អ្នកជំនួញ និងអ្នកសេដ្ឋកិច្ច មានសុទិដ្ឋិនិយមថា ការជំរុញឱ្យបង្កើតអគ្គលេខាធិការដ្ឋានស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅកម្ពុជា ទំនងនឹងអាចលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងសៀមរាប។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្តល់ជាយោបល់ទៀតថា កម្ពុជាគួរប្រើឱកាសនេះបន្ថែមទៀត ក្នុងការជំរុញឱ្យលេចចេញវត្តមានការិយាល័យ RCEP ខណៈកម្ពុជា ទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធពេញមួយសប្ដាហ៍ ដោយមានការចូលរួមពីប្រទេសសេដ្ឋកិច្ចនាំមុខ និងប្រទេសដៃគូ (RCEP) នេះតែម្ដង។
លោកថ្លែងថា៖ «នេះជាឱកាសល្អក្នុងនាមកម្ពុជា ជាប្រធានអាស៊ានដឹកនាំកិច្ចប្រជុំនេះ នឹងអាចសម្របសម្រួលដោះស្រាយបញ្ហាជាច្រើន ដែលប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកំពុងតែកើតមាននៅក្នុងតំបន់ និងសកល។ ហើយមួយវិញទៀតខ្ញុំជឿថា នឹងមានការជំរុញពិភាក្សាគិតគូរ លើការបង្កើតការិយាល័យអគ្គលេខាធិការដ្ឋាន (RCEP) នៅកម្ពុជា បន្ទាប់ពីមានការស្នើសុំពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
កាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើរដ្ឋាភិបាលចិន ឱ្យគាំទ្រគំនិតផ្តួចផ្តើមបង្កើតលេខាធិការដ្ឋាននៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅរាជធានីភ្នំពេញ ព្រោះចិនជាសមាជិកមួយនៅក្នុងកិច្ចព្រមព្រៀងនេះដែរ។
លោកឧកញ៉ា លឹម ហេង បន្តថា ដើម្បីអនុវត្តកិច្ចព្រមព្រៀង RCEP ឱ្យមានភាពរលូន ចាំបាច់បំផុតត្រូវមានវត្តមានអគ្គលេខាធិការដ្ឋាន RCEP ដាច់ដោយឡែកមួយ ដើម្បីសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព។
លោកថា៖ «វត្តមានអគ្គលេខាធិការដ្ឋាន RCEP មិនខុសពីយើងមានអគ្គលេខាធិការអាស៊ាននោះទេ ហើយកម្ពុជាក៏ទទួលបានប្រយោជន៍សេដ្ឋកិច្ចដោយឡែកពីអគ្គលេខាធិការ RCEP ក្នុងការបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច»។
RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោក ដោយមានប្រជាជនសរុបប្រមាណ ២,២៧០លាននាក់ ទំហំសេដ្ឋកិច្ចសរុប ២៦ទ្រីលានដុល្លារអាមេរិក ទំហំនាំចេញសរុប ៥,២ទ្រីលានដុល្លារអាមេរិក ត្រូវជា ៣០ភាគរយ នៃទំហំសរុបលើពិភពលោក។
គួរជម្រាបជូនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្តល់កិត្តិយសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅថ្ងៃទី១៤ និង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាលើកយកប្រធានបទនេះមកជជែកជារឿងល្អមែនទែន ដែលឆ្លើយតបនឹងបរិបទជាក់ស្ដែង។ លោកថា៖ «ជាក់ស្ដែងប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ កំពុងប្រញាប់ប្រញាល់រៀបចំសេដ្ឋកិច្ចរបស់ប្រទេសខ្លួនស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច បន្ទាប់ពីរងគ្រោះដោយសារកូវីដ១៩ អំឡុងឆ្នាំ២០២០ និងឆ្នាំ ២០២១ ដែលថយចុះប្រាក់ចំណូលជាតិ និងកើនឡើងយ៉ាងគំហុកនៃប្រាក់ចំណាយ។ តួយ៉ាង កម្ពុជាបានចំណាយថវិកាជិត ៣ពាន់លានដុល្លារលើការគ្រប់គ្រងកូវីដ១៩ រួមទាំងការទិញវ៉ាក់សាំង»។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ ដៃគូនានារបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងពន្លឿន ការស្តារសេដ្ឋកិច្ចឡើងវិញ ជម្នះរាល់បញ្ហាដែលអាស៊ានកំពុងប្រឈម។
រយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ កិច្ចប្រជុំជាច្រើនត្រូវបានរៀបចំឡើង។ ជាក់ស្ដែង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និង កិច្ចប្រជុំពិគ្រោះយោបល់ដទៃទៀត រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និង ដៃគូសន្ទនាអាស៊ាន។
កិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងដៃគូសន្ទនាអាស៊ាន រួមជាអាទិ៍៖ កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងសហព័ន្ធរុស្ស៊ី រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងប្រទេសចិន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា (រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ានបូកនឹង ៨ ប្រទេស) រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងប្រទេសជប៉ុន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងចក្រភពអង់គ្លេស រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និង សហរដ្ឋអាមេរិក ព្រមទាំងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងសហភាពអឺរ៉ុប, និងកិច្ចប្រជុំរដ្ឋមន្ត្រី អាសិប (RCEP)៕