​យ៉ាង​ហោ​ចណាស់​មាន​គ្រឹះស្ថាន​ចំនួន​ ៨ ​បាន​ចូលរួម​ដេញថ្លៃ​ប្រកបដោយ​ជោគជ័យ​នៃ​ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​លើក​ទី​១​ ដែលមាន​ធនាគារជាតិ​នៃ​កម្ពុជា​ជា​អ្នក​បោះផ្សាយ​ដើម្បី​កៀរគរ​មូលនិធិ​ប្រមាណ ១០០​ ពាន់​លាន​រៀល ឬ​ប្រហាក់ប្រហែល ២៥​ លាន​ដុល្លារ​។​

​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​ការដេញថ្លៃ​មូល​ប​ត្រ​លើក​ទី​១ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ​៧ ​ខែកញ្ញា​នេះ គ្រឹះស្ថាន​ចូលរួម​ចំនួន​៨ ជាមួយ​បរិមាណ​ចូលរួម​ដេញថ្លៃ​សរុប ៤១ ៨០០ ឯក​តា និង​អត្រា​ចំណូល​ដេញថ្លៃ​ឈ្នះ ២,២ ភាគរយ​។

​លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​មូល​ប​ត្រ CSX បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨​ ខែកញ្ញា​​ថា ការបោះ​ផ្សាយ​នេះ​គឺជា​ការធ្វើ​តេស្ត​ទីផ្សារ​មួយ​ដោយ​រាជរដ្ឋាភិបាល​ ដើម្បី​ដឹង​អំពី​តម្រូវការ​ក៏ដូចជា​ការរំពឹងទុក​របស់​ទីផ្សារ​ពាក់ព័ន្ធ​ទៅនឹង​មូល​ប​ត្រ​រដ្ឋ​។ ជាមួយគ្នានេះដែរ ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​នេះ វិ​យោគិន​នៅក្នុង​ទីផ្សារ​មូលធន​ក៏​កាន់​តែមាន​ជម្រើស​ជាច្រើន​ក្នុងការ​វិនិយោគ​របស់​ខ្លួន​ក្រៅ​តែ​អំពី​ការវិនិយោគ​លើ​មូល​ប​ត្រក​ម្មសិ​ទ្ធិ មូល​ប​ត្រ​បំណុល​ឯកជន ហើយ​ឥឡូវនេះ​មាន​មូល​ប​ត្រ​រដ្ឋ​ទៀតផង​ដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​សម្រាប់​លទ្ធផល​ដែល​យើង​បានឃើញ​នេះ មិនមែន​មានន័យថា​អត់​មាន​តម្រូវការ​នោះទេ ខ្ញុំ​គិតថា​អាចមាន​តម្រូវការ​ច្រើនជាង​នេះ ដោយសារ​ខ្ញុំ​គិតថា វិនិយោគិន​មួយចំនួន​គាត់​គិតថា​ដោយសារតែ​មូល​ប​ត្រ​មាន​រយៈពេល​ ១ ​ឆ្នាំ​អាច​ថា​ខ្លី​ពេក ឬ​អាច​យល់ឃើញថា​អត្រា​កូ​ប៉ុង ​២​ ភាគរយ​នេះ​ គឺ​ទាប​ពេក​។ ដូច្នេះ​វិស័យ​ឯកជន​មាន​ជម្រើស​របស់ខ្លួន ហើយ​រដ្ឋាភិបាល​ក៏មាន​ជម្រើស​របស់ខ្លួនដែរ​»​។​

​លោក​បាន​ថ្លែង​បញ្ជាក់ទៀតថា​៖ «​ខ្ញុំ​យល់ឃើញថា​ ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​នេះ​ គឺ​ក្នុង​គោលបំណង​ធ្វើការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ ដូច្នេះ​ទោះបីជា​ការបោះ​ផ្សាយ​ក្នុង​ទំហំ​ណា​ក៏​ជាការ​ស្វាគមន៍​ដែរ​។ ដូច្នេះ​យើង​អាច​ដឹងថា​រដ្ឋាភិបាល​អាចមាន​ប្រភព​ទុន​ផ្សេងទៀត​ដែល​អាច​ទទួលបាន​ក្នុង​កម្រិត​ការប្រាក់​ថោក​។ ម្យ៉ាងទៀត គម្រោង​របស់​រាជរដ្ឋាភិបាល​ក្នុងការ​កៀរគរ​ទុន​ ៣០០​ លាន​ដុល្លារ ​គឺជា​ទឹកប្រាក់​អតិបរមា​ដែល​រាជរដ្ឋាភិបាល​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋសភា​ក្នុងការ​កៀរគរ​ទុន​ពី​ទីផ្សារ​មូល​ប​ត្រ»​។​

​ក្នុង​សន្និសីទ​ជាតិ​ស្តីពី​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​កាលពី​ថ្ងៃទី ១៦ ខែឧសភា​កន្លងមក លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានប្រសាសន៍ថា ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​នេះ នឹង​អាចធ្វើឱ្យ​រដ្ឋ​ប្រមូល​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​

​លោក​បញ្ជាក់ថា​៖ «​មូល​ប​ត្រ​បំណុល​រដ្ឋាភិបាល​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ប្រជាប្រិយភាព​នៅលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) និង​ផ្តល់នូវ​ទិន្នន័យ​គោល​សម្រាប់​ការជួញដូរ​មូល​ប​ត្រ​សាជីវកម្ម និង​ការវិភាគ​ហិរញ្ញវត្ថុ ដូចដែល​បាន​អនុវត្ត​នៅក្នុង​ប្រទេស​ដែលមាន​វិស័យ​មូល​ប​ត្រ​ដែល​កំពុង​រីកចម្រើន​»​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់ NBC ចុះ​ថ្ងៃទី​ ៥ ខែកញ្ញា​នេះ​ បាន​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា​សូម​ជម្រាបជូន​ដំណឹង​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជ្រាបថា ការដេញថ្លៃ​មូល​ប​ត្រ​រដ្ឋ​លើក​ទី​១ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ ទី ​៧ ខែកញ្ញា នេះ​តាមរយៈ​ប្លាត​ហ្វ​ម​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBCP) ចាប់ពី​ម៉ោង​ ៨​ ព្រឹក ដល់​ម៉ោង ២​ រសៀល​។ សម្រាប់​មូល​ប​ត្រ​រដ្ឋ​នេះ មានតម្លៃ​ចា​រឹក​ចំនួន ១ ​លាន​រៀល ​(២៥០ ​ដុល្លារ​)​ ក្នុង​ ១​ បណ្ណ ហើយ​វិនិយោគិន​ដែល​ទិញ​មូល​ប​ត្រ​នេះ​នឹង​ទទួលបាន​អត្រា​ការប្រាក់ ២​ ភាគរយ​ថេរ​ក្នុង​ ១ ឆ្នាំ ដែល​នឹង​ទូទាត់​ឱ្យ​ក្នុង​រយៈពេល ៦ ​ខែម្តង​៕