
លោកនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព កាលពីថ្ងៃទី ៩ ខែកញ្ញា។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ ដែលកិច្ចប្រជុំថ្នាក់តំបន់នេះគឺសំដៅធ្វើយ៉ាងណាឱ្យការសហការសេដ្ឋកិច្ច និងសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់កាន់តែរីកចម្រើនប្រកបដោយបរិយាប័ន្ន។
ក្នុងឆ្នាំ ២០២២ កម្ពុជាមានកិត្តិយសក្នុងការទទួលធ្វើជាប្រធានអាស៊ានលើកទី៣ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T.: Addressing Challenges Together)។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្រ ទី ៩ ខែកញ្ញា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និងកិច្ចប្រជុំពិគ្រោះយោបល់ដទៃទៀតរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងដៃគូសន្ទនាអាស៊ាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២។
ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រារព្ធឡើងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅខេត្តសៀមរាប។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា៖ «កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនឹងពិភាក្សាលើវឌ្ឍនភាពនៃសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលរួមបញ្ចូលទាំងសមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា, ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយពីជំងឺកូវីដ ១៩, ទំនាក់ទំនងសេដ្ឋកិច្ចក្រៅតំបន់របស់អាស៊ាន, ការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត, និងបញ្ហាពហុភាគី និងតំបន់ផ្សេងៗទៀតជាដើម»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែកញ្ញាថា បញ្ហាសំខាន់ៗមួយចំនួនដែលប្រមុខថ្នាក់ដឹកនាំសេដ្ឋកិច្ចអាស៊ាន និងបណ្តាប្រទេសជាដៃគូត្រូវលើកមកពិភាក្សាមានដូចជា បញ្ហាពាណិជ្ជកម្មក្នុងតំបន់ និងរវាងអាស៊ានខ្លួនឯងការចែករំលែកខ្សែចង្វាក់តម្លៃក្នុងតំបន់, បញ្ហាការផ្ទេរបច្ចេកវិទ្យាឧស្សាហកម្ម, និងបញ្ហាការចែករំលែកព័ត៌មានទុនបម្រុងរបស់ធនាគារកណ្តាល ជាដើម។
លោកថ្លែងថា៖ «មានសមាជិកខ្លះមានផលិតផលខុសគ្នា ហើយផលិតផលខ្លះដូចគ្នា ដូច្នេះសម្រាប់ផលិតផលដែលដូចគ្នា គឺបណ្តាសមាជិកដែលខ្លួនមានបច្ចេកវិទ្យាខ្ពស់ត្រូវជួយផ្តល់ជំនាញក្នុងការកែច្នៃ ឬជួយទិញវត្ថុធាតុដើម។ ចំណុចមួយទៀតគឺការជំរុញទេសចរណ៍អាស៊ានដំណើរការឡើងវិញ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់ ដោយសារតែបញ្ហាកូវីដធ្វើឱ្យប៉ះពាល់ដល់រំហូរទេសចរ»។
លោកបន្ថែមថា ការផ្ទេរបច្ចេកវិទ្យាឧស្សាហកម្ម គឺក្នុងតំបន់អាស៊ានមានប្រទេសមួយចំនួនមានបចេ្ចកវិទ្យារីកចម្រើនរួចហើយ។ សម្រាប់បញ្ហាពាក់ព័ន្ធការរួមចំណែកព័ត៌មានទុនបម្រុងរបស់ធនាគារកណ្តាល គឺពិតជាមានសារៈសំខាន់ ដើម្បីបញ្ចៀសកុំឱ្យប្រព័ន្ធធនាគារធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុនៅពេលដែលប្រព័ន្ធធនាគាររបស់ប្រទេសណាមួយអស់ទុនបម្រុង។
ក្រសួងពាណិជ្ជកម្មឱ្យដឹងទៀតថា៖ «ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ ដៃគូនានារបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញជម្នះរាល់បញ្ហាដែលអាស៊ានកំពុងប្រឈម និងឆ្ពោះទៅមុខប្រកបដោយ ភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ៖ «ចក្ខុវិស័យតែ ១ អត្តសញ្ញាណតែ ១ សហគមន៍តែ ១»៕