​ភ្នំពេញៈ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​រ៉ូយ៉ាល់​គ្រុប​ (PPSEZ) ដែល​បាន​ចុះបញ្ជី​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា បានប្រកាស​កំណើន​ចំនួន​ការងារ​ជា​បន្តបន្ទាប់​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​ ១២០ នៅ​តំបន់​សេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​រយៈពេល​ជាង​ ២​ ឆ្នាំ​ចុងក្រោយ​នេះ ទោះបីជា​មានការ​រីក​រា​ល​ដាល​ជំងឺ​កូ​វីដ ​១៩ ក៏ដោយ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន PPSEZ​ ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​កាលពី​ថ្ងៃទី​ ៨ ខែកញ្ញា បានឱ្យដឹងថា ទោះបី​រយៈពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​ ដែល​ក្រុមហ៊ុន​ឯកជន​ជាច្រើន​បាន​ទទួលរង​ផលប៉ះពាល់ និង​កាត់បន្ថយ​បុគ្គលិក​មួយចំនួន​ក៏ដោយ ក៏​ខ្លួន​បាន​មើលឃើញ​ការងារ​កើន​ឡើងជា​បន្ត​បន្ទាប់ពី​បុគ្គលិក​ចំនួន​ ២១ ៥៨៥ នាក់​ កាលពី​ឆ្នាំ ២០១៩, បុគ្គលិក​ចំនួន ២៦ ៤៤៤ នាក់​ កាលពី​ឆ្នាំ ២០២០, បុគ្គលិក​ចំនួន ៣៤ ១៧៩ នាក់ កាលពី​ឆ្នាំ ២០២១, និង​បុគ្គលិក​ចំនួន ៤០ ០២៦ នាក់ គិត​ត្រឹម​ខែសីហា ឆ្នាំ​ ២០២២​។ ចំនួន​នេះ​កើនឡើង ៨៥,៤៣ ​ភាគរយ​ បើ​ធៀប​ទៅនឹង​ចំនួន​កម្មករ​មុនពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។

​តំបន់​សេដ្ឋកិច្ច​មួយ​នេះ​ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​លើកឡើងថា​៖ «​ដោយមាន​ស្ថិរភាព​នយោបាយ និង​សង្គម បូក​រួមទាំង​ការគាំទ្រ​ជា​បន្ត​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បរិយាកាស​អាជីវកម្ម​ល្អប្រសើរ​សម្រាប់​វិនិយោគិន ត្រូវបាន​បង្កើតឡើង ហើយ​យើង​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​ផ្តល់​សេវាកម្ម​ល្អ​បំផុត​របស់​យើង​ដល់​វិនិយោគិន​ទាំងអស់ ដែល​នឹង​បង្កើត​ឱកាស​ការងារ​ជា​បន្តបន្ទាប់ បន្ថែមទៀត​សម្រាប់​ប្រជាជន​កម្ពុជា​។ នេះ​ជា​អ្វីដែល​យើង​មាន​មោទនភាព​ក្នុងនាម​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស និង​អ្វីដែល​យើង​ហៅថា​សមិទ្ធផល​ដ៏​ធំ​បំផុត​របស់​យើង​»​។

​លោក UEMATSU Hiroshi អគ្គនាយក​ក្រុមហ៊ុន Royal Group Phnom Penh SEZ PLC បានឱ្យដឹងថា មានការ​កើនឡើង​ការងារ​ថ្មី​ក្នុង​វិស័យ​កាត់ដេរ និង​វាយនភណ្ឌ​ជាច្រើន​ក្នុងអំឡុងពេល​ដ៏​លំបាក​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ខណៈដែល​ក៏មាន​ការកើនឡើង​ចំនួន​ការងារ​នៅក្នុង​វិស័យ​ជាច្រើន​ផ្សេងទៀត​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ក្នុងចំណោម​កម្មករ​ចំនួន ៤០ ០២៦ នាក់ វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ​ផ្ដល់​ការងារ​ដល់ក​ម្មករ​ភាគច្រើន ចំនួន​ ៤១,៩១ ភាគរយ​បន្ទាប់មក វិស័យ​អេឡិចត្រូនិក និង​អគ្គិសនី​ចំនួន ២៣,៦៩ ភាគរយ វិស័យ​គ្រឿងបន្លាស់​រថយន្ត​ចំនួន ១៥,៤៨ ភាគរយ និង​វិស័យ​ប៉ូ​លា​ពេជ្រ​ចំនួន ៦,៤៥​ ភាគរយ​»​។​

​លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group Phnom Penh SEZ PLC បានឱ្យដឹងថា ចំនួន​កម្មករ​សរុប​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​រ៉ូយ៉ាល់​គ្រុប​បន្ត​កើនឡើង ទោះបីជា​នៅក្នុង​អំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ក៏ដោយ​។​

​លោក​បានឱ្យដឹងថា ការកើនឡើង​នេះ​នឹង​មិនអាច​សម្រេច​បានទេ​ប្រសិនបើ​គ្មាន​រដ្ឋាភិបាល​ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព និង​ជា​យុទ្ធសាស្ត្រ ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​ ១៩​។​

​ក្រុមហ៊ុន តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​រ៉ូយ៉ាល់​គ្រុប (PPSEZ) បាន​នាំចេញ​ទំនិញ​មានតម្លៃ ៤៩២,៧​ លាន​ដុល្លា រ​ក្នុង​រយៈពេល ​៧ ​ខែ​​ឆ្នាំនេះ កើនឡើង​ ២៩ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ​។​

​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ បាន​បង្ហាញថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​សរុប ២៧,២៤៤ ពាន់​លាន​ដុល្លារ កើនឡើង​ ២០,១៥៨ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ក្នុងនោះ​ការនាំ​ចូល​បាន​កើនឡើង ១១,៩១៣ ​ភាគរយ សម្រេចបាន​ទឹកប្រាក់​ប្រមាណ​ ១៥,៨៦៥ ​ពាន់​លាន​ដុល្លារ ខណៈ​ការនាំចេញ​មានតម្លៃ ១១,៣៧៩ ពាន់​លាន​ដុល្លារ កើនឡើង​ ៣៣,០១៣ ភាគរយ​៕