
កសិករប្រមូលកំពុងហាលម្រេច ក្រោយប្រមូលផលនៅខេត្តកំពង់ចាម នាពេលកន្លងទៅ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ស្របពេលដែលតម្លៃនាំចេញម្រេចកំពុងតែធ្លាក់ថ្លៃខ្លាំង ប្រជាកសិករដាំម្រេចបានរក្សាស្តុកទុកដោយរំពឹងថា តម្លៃម្រេចនឹងងើបឡើងវិញនាពេលឆាប់ៗខាងមុខ។ ការនាំចេញម្រេចនៅក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២២ នេះ ធ្លាក់ចុះប្រមាណចំនួន ៧០ ភាគរយ ដោយសារម្រេចធ្លាក់ថ្លៃខ្លាំងពី ១៥ ០០០ រៀល មកនៅត្រឹម ១២ ០០០ រៀល។
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ថ្លែងប្រាប់នៅថ្ងៃព្រហស្បតិ៍ ទី ៧ កញ្ញាថា កត្តាចម្បងដែលនាំឱ្យការនាំចេញម្រេចក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២ នេះធ្លាក់ចុះរហូតដល់ ៧០ ភាគរយ គឺដោយសារម្រេចមានតម្លៃថោក ហើយកសិករហាលទុកស្តុកលក់ នៅពេលដែលម្រេចមានតម្លៃខ្ពស់វិញ។
លោកថ្លែងដូច្នេះថា៖ «តម្លៃធ្លាក់ចុះ ដូច្នេះធ្វើឱ្យកសិករអត់លក់ចេញទេ។ នៅពេលដែលកសិករអត់លក់ចេញ ឈ្មួញអត់មានអីវ៉ាន់នាំចេញនោះទេ។ នេះជាកត្តាសំខាន់ជាងគេ ដោយសារបើប្រៀបធៀបតម្លៃឆ្នាំកាលពីឆ្នាំទៅ ក្នុងខែនេះតម្លៃម្រេច ១ គីឡូថ្លៃ ១៥ ០០០ រៀល តែឥឡូវថ្លៃតែ ១២ ០០០ រៀលជាង ហើយកសិករគិតថា តម្លៃនឹងប្រសើរឡើងវិញនៅពេលខាងមុខ ដូច្នេះគាត់អត់បានលក់ចេញទេ គាត់ហាលទុក»។
បើយោងតាម លោក ម៉ាក់ នី នៅក្នុងឆ្នាំ ២០២២ នេះ មានកសិករមួយចំនួន ដែលសម្រេចលក់ម្រេចចេញក្នុងរង្វង់ ៣០ ភាគរយ ដើម្បីយកថវិកាទៅទូទាត់ការចំណាយផ្សេងៗ។ លោកបន្ថែមថា មូលហេតុដែលម្រេចធ្លាក់ថ្លៃនៅឆ្នាំ ២០២២ នេះ ដោយសាររងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យតម្រូវការប្រើប្រាស់មានការធ្លាក់ចុះដែរ។
លោកមានប្រសាសន៍ដូច្នេះថា៖ «ជាធម្មតាម្រេចជាអាហារសម្រាប់ហូប។ ប្រសិនជាអត់មានភ្ញៀវដើរហូបចុក ឬក៏តម្រូវការអត់កើនឡើងទេ ដូច្នេះវាធ្វើឱ្យតម្លៃធ្លាក់ចុះហើយ»។
លោកបន្តថា បច្ចុប្បន្នទីផ្សារម្រេចត្រូវបាននាំចេញទៅវៀតណាម ៨០ ភាគរយ ថៃជាង ១០ ភាគរយ ហើយក្រៅពីទីផ្សារទាំង ២ នេះ គឺនាំចេញទៅប្រទេសនៅសហភាពអឺរ៉ុប។ ចំណែកទាក់ទងនឹងទិន្នផលឆ្នាំនេះវិញ លោកថា ទទួលបានប្រហាក់ប្រហែលនឹងឆ្នាំ ២០២១ ដែរ។
លោក អ៊ី ចាន់ធី អាយុ ៦៣ ឆ្នាំ កសិករដាំម្រេចជាងកន្លះហិកតា នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ម្រេចឆ្នាំ ២០២២ នេះ មិនត្រឹមតែតម្លៃធ្លាក់ចុះនោះទេ ថែមទាំងមានបញ្ហាងាប់ដើមសឹងគ្រប់ចម្ការទាំងអស់ នៅក្នុងតំបន់របស់លោក។ លោកថា ម្រេចរបស់លោកមានចំនួនជាង ៥ ពាន់ជន្លង់ ហើយបច្ចុប្បន្នងាប់អស់នៅសល់ត្រឹម ១ ពាន់ជន្លង់ប៉ុណ្ណោះ។
លោកថ្លែងដូច្នេះថា៖ «បច្ចុប្បន្នតម្លៃ ១២ ០០០ រៀល ក្នុង ១ គីឡូក្រាមអត់ចំណេញទេ គឺខាត។ ខាតត្រង់ថា ជី ១ បេ ជាង ១០ ម៉ឺនរៀល ហើយមិនមែនដាក់ម្តងនោះទេ នៅត្រូវបាញ់ទឹក នៅថ្លៃជម្រះស្មៅអីទៀត ដូច្នេះគិតទៅមិនចំណេញទេ»។
លោកបន្តថា កាលពីមុនម្រេចលូតលាស់ល្អ ក្នុង ១ ជន្លង់ អាចបេះបាន ៤ គីឡូក្រាម ប៉ុន្តែបច្ចុប្បន្ននៅសល់ត្រឹម ១ គីឡូក្រាមប៉ុណ្ណោះ។ ដោយហេតុនេះហើយ កសិកររូបនេះ បានងាកទៅដាំដំណាំហូបផ្លែផ្សេងៗទៀតវិញ។
លោកថ្លែងដូច្នេះថា៖ «អត់មានគិតថែម្រេចទៀតទេ គិតតែដាំកូនឈើ ដាំត្របែក ដាំម្នាស់។ ដំណាំអស់នេះ វាឱ្យផលក្នុងរយៈពេលពី ២ ទៅ ៣ ខែ។ ចេះតែដាំទៅ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញម្រេចក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ នេះ សម្រេចបានចំនួនជិត ៧ ពាន់តោន ធ្លាក់ចុះប្រមាណ ៧០ ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១៕