ភ្នំពេញៈ រយៈពេល​ជិត ៩ ​ខែ ​នៃ​ការចាប់ផ្តើម​ដាក់​លក់​ជា​ផ្លូវការ​នូវ​ត្រីចក្រ​យានយន្ត​អគ្គិសនី​ដំឡើង​ក្នុងស្រុក Onion T1 ក្រុមហ៊ុន Onion Mobility Co., Ltd អាច​បញ្ចេញ​លក់​បាន​ប្រមាណ ៥០០​ គ្រឿង​រួចមកហើយ ខណៈ​ក្រុមហ៊ុន​បាន​ចាត់ទុក​ជា​ជោគជ័យ​មួយ​របស់​ក្រុមហ៊ុន​ក្នុង​ការជួយ​កាត់បន្ថយ​ការចំណាយ​របស់​អ្នក​ប្រើប្រាស់ ព្រមទាំង​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ទៀតផង​។

Onion Mobility Co., Ltd គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន MVL ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​ក្រុមហ៊ុន​បាន​បញ្ចេញ​ទុន​ដំបូង​ប្រមាណ ២០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩ លើ​ការ​សាងសង់​រោងចក្រ​ដំឡើង​ត្រីចក្រ​យានយន្ត​អគ្គិសនី មាន​ទីតាំង​នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​ដែល​រោងចក្រ​នេះ​មាន​សមត្ថភាព​ដំឡើង Onion T1 បាន ១៥ ​គ្រឿងក្នុង​ ១ ​ថ្ងៃ ឬ​លើសពីនេះ​នៅក្នុង​ករណី​មាន​តម្រូវការ​ទីផ្សារ​កើនឡើង​។

ប្រធាន​ផ្នែក​រដ្ឋបាល និង​ធនធាន​មនុស្ស​ក្រុមហ៊ុន Onion Mobility Co.,Ltd លោក ម៉េត សុផា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៨ ខែកញ្ញា ថា បន្ទាប់ពី​ប្រកាស​ដាក់លក់​កាលពី​ដើមឆ្នាំ​ ២០២២ មាន​អតិថិជន​ច្រើន​បាន​ចាប់អារម្មណ៍​ចំពោះ​ផលិតផល​របស់​ក្រុមហ៊ុន​ ព្រោះ​វា​ជា​ផលិតផល​មាន​គុណភាព​ខ្ពស់ និង​ការចំណាយ​តិច​លើ​ថាមពល​ (​ប្តូរ​អាគុយ​)​។ មកដល់​ពេលនេះ​ក្រុមហ៊ុន​បញ្ចេញ​លក់ Onion T1 បាន​ប្រមាណ​ជាង ៥០០​ គ្រឿង​ហើយ​។

លោក​ថ្លែងថា​៖ «​ក្រៅពី​មាន​ភាព​ធំ​ទូលាយ និង​គុណភាព​ល្អ​ការចំណាយ​លើ​ថាមពល​ក៏ទាប​ខ្លាំង​ដែរ​បើ​ធៀប​នឹង​ត្រី​ចក្រយានយន្ត​ដែល​ប្រើប្រាស់​ប្រេងឥន្ធនៈ ឬ​ហ្គាស ដោយ​ការប្តូរ​អាគុយ​ម្តង Onion T1 អាច​ចំណាយ​ប្រមាណ ១ ​ម៉ឺន​រៀល និង​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ ១២០ ​គីឡូម៉ែត្រ​»​។

បើតាម​លោក សុ​ ក្រៅពី​រោងចក្រ​ដំឡើង​ត្រីចក្រ​យានយន្ត​អគ្គិសនី Onion Mobility Co., Ltd ក៏បាន​សាងសង់ និង​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​បញ្ចូល​ថាមពល​ជាង ១០ ​ទីតាំង​ហើយ​ក្នុង​រាជធានី​ភ្នំពេញ​។ បើតាម​ផែនការ​នៅ​ចុងឆ្នាំ​ ២០២២ ឬ​ដើមឆ្នាំ ​២០២៣ ក្រុមហ៊ុន​នឹង​សង់​ស្ថានីយ​ប្តូរ​អាគុយ​របស់ខ្លួន​តាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា សៀមរាប ព្រះសីហនុ និង​ខេត្តបាត់ដំបង ជាដើម​។

បើតាម​លោក សុផា ក្រៅពី​ OnionT1 ក្រុមហ៊ុន​ក៏មាន​ផែនការ​បង្កើន​ចង្វាក់​ផលិតកម្ម​ ដើម្បី​ដំឡើង​ម៉ូតូ និង​រថយន្ត​អគ្គិសនី​ផងដែរ​។ ​សម្រាប់​ទស្សនវិស័យ​នាពេល​អនាគត​ក្រុមហ៊ុន​នឹង​ពង្រីក​ការចែកចាយ​ទៅ​ប្រទេស​ជិតខាង និង​ក្នុង​តំបន់​។

អ្នក​ប្រកបរបរ​រត់​ត្រីចក្រ​យានយន្ត Onion T1 លោក ចក់ សំបូរ បាន​ប្រាប់ថា លោក​ទើប​ប្តូរ​ពី​ការប្រើប្រាស់​ត្រីចក្រ​យានយន្ត​ប្រើ​ហ្គាស​ (​កង់បី​ឥណ្ឌា​) មក​ប្រើ Onion T1 ប្រហែល​ ៤ ​ខែ​មុន ដោយសារ​ការចំណាយ​ទៅ​ថាមពល​របស់ Onion T1 ​តិចជាង​។ ម្យ៉ាងទៀត​ការទិញ នេះ​ក៏​ក្រុមហ៊ុន​តម្រូវឱ្យ​លោក​បង់ប្រាក់​រំលស់​ក្នុង​កម្រិត​អាច​ទទួល​យក​បានដែរ​។

លោក សំបូរ បាន​និយាយ​ថា​៖ «​ការប្រើប្រាស់​កង់​បី​អគ្គិសនី​នេះ ចំណាយ​តិចជាង​មុន​ច្រើន ហើយ​កន្លែង​ជិះ​ក៏ធំ​ជាង​កង់​បី​ឥណ្ឌា​ដែរ​។ ពេល​ខ្ញុំ​ប្រើ​កង់​បី​ឥណ្ឌា នៅពេល​ហ្គាស​ឡើងថ្លៃ និង​មិនសូវ​មាន​ភ្ញៀវ​ជិះ គឺ​ខ្ញុំ​មិន​មាន​លុយ​សល់​ទេ ហើយ​ពេល​ខ្លះ​គ្មាន​លុយ​បង់​ប្រចាំខែ​ (​បង់-​រំលស់​) ​ឱ្យ​ក្រុមហ៊ុន​ទៀតផង​។

បច្ចុប្បន្ន​ក្រៅពី​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ Onion Mobility Co., Ltd ក្រុមហ៊ុនមេ MVL ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កូរ៉េ ក៏មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ ១​ ទៀត​ឈ្មោះ MVL TADA (Cambodia)Co.,Ltd ដែល​កំពុង​មាន​ប្រតិបត្តិការ​ដំណើរការ​ផលិតផល​ផ្នែក​សេវាកម្ម TADA App ផងដែរ​៕