅចេក អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា (CPBank) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែកញ្ញាថា CPBank មានផលិតផលកម្ចីកសិកម្មដែលផ្តោតទៅលើការដាំដុះ និងការចិញ្ចឹមត្រី ហើយសមតុល្យឥណទានចិញ្ចឹមត្រីក៏រីកគ្រាន់បើដែរ ដោយមានប្រហែល ១ ភាគរយនៃសមតុល្យឥណទានសរុបរបស់ធនាគារ។
លោកបានបន្តថា កាលពីថ្ងៃទី ១៥ ខែសីហា CPBank បានចុះកិច្ចព្រមព្រៀងកម្ចីបោះដុំពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សម្រាប់ការផ្តល់កម្ចីបន្តដល់កសិករខ្នាតតូចលើកលែងតែកសិករផលិតស្រូវ។ កិច្ចព្រមព្រៀងនេះធ្វើឡើង ដើម្បីគាំទ្រដល់វិស័យកសិកម្ម និងមួយចំណែកក៏នឹងផ្តល់កម្ចីដល់ការចិញ្ចឹមត្រី ឬវារីវប្បកម្មផងដែរ។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា កិច្ចសហការនេះនឹងជំរុញចំនួនកម្ចីផ្នែកវារីវប្បកម្មឱ្យច្រើនជាងឆ្នាំមុនៗ ដែលមានកំណើន ២០ ភាគរយ ដោយសារការសហការជាមួយ ARDB យើងនឹងមានកំណើនជាងនេះ»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានថ្លែងកាលពីថ្ងៃទី ២៦ ខែសីហា ថា កម្ចីកសិកម្មរបស់អេស៊ីលីដាបានឈរនៅលំដាប់ទី ២ គឺមានរហូត ២០ ភាគរយ ដែលផ្តល់កម្ចីភាគច្រើនទៅឱ្យអ្នកផលិតស្រូវ ស្វាយចន្ទី ពោត សណ្តែក និងចិញ្ចឹមសត្វ (ជ្រូក និងចិញ្ចឹមត្រី)។
លោកឱ្យដឹងថា៖«កម្ពុជានឹងនាំចេញត្រីទៅចិន ហើយអ្នកវិនិយោគកម្ពុជាទាំងអស់ត្រូវចំណាយលើការវិនិយោគរបស់ពួកគេក្នុងការចិញ្ចឹមត្រី។ នេះគឺជាវិស័យដែលយើងកំពុងស្វែងរកការផ្តល់ប្រាក់កម្ចីបន្ថែម»។
ការនាំចេញត្រីប្រាទៅទីផ្សារប្រទេសចិននឹងអាចយឺតយ៉ាវជាងការរំពឹងទុក ដោយសារតែរោងចក្រខ្វះបុគ្គលិកជំនាញក្នុងការកែច្នៃត្រីប្រា និងការផលិតមិនទាន់តាមតម្រូវការ។
លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍កាលពីចុងខែសីហាថា រដ្ឋបាលជលផលកំពុងតែជំរុញក្រុមហ៊ុនក្នុងការពន្លឿនលើការងារនេះ ខណៈខាងក្រុមហ៊ុនក៏កំពុងមមាញឹកក្នុងការកែច្នៃ លើបរិមាណត្រី។ លោកបន្ថែមថា ដំបូងក្រុមហ៊ុនមានគម្រោងកែច្នៃឱ្យបាន ៥ តោនក្នុង ១ ថ្ងៃ ប៉ុន្តែជាក់ស្តែងបានត្រឹមតែ ១ តោន ក្នុង ១ ថ្ងៃ ដោយសារបុគ្គលិករបស់រោង-ចក្រភាគច្រើនជាបុគ្គលិកថ្មីនៅមិនទាន់ថ្នឹកការងារ។
លោកបញ្ជាក់ថា៖«រោងចក្រនេះប្រើប្រាស់កម្លាំងពលកម្មនៅក្នុងស្រុកច្រើន ខណៈដែលអ្នកជំនាញការជាជនជាតិចិន។ដូចនេះកម្មករក្នុងស្រុកយើង ដែលជាអ្នកធ្វើផ្ទាល់មិនទាន់ស្ទាត់ជំនាញ និងមិនមានបទពិសោធលើការងារនេះ ដែលត្រូវការពេល ១-២ខែទៀត ដើម្បីថ្នឹកនឹងការងារនេះ»។
កន្លងទៅកម្ពុជាមិនទាន់មានការនាំចេញផលវារីវប្បកម្មនៅឡើយ ដោយការនាំចេញទៅក្រៅប្រទេសជាប្រភេទត្រីធម្មជាតិ ដែលជាផលនេសាទទឹកសាប។ ក្នុងនោះការនាំចេញផលនេសាទស្រស់ និងកែច្នៃសម្រេចបានជិត ២ ពាន់តោនក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ ថយចុះជាង ២០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ទិន្នផលវារីវប្បកម្មនៅកម្ពុជា ត្រូវរំពឹងថា នឹងកើន ២០ ភាគរយប្រចាំឆ្នាំចាប់ពី ១៨៥ ០០០ តោនទៅ ២៤០ ០០ តោន តាមរយៈការដាក់ចេញផែនការយុទ្ធសាស្ត្រជលផលរបស់ក្រសួងកសិកម្ម៕