
ការចេញដំណើររបស់ខ្សែរថភ្លើងពីស្ថានីយរាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែជំរុញការសិក្សាលើសេវាដឹកជញ្ជូនសាធារណៈតាមរយៈផ្លូវដែក ពិសេសការតភ្ជាប់ទៅប្រទេសថៃ ដែលជាច្រកដឹកជញ្ជូនទំនិញ និងអ្នកដំណើរដ៏សំខាន់មួយ សម្រាប់រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបង្កើតនូវកាលានុវត្តភាពថ្មីៗ សម្រាប់ទាក់ទាញការវិនិយោគពីក្រៅឱ្យចូលមកវិនិយោគនៅកម្ពុជាមានចំនួនកាន់តែច្រើន។
ការសិក្សាពីលទ្ធភាព ដើម្បីធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងពីភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីប្រែក្លាយឱ្យជាផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា ត្រូវបានរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល លើកឡើងក្នុងឱកាសកិច្ចប្រជុំផ្ទៃក្នុងក្រសួងកាលពីថ្ងៃទី ៧ ខែកញ្ញា កន្លងមក។
លោកបានលើកឡើងថា៖ «បច្ចុប្បន្នកម្ពុជាកំពុងសិក្សាពីសេវាដឹកជញ្ជូនសាធារណៈសំខាន់ៗ រួមមាន គម្រោងរថភ្លើង AGT (ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ), គម្រោងរថភ្លើងលើអាកាស (Monorail), និងគម្រោងរថភ្លើងក្រោមដី (Subway) ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងគម្រោងសិក្សាលើការធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុង-ព្រះសីហនុ ដើម្បីប្រែក្លាយឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា»។
លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែកញ្ញាថា គ្រប់គម្រោងទាក់ទងការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា គឺស្ថិតក្នុងដំណាក់កាលសិក្សាទាំងអស់។ មកដល់ពេលនេះគេមិនអាចកំណត់ថា ការសាងសង់ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា អាចចាប់ផ្តើមចេញជារូបរាងនៅពេលណាទេ ព្រោះនៅមាននីតិវិធីជាច្រើនទៀត។ ទោះបីការសិក្សាបានបញ្ចប់ ក៏នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដូចជា ការពិភាក្សាជាមួយអ្នកជំនាញក្នុងក្រសួង, ការពិភាក្សាគ្នាជាមួយអន្តរក្រសួងពាក់ព័ន្ធ, ការស្វែងរកដៃគូ និងថវិកា ជាដើម។
លោកថ្លែងថា៖ «ក្រសួងមានឆន្ទៈជំរុញការសិក្សាឱ្យបានឆាប់ ប៉ុន្តែអ្វីៗវាត្រូវការពេល។ ការធ្វើទំនើបកម្មផ្លូវដែកតភ្ជាប់ពីកម្ពុជាទៅប្រទេសថៃគឺពិតជាមានសារៈសំខាន់ក្នុងជួយលើកកម្ពស់ការដឹកជញ្ជូនទំនិញ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ»។
បើតាមលោក សុរិយា ការវិនិយោគលើផ្លូវដែក គឺត្រូវការថវិកាច្រើន។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជាបានប្រាប់ថា វិស័យដឹកជញ្ជូនតែងតែចង់បានឱ្យមានគ្រប់មធ្យោបាយ (ផ្លូវគោក [ផ្លូវថ្នល់ដែក] ផ្លូវទឹក និងផ្លូវអាកាស) ព្រោះនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនកាន់តែទាបជាងមុន។ ផ្លូវដែកជាមធ្យោបាយដឹកជញ្ជូនដែលមានការពេញនិយមច្រើន សម្រាប់ការដឹកទំនិញធំៗ និងធ្ងន់ៗ។
លោកបញ្ជាក់ថា៖ «នៅពេលមានផ្លូវដែកកាន់តែច្រើន វែង និងមានល្បឿនលឿននោះ នឹងមិនត្រឹមតែធ្វើឱ្យការដឹកជញ្ជូនទំនិញងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើននូវកម្លាំងស្រូបឱ្យអ្នកវិនិយោគចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជាផងដែរ»។
លោកបន្ថែមថា នៅពេលផ្លូវរថភ្លើងមានដំណើរការល្អ វាក៏នឹងជួយឱ្យការដឹកជញ្ជូនទំនិញពីបណ្តាខេត្តចេញទៅទីផ្សារអន្តរជាតិកាន់តែមានភាពងាយស្រួលផងដែរ៕