
រថភ្លើងរបស់ក្រុមហ៊ុន Royal Railway Plc។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ និយតករមូលបត្រកម្ពុជា (SERC) កំពុងពិនិត្យសំណើស្នើសុំពិនិត្យលទ្ធភាពចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន Royal Railway Plc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Royal Group បន្ទាប់ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានផ្តល់ការយល់ព្រមជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពចុះបញ្ជីលក់មូលបត្របំណុល ដើម្បីប្រមូលមូលនិធិប្រមាណ ១០ លានដុល្លារ សម្រាប់ពង្រីកអាជីវកម្ម។
ការចុះបញ្ជីរបស់ Royal Railway នឹងក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធទី ២ របស់ Royal Group បន្ទាប់ពី Telcotech Cambodia ជាក្រុមហ៊ុនទី ១ ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយខ្សែកាបអុបទិកក្រោមបាតសមុទ្របានចុះបញ្ជីលក់មូលបត្របំណុលកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១ ដោយបានប្រមូលមូលនិធិ ៨០ ពាន់លានរៀល (២០ លានដុល្លារ)។
ផ្សារមូលបត្រកម្ពុជា (CSX) បានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី ៧ កញ្ញាថា ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ម.ក ជាក្រុមហ៊ុនទី ១ ដែលទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលនៅលើផ្សារហ៊ុន នៅឆ្នាំ ២០២២ នេះ។
«ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ CSX ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្របំណុលពីនិយតករមូលបត្រកម្ពុជា (SERC) និងត្រូវបំពេញលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ CSX។ ផ្សារមូលបត្រកម្ពុជាសូមជូនដំណឹងថា Royal Railways គឺជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលដំបូងគេ ដែលបានទទួលការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលពី CSX នៅក្នុងឆ្នាំ ២០២២»។ នេះបើយោងតាម CSX។
លោក ស៊ូ សុជាតិ អគ្គនាយក SERC បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ កញ្ញាថា បច្ចុប្បន្ន SERC កំពុងពិនិត្យមើលសំណើចុះបញ្ជីរបស់ Royal Railway ហើយស្នើឱ្យមានការកោះប្រជុំមួយ ដើម្បីបានការអនុម័តពីគណៈកម្មាធិការសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
លោកថ្លែងថា៖ «បន្ទាប់ពីផ្សារមូលបត្រកម្ពុជាបានឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន Royal Railway នៅពេលនេះយើងកំពុងពិនិត្យមើលសំណើរបស់ពួកគេ។ យើងនឹងស្នើទៅគណៈកម្មាធិការសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់ការឯកភាព។ នៅពេលនេះយើងមិនអាចនិយាយអ្វីបានទេ ដូច្នេះយើងនឹងផ្តល់ព័ត៌មានបន្ទាប់ពីការប្រជុំរួច»។
លោកស្រី គឹម សុផានីតា ប្រធានផ្នែកប្រតិបត្តិការទីផ្សារនៅ CSX បានប្រាប់ថា ក្រុមហ៊ុន Royal Railway គ្រោងនឹងបោះផ្សាយមូលបត្របំណុលជាប្រាក់រៀលរយៈពេលវែង ដែលស្មើនឹង ១០ លានដុល្លារអាមេរិក។
លោកស្រីថ្លែងថា៖ «ខ្ញុំជឿថា ទីផ្សារមូលធន គឺជាច្រកផ្តល់ហិរញ្ញប្បទានដ៏ល្អបំផុត សម្រាប់ក្រុមហ៊ុនបែបនេះក្នុងការស្រូបយកដើមទុនដែលត្រូវការពីសាធារណជន ដែលទាំងអស់គ្នានឹងប្រើប្រាស់ ឬទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបែបនេះនាពេលអនាគត»។
គួរកត់សម្គាល់ថា Royal Railway ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៥ និងទទួលបានសម្បទានពីរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ Royal Railway ជាក្រុមហ៊ុនតែ ១ គត់ដែលបម្រើសេវាកម្មដឹកជញ្ជូនតាមរថភ្លើងរួមមាន ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។
បច្ចុប្បន្នក្រុមហ៊ុននេះ មានខ្សែរថភ្លើង ២ ខ្សែ ដែលមានប្រវែងសរុប ៦៥០ គីឡូម៉ែត្រ ដែលខ្សែទី១ តភ្ជាប់ពីទីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ និងខ្សែទី២ ពីទីក្រុងភ្នំពេញទៅក្រុងប៉ោយប៉ែត។
យោងតាម SERC នៅចុងខែមិថុនាមានក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ក្នុងនោះក្រុមហ៊ុន ៧ ចុះបញ្ជីលើទីផ្សារកំណើន និង ២ ចុះបញ្ជីលើទីផ្សារគោល។ ក្រុមហ៊ុនចំនួន ៧ បានចេញលក់មូលបត្របំណុលសាជីវកម្មនៅលើ CSX៕