ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ការគាំទ្រ​​ចំពោះ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច ឬ​វិនិយោគ​បៃតង​នៅ​ក្នុង​តំបន់​អាស៊ាន ក្នុង​គោល​បំណង​ធ្វើការ​ប្រែ​ក្លាយ​តំបន់​នេះ​ឱ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​វិនិយោគ​ប្រកប​ដោយ​ភាព​ទាក់ទាញ ជា​ពិសេស​ការ​ប្រើប្រាស់​ថាមពល​ស្អាត និង​បៃតង​។

ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ​១២ ខែ​កញ្ញា ក្នុង​ឱកាស​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ និង​ភាព​ជា​ដៃគូ​អាស៊ាន​ឆ្នាំ​ ២០២២​ ក្រោម​ប្រធានបទ​ «​ភាព​ជា​ដៃគូ​សម្រាប់​អាស៊ាន​ដែល​មាន​ភាព​ស្អិត​ល្មួត និងការឆ្លើយ​តប​រហ័ស​» ​ដែល​រួម​គ្នា​រៀបចំ​​ដោយ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​ដើម្បី​អាស៊ី​ប៉ាស៊ីហ្វិក​ ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន សភា​ពាណិជ្ជកម្ម​កម្ពុជា និង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI)​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ ​«​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ដ្រី​ការ​បរ-ទេស​អាស៊ាន​លើក​ទី​៥៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ស្នើ​​បង្កើត​ឡើង​នូវ​ក្រប​ខ័ណ្ឌ​កិច្ច​ព្រមព្រៀង​បៃតង​អា​ស៊ាន ដែល​អាច​អនុញ្ញាត​ឱ្យ​តំបន់​របស់​យើង​ធ្វើ​អន្តរកាល​ជា​​បណ្ដើរៗ ទៅជា​សហគមន៍​ដែល​មាន​ចីរភាព ប្រសិទ្ធ​ភាព​ប្រើប្រាស់​ធនធាន និង​ភាព​ធន់​»។ លោក​បាន​បន្ថែម​ថា​៖​ «ឈរ​លើ​ស្មារតី​នេះ ខ្ញុំ​សូម​ស្វាគមន៍​នូវ​​គំនិត​ផ្តួច​ផ្ដើម​របស់​វិទ្យាស្ថាន​យុទ្ធសាស្ដ្រ​ដើម្បី​អាស៊ី​ប៉ាស៊ីហ្វិក និង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ក្នុង​ការ​បង្កើត​​នូវ​តំបន់​សេដ្ឋកិច្ច ឬ​វិនិយោគ​បៃតង​»។

លោក​បញ្ជាក់​ថា ជាមួយ​នឹង​ការ​ដាក់​ឱ្យ​ចូល​ជា​ធរមាន​នូវ​ច្បាប់​ស្ដីពី​វិនិយោគ​ថ្មី នា​ពេល​ថ្មីៗ​នេះ កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​តំបន់​សេដ្ឋកិច្ច​បៃតង​ដំបូង​គេ​បង្អស់​។ លោក​ក៏​បាន​គាំទ្រ​ការ​បង្កើត​ឡើង​នូវ​មូលនិធិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ដែល​នឹង​ចូលរួម​ចំណែក​ក្នុង​បរិវត្តកម្ម​ឌីជីថល និង​ការ​អភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត (AI) និង​បំពាក់​នូវ​ជំនាញ និង​ឧបករណ៍​ចាំបាច់​ដល់​កម្លាំង​ពលកម្ម​កម្ពុជា ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ នេះ​។

លោក​បាន​​លើក​ឡើង​ថា​៖​«​ដើម្បី​សម្រេច​​បាន​នូវ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន យើង​ត្រូវ​បន្ត​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច និងការ​​ប្រែ​ក្លាយ​តំបន់​អាស៊ាន​ឱ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ប្រកប​ដោយ​ភាព​ទាក់ទាញ និង​ចីរភាព ជា​ពិសេស​តាមរយៈ​ការ​ដោះស្រាយ​បញ្ហា​របាំង​ពន្ធ និង​មិនមែន​ពន្ធ និង​ការ​ផ្តល់​នូវ​ការ​គាំទ្រ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ពន្លឿន​ការ​អនុវត្ត និង​ទាញ​យក​ប្រយោជន៍​ឱ្យ​អស់​លទ្ធភាព​ពី​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ជា​ពិសេស​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP) ដែល​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ដ្រ​សកល​លោក​។

លោក ថោង ម៉េងដាវីដ អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា​ថា ជាមួយ​នឹង​ផែនការ​បង្កើត​តំបន់​សេដ្ឋកិច្ច ឬ​វិនិយោគ​បៃតង នឹង​ក្លាយជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា និង​តំបន់ ខណៈ​ពិភពលោក​កំពុង​ផ្លាស់ប្តូរ​ទៅ​ប្រើប្រាស់​ថាមពល​ស្អាត និង​បៃតង ដែល​ពឹង​ផ្អែក​កាន់​តែ​តិច​លើ​ឥន្ធនៈ​ហ្វូស៊ីល។

លោក​បាន​ថ្លែង​ថា​៖​ «​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​បៃតង​ក្នុង​តំបន់ និង​ដើម្បី​ជំរុញ​អ្នក​គិត​វ័យ​ក្មេង​ក្នុង​តំបន់ និង​អ្នក​បង្កើត​គោល​នយោបាយ​ដែល​មាន​​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ហិរញ្ញ​វត្ថុ អាកាសធាតុ បច្ចេកវិទ្យា និង​វិស័យ​ឧស្សាហកម្ម ដើម្បី​អភិវឌ្ឍ​គំរូ​អាជីវកម្ម​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន ដើម្បី​ទាក់ទាញ​វិនិយោគិន​កាន់​តែ​ច្រើន។ ចាប់ពី​ពេលនេះ​ទៅ ការ​បង្រួម​គម្លាត​អភិវឌ្ឍន៍​ក្នុង​អាស៊ាន នឹង​បង្កើន​​ភាព​ធន់​ក្នុង​តំបន់ និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​»​។

លោក​បញ្ជាក់​ថា​៖ «​ការ​បង្កើត​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​នាពេល​ថ្មីៗ​នេះ នឹង​ពង្រឹង​ភាព​ជឿ​ជាក់​របស់​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​វិនិយោគ​ក្នុង​តំបន់​ថ្មី​មួយ ដែល​​អាច​ផ្តល់​ជូន​វិនិយោគិន​ក្នុង​តំបន់ និង​ពិភពលោក​នូវ​បរិយាកាស​ធុរកិច្ច​ប្រកប​ដោយ​តម្លាភាព មិត្តភាព និង​គួរឱ្យ​ទុកចិត្ត​»។

លោក​បន្ត​ថា គំនិត​ផ្តួចផ្តើម​បង្កើត​មូលនិធិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា នឹង​ធ្វើឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​មូលនិធិ​ដល់​ក្រុមហ៊ុន​ផ្ដល់​យោបល់​ក្នុង​ស្រុក ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​លទ្ធផល​ស្រាវ​ជ្រាវ​/​អនុ​សាសន៍​គោល​នយោបាយ ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​បង្កើត​គោល​នយោបាយ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កាន់​តែ​ខ្លាំង​។

ទន្ទឹម​នឹង​នេះ លោក​នាយក​រដ្ឋមន្ដ្រី​ក៏​បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​ក្លិប​សេដ្ឋកិច្ច​អាស៊ាន​។ ក្លិប​នេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លើក​កម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឱ្យ​កាន់តែ​ជិតស្និទ្ធ តាមរយៈ​ការចូលរួម​តាមដាន វាយ​តម្លៃ និង​ផ្ដល់​អនុសាសន៍​ឯករាជ្យ និង​ប្រកប​ដោយ​វិជ្ជាជីវៈ លើ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ ដែល​ថ្នាក់​ដឹកនាំ​អាស៊ាន​បាន​សម្រេច ជា​ពិសេស​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ និង​កិច្ច​ព្រមព្រៀង​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​សសរស្ដម្ភ​សេដ្ឋកិច្ច​៕