
កសិករបាចស្រូវបង្កបង្កើនផល នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ អ្នកជំនួញក្នុងវិស័យកសិកម្ម និងអ្នកសេដ្ឋកិច្ចបានអះអាងថា «សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០» ដែលទើបត្រូវរដ្ឋាភិបាលអនុម័តកាលពីចុងសប្តាហ៍មុននឹងក្លាយជាផែនទីចង្អុលផ្លូវក្នុងការរួមចំណែកជំរុញការដាំដុះ វិនិយោគ និងឈានដល់ការនាំចេញទៅទីផ្សារអន្តរជាតិបានកាន់តែច្រើន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី ៩ ខែកញ្ញា ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា «សេចក្តីព្រាងគោលនយោបាយជាតិ-អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០» ត្រូវបានរៀបចំឡើងនៅក្នុងគោលបំណង ដើម្បីជំរុញកំណើនវិស័យកសិកម្ម តាមរយៈការបង្កើនផលិតភាពពិពិធកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម ប្រកបដោយភាពប្រកួតប្រជែង បរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាពខ្ពស់ មានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីកសិកម្ម ទឹក ធនធានព្រៃឈើ និងជលផលដោយនិរន្តរភាព។
សេចក្តីប្រកាសព័ត៌មានបន្តថា «សេចក្តីព្រាងគោលនយោបាយនេះ មានសារៈសំខាន់ក្នុងការចង្អុលបង្ហាញផ្លូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដាក់ចេញផែនការសកម្មភាពជាក់លាក់ ដើម្បីសម្រេចបាននូវចក្ខុវិស័យ «ប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរ៍ ស្របតាមគោលដៅគោលនយោបាយឆ្ពោះទៅរកការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខ្សែចង្វាក់តម្លៃកសិកម្ម, ការបង្កើនការវិនិយោគសាធារណៈ និងឯកជននៅក្នុងវិស័យកសិកម្ម, ការជំរុញកំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ, និងការកែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនួញវិស័យកសិកម្ម លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែកញ្ញាថា ការបង្កើតឱ្យមានគោលនយោបាយក្នុងវិស័យកសិកម្ម គឺជាកិច្ចការដ៏សំខាន់ ព្រោះគោលនយោបាយនេះមិនត្រឹមតែអាចជួយឱ្យវិស័យកសិកម្មកម្ពុជាមានដំណើរការទៅមុខឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបានការគាំទ្រពីអ្នកវិនិយោគ ប្រជាកសិករ និងអ្នកស្រាវជ្រាវផងដែរ។
លោកថ្លែងថា៖ «ចាប់តាំងពីវត្តមានជំងឺកូវីដ ១៩ មក រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្ម គឺផ្នែកដ៏សំខាន់នៃចន្ទល់សេដ្ឋកិច្ចកម្ពុជា។ នៅពេលរដ្ឋាភិបាលដាក់ចេញជាគោលនយោបាយបែបនេះ វានឹងធ្វើឱ្យមន្ត្រីជំនាញក្រសួងកសិកម្មនឹងយកចិត្តទុកដាក់បន្ថែមទៀតលើការដាំដុះ និងពង្រីកការវិនិយោគកម្មវិស័យកសិកម្មបានកាន់តែល្អ»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងថា ការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ថ្មីៗជាបន្តបន្ទាប់ គឺជាការឆ្លើយតបនឹងការវិវឌ្ឍរបស់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ គោលនយោបាយនេះនឹងប្រែក្លាយកសិកម្មកម្ពុជាពីបែបប្រពៃណី ទៅជាកសិកម្មបែបទំនើប។
លោកបញ្ជាក់ថា៖ «ការកំណត់គោលនយោបាយ និងនីតិវិធីផ្សេងៗ គឺសុទ្ធតែក្នុងន័យជំរុញផលិតភាពក្នុងវិស័យកសិកម្ម គឺមិនត្រឹមតែធ្វើឱ្យកម្ពុជាអាចធានាបាននូវសន្តិសុខ សម្រាប់តម្រូវការក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យកម្ពុជាបង្កើនការនាំចេញទៅទីផ្សារអន្តរជាតិបានច្រើនផងដែរ»។
ទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្ម ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២២ កម្ពុជាបាននាំចេញកសិផលសរុប ៥ ០៣៥ ៤២៥,២៥ តោន កើន ១៣,០៥ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕