ភ្នំពេញៈ អ្នក​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​លើកឡើង​ថា ភ្ញៀវទេសចរ​ក្នុង​តំបន់​អាស៊ាន ពិសេស​ប្រទេស​នៅជាប់​ព្រំដែន នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ ខណៈ​ភ្ញៀវ​មកពី​ប្រទេស​ឆ្ងាយៗ​ហាក់​នៅ​មិនទាន់​មាន​ពន្លឺ​ក្តី​រំពឹង​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​នៅឡើយ​។

ការលើក​ឡើង​បែបនេះ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន កាលពី​ថ្ងៃទី​ ៩ ខែ​កញ្ញា បាន​ឱ្យ​ដឹងថា តាម​ការព្យាករ​នៅក្នុង​ឆ្នាំ​ ២០២២ នេះ​កម្ពុជា​អាចនឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ពី ១,៥-២ លាន​នាក់ ខណៈ​ចាប់ពី​ខែមករា​-​ខែសីហា ឆ្នាំ​ ២០២២ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា មាន ៩៩៨ ២៧២​នាក់ កើន ៧២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ប៉ុន្តែ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ គឺ​ថយចុះ -៧៧ ​ភាគរយ​។

បើតាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍ ក្នុង​ចំណោម​ភ្ញៀវ​ទាំង ៩៩៨ ២៧២ ​នាក់​នោះ គឺមាន​មកពី​ប្រទេស​ថៃ ៣៤៨ ៦៦០ ​នាក់ កើន ៤៧៧ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ភ្ញៀវ​វៀតណាម ២៣៥ ៥៤៦ ​នាក់ កើន ៣ ០១៧,៣ ​ភាគរយ ដោយ​ភ្ញៀវ​ប្រទេស​ទាំង ២ គឺ​ស្មើនឹង ៥៨,៥​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​សរុប​។ ក្រៅពីនោះ​មានមក​ពី​ប្រទេស​ចិន​, អាមេរិក​, ឥណ្ឌូនេស៊ី​, កូរ៉េខាងត្បូង ម៉ាឡេស៊ី​, បារាំង​, ចក្រភព​អង់គ្លេស និង​ប្រទេស​ឡាវ ជាដើម​។

លោក ថោង ខុន បាន​ថ្លែងថា​៖ «​យោងតាម​ការ​ព្យាករ ចុងក្រោយ​ឆ្នាំ​ ២០២២ នេះ កម្ពុជា​អាចនឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចាប់ពី​ ១,៥​ លាន​នាក់​ទៅ​ ២ ​លាន​នាក់​»​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១១ ខែកញ្ញាថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្សាន្ត និង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ពិតជា​កើនឡើង ប៉ុន្តែ​នៅមាន​កម្រិត ដោយ​អ្វីៗ​ត្រូវការ​ពេល​បន្ថែម​ទៀត ខណៈ​ស្ថានភាព​វិស័យ​ទេសចរណ៍​ពិភពលោក​មិនទាន់​ល្អ​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​គឺមាន​តែ​ភ្ញៀវ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ដែលជា​ក្តី​រំពឹង​សម្រាប់​វិស័យ​ទេសចរណ៍​យើង ខណៈ​សម្រាប់​ភ្ញៀវ​មកពី​ក្រៅ​តំបន់​នៅមាន​ចំនួន​តិចតួច​បំផុត​។ វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ទទួលបាន​ផល​វិជ្ជមាន​ពី​ទេសចរណ៍​ក្នុង​តំបន់​»​។

ទោះយ៉ាងណា លោក​បញ្ជាក់​ថា ដោយសារ​ស្ថានភាព​ពិភពលោក​នៅ​មិនទាន់​ច្បាស់លាស់ ​(​ជំងឺ​កូវីដ​ ១៩ វិបត្តិ​នយោបាយ​សេដ្ឋកិច្ច​) ដូច្នេះ​លោក​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ភ្ញៀវទេសចរ​អន្តជាតិ​ចូលមក​កម្ពុជា​នឹង​អាច​មាន​ចំនួន​ប៉ុន្មាន​នោះទេ​។

បន្ថែម​លើ​នេះ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់ថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា​បាន​កើន​ឡើងវិញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើងវិញ​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​ ២០២១​។

លោកស្រី​បន្តថា ក្នុងនាម​ប្រតិបត្តិករ​ទេសចរណ៍​លោកស្រី​ពិតជា​ចង់ឱ្យ​វិស័យនេះ​មាន​ដំណើរការ​ល្អ​ឡើងវិញ​ណាស់ ដោយ​នៅពេលនេះ​កម្ពុជា​មាន​ផលិតផល​ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើន​ត្រូវ​បានរៀបចំ និង​កែច្នៃ​ដើម្បី​ត្រៀម​ទទួល​កំណើន​ភ្ញៀវទេសចរ​ពី​គ្រប់​តំបន់​។

លោកស្រី​បញ្ជាក់ថា​៖ «​ភ្ញៀវ​ក្នុង​តំបន់​បាន​ឈរ​មុខ​គេ​ក្នុងនាម​ជា​អ្នក​ធ្វើដំណើរ​មក​កម្ពុជា​ច្រើនជាងគេ ពិសេស​មកពី​ប្រទេស​ថៃ និង​វៀតណាម​»​។

លោកស្រី​បន្តថា ការទទួល​បាន​ពានរង្វាន់​ផ្នែក​ទេសចរណ៍​លំដាប់​អន្តរជាតិ​ជា​បន្តបន្ទាប់ ពិសេស​ពី​ស្ថាប័ន World Tra-vel Awards កាលពី​សប្តាហ៍​មុននឹង​រួមចំណែក​បន្ថែមទៀត​ក្នុង​ការផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ទៅ​ប្រជាជន​លើ​ពិភពលោក​ឱ្យ​ស្គាល់​ពី​កម្ពុជា​កាន់តែច្រើន​។

ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE HCMC 2022 ដែល​រៀបចំ​នៅក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ កាលពី​ថ្ងៃទី​ ៧ ខែកញ្ញា ឆ្នាំ ​២០២២ វិស័យ​ទេសចរណ៍​កម្ពុជា​ទើប​ទទួលបាន​ពានរង្វាន់​ចំនួន ២ ពី​ស្ថាប័ន World Travel Awards ដោយ​ទី​១ ពានរង្វាន់​គោលដៅ​ទេសចរណ៍​វប្បធម៌​ឈានមុខ​គេ​ក្នុង​ទ្វីប​អាស៊ី​ឆ្នាំ​ ២០២២ (Asia''s Leading Culture Destination 2022) និង​ទី​២ ពានរង្វាន់​គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​ទ្វីបអាស៊ី​ឆ្នាំ​ ២០២២ (Asia''s Leading Youth Travel Destination 2022)៕