
អ្នកចិញ្ចឹមត្រីនៅតែប្រឈមថ្លៃដើមខ្ពស់ ទោះបីត្រីឆ្នាំនេះហាក់មានតម្លៃនឹងនរជាងឆ្នាំមុនក៏ដោយ។ ហេង ជីវ័ន
អ្នកចិញ្ចឹមត្រីបានអះអាងថា តម្លៃត្រីចិញ្ចឹមក្នុងស្រុកនៅឆ្នាំ ២០២២ នេះហាក់មានទីផ្សារប្រសើរជាងឆ្នាំមុន ប៉ុន្តែពួកគេនៅតែប្រឈមបញ្ហាថ្លៃដើមឡើងថ្លៃទ្វេដង ដែលធ្វើឱ្យពួកគេមិនអាចទទួលបានប្រាក់ចំណេញពីមុខរបរនេះនោះទេ។
លោក លក លឿន កសិករចិញ្ចឹមត្រីចំនួន ៤០ ស្រះ នៅខេត្តកំពង់ចាម បានប្រាប់ថា ត្រីឆ្ដោឆ្នាំនេះមានតម្លៃ ១២ ០០០ រៀល ក្នុង ១ គីឡូក្រាម ហើយបច្ចុប្បន្នលោកកំពុងចិញ្ចឹមត្រីត្រៀមលក់ក្នុងអំឡុងពេលភ្ជុំបិណ្ឌចំនួន ៣០តោន ហើយគាត់មិនសង្ឃឹមតម្លៃត្រីនឹងហក់ឡើងនោះទេ ទោះបីជាឆ្នាំ ២០២២ នេះជំងឺកូវីដ ១៩ ហាក់ធូរស្បើយក៏ដោយ។
លោកថ្លែងដូច្នេះថា៖ «តម្លៃត្រីឆ្នាំនេះ បើត្រីឆ្ដោមានតម្លៃមិនប្រែប្រួលនោះទេ គឺមានតម្លៃ ១២ ០០០ រៀល ក្នុង ១ គីឡូក្រាម ប៉ុន្តែចំណែកត្រីប្រាវិញធ្លាក់ថ្លៃក្នុង១គីឡូក្រាម ៣០០ រៀល ឆ្នាំនេះលក់បានតែ ៤ ០០០ រៀលទេ។ ឆ្នាំទៅលក់បាន ៤ ៣០០ រៀល។ មូលហេតុដោយសារយើងចិញ្ចឹមក្នុងស្រុកច្រើន ឆ្នាំមុនៗកសិករខាតត្រីឆ្ដោ ហើយងាកមកចិញ្ចឹមត្រីប្រាវិញ។ ដូច្នេះទីផ្សារតូចចង្អៀតផង ដល់ចិញ្ចឹមលើសបរិមាណទីផ្សារ ដូច្នេះធ្វើឱ្យតម្លៃត្រីធ្លាក់ចុះ»។
លោកបន្តថា នៅឆ្នាំ ២០២២ នេះ លោកចិញ្ចឹមត្រីប្រា ត្រីពោ និងត្រីឆ្ដោ ហើយលោកចិញ្ចឹមត្រីទាំងអស់នេះវិលជុំ ដោយមិនប្រមូលផលជាន់គ្នានោះទេ ដើម្បីកុំឱ្យកកស្ទះទីផ្សារ ព្រោះរយៈពេល២ឆ្នាំកន្លងមកគាត់តែងតែជួបប្រទះបញ្ហាទីផ្សារ ដែលធ្វើឱ្យខាតបង់អស់ជាង ៣០ ម៉ឺនដុល្លារក៏មាន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំចាប់លក់ ១ ខែម្តង ២ ខែម្តង ដើម្បីកុំឱ្យជាន់គ្នា ហើយកុំឱ្យតម្លៃធ្លាក់ចុះ។ ប៉ុន្តែនៅភ្ជុំបិណ្ឌចុងខែនេះ តម្លៃត្រីនៅតែដដែលទេ។ វាមិនឡើង ក៏វាមិនចុះដែរ ប៉ុន្តែយើងមិនដឹងថា ឈ្មួញយកទៅលក់បន្តទៀតគាត់ដំឡើងថ្លៃយ៉ាងម៉េចទៀត យើងអត់ដឹងទេ។ សម្រាប់អ្នកចិញ្ចឹមអត់ដំឡើងថ្លៃទេ តម្លៃនៅដដែលទេ»។
លោកបន្ថែមថា កាលពីឆ្នាំ ២០២១ ក្នុងអំឡុងខែកញ្ញានេះ ត្រីឆ្ដោមានតម្លៃត្រឹមតែ ៩ ៥០០ រៀលប៉ុណ្ណោះ ហើយធ្វើឱ្យកសិករមួយចំនួនបានបោះបង់ការចិញ្ចឹមត្រីឆ្ដោ មកចិញ្ចឹមត្រីប្រាវិញនៅឆ្នាំ ២០២២ នេះ ដោយសារមានត្រីឆ្ដោនាំចូលពីក្រៅប្រទេសច្រើន។
កសិករូបនេះអះអាងថា ទោះបីជាតម្លៃងើបឡើងបន្តិចនៅឆ្នាំនេះក៏ដោយ ក៏ក្នុងរយៈពេល ២ ឆ្នាំចុះក្រោយនេះមានកសិករប្រមាណ ៤០ ភាគរយ បានបោះបង់ការចិញ្ចឹមត្រី ដោយសារជួបបញ្ហាទីផ្សារ ចំណីចិញ្ចឹមត្រីឡើងថ្លៃទ្វេដង ប៉ុន្តែតម្លៃត្រីងើបឡើងតិចតួចប៉ុណ្ណោះ។
ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ លោក លឿន បានកែច្នៃចំណី ដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម។ លោកថ្លែងដូច្នេះថា៖«យើងកែច្នៃចំណីដោយខ្លួនឯងខ្លះទៅ ហើយយើងប្រើចំណីរោងចក្រខ្លះទៅ។ បើយើងប្រើចំណីរោងចក្រទាំងអស់ គឺអត់មានប្រាក់ចំណេញនោះទេ ខាតតែម្តង»។
កន្លងមកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានលើកឡើងតាមរយៈហ្វេសប៊ុករបស់ខ្លួនពីបញ្ហាប្រឈមមួយចំនួនក្នុងវិស័យវារីវប្បកម្មនេះផងដែរ មានដូចជា ចំណីឡើងថ្លៃ ផលិតលើសត្រូវការ ពិបាកប្រកួតប្រជែងជាមួយត្រីដែលនាំចូល ដែលមានតម្លៃថោកជាង និងទីផ្សារគ្មានស្ថិរភាព។
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ រដ្ឋាភិបាលដាក់ចេញគោលនយោបាយជំរុញវារីវប្បកម្ម ក្នុងបំណងបង្កើនផលិតភាពវារីវប្បកម្មក្នុងស្រុកឱ្យមានការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព និងបង្កើនតម្លៃបន្ថែម មានដូចជា កាត់បន្ថយការនាំចូល ដោយជំនួសមកវិញដោយការបញ្ជាទិញត្រីនៅតាមកសិដ្ឋាន តាមស្រះ និងផ្តល់ការគាំទ្របច្ចេកទេស លើកកម្ពស់ការកែច្នៃផលវារីវប្បកម្មឆ្លើយតបតាមស្តង់ដាគុណភាព និងសុវត្ថិភាព ដើម្បីប្រកួតប្រជែងក្នុងបរិបទពាណិជ្ជកម្មសេរី។
នាពេលថ្មីៗ កសិដ្ឋានចិញ្ចឹមត្រីប្រាចំនួន ៣ និងសហគ្រាសកែច្នៃត្រីចំនួន ១ ត្រូវបានរដ្ឋបាលគយចិនអនុម័តទទួលស្គាល់ឱ្យនាំចេញផលិតផលត្រីប្រាទៅប្រទេសចិន នាពេលខាងមុខឆាប់ៗនេះ ក្រោយសហគ្រាស និងកសិដ្ឋានចិញ្ចឹមត្រីទាំងអស់នេះ បានអនុវត្តតាមបច្ចេកទេស អនាម័យ និងសុវត្ថិភាព។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម ឆ្នាំ២០២១ កម្ពុជាផលិតផលវារីវប្បកម្មបានចំនួន ៣៤៨ ៣៥០ តោន ផលិតកូនត្រីពូជបាន ៣២៤ លានក្បាល ចិញ្ចឹមក្រពើបាន ២៩២ ១០០ ក្បាល បង្កើតបណ្តុំវារីវប្បករចំនួន ៣២៦កន្លែង មានសមាជិកចំនួន ១១ ០០០ នាក់៕