ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅក្នុង​រយៈពេល ៨​ ខែ​ឆ្នាំ​ ២០២២ រវាង​កម្ពុជា​-​ជប៉ុន​មានទឹក​ប្រាក់​សរុប​ជាង ១,៣ ​ពាន់លាន​ដុល្លារ កើន​ជិត ១៧ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ២៤៦​ លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែ​មករា​-​សីហា ឆ្នាំ​ ២០២២ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន មាន​ទឹកប្រាក់​សរុប ១ ៣៣២,២៦ ​លាន​ដុល្លារ កើន ១៦,៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន ១ ១៤០,០៩ ​លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំទៅ​ជប៉ុន ៧៨៩,១៧ ​លាន​ដុល្លារ កើន ១០,៧ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​ជប៉ុន​មក​កម្ពុជា​មាន​ទឹកប្រាក់ ៥៤៣,០៩ ​លាន​ដុល្លារ កើនឡើង ២៧,២ ​ភាគរយ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ឱ្យ​ដឹងថា ផលិតផល​កម្ពុជា និង​ជប៉ុន​មាន​តម្រូវការ​គ្នា​ទៅវិញ​ទៅមក ដោយ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន​ភាគច្រើន​ជា​ផលិតផល​វាយនភណ្ឌ កសិផល និង​គ្រឿង​បង្គុំ​អគ្គិសនី​។ ចំណែក​ជប៉ុន​នាំមក​កម្ពុជា​រួមមាន រថយន្ត គ្រឿង​ម៉ាស៊ីន ឧបករណ៍​អេឡិចត្រូនិក និង​គ្រឿងចក្រ​ក្នុង​វិស័យ​កសិកម្ម ជាដើម​។

លោក​បន្តថា​៖ «​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​អ្នកវិនិយោគ​ប្រទេស​ទាំង​ ២ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ និង​បន្ត​កើន​ខ្ពស់​ថែមទៀត​»​។

កាលពី​ចុង​សប្តាហ៍​មុន​ក្នុង​ជំនួប​ជាមួយ​នឹង​លោក Masahiro MIKAMI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ព្រម​ជាមួយ​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន ​(JICA) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា​ (JBAC) និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ទៀត លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានឱ្យ​ដឹងថា ទំនាក់​ទំនង​ដ៏ល្អ​រវាង​កម្ពុជា​-​ជប៉ុន កើតមាន​ជាយូរ​ហើយ ដោយ​ប្រទេស​ទាំង​ ២ មាន​ទំនាក់​ទំនង​ល្អ​ទាំង​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​។

ក្នុង​ឆ្នាំ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ជប៉ុន មាន​ទឹកប្រាក់​សរុប ១ ៧៣៤,១៤​ លាន​ដុល្លារ កើន ១,២ ​ភាគរយ ​ធៀប​ឆ្នាំ​ ២០២០ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន មាន​ទឹកប្រាក់ ១ ០៩៣,៦២​ លាន​ដុល្លារ កើន​ ៣ ​ភាគរយ និង​នាំចូល​មាន​ទឹកប្រាក់ ៦៤០,៥១ ​លាន​ដុល្លារ ធ្លាក់ចុះ ១,៦ ​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕