​ភ្នំពេញ​៖ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​លើកឡើងថា ការដាក់​អគ្គលេខាធិកា​រដ្ឋា​ន​ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ​(RCEP) នៅ​កម្ពុជា​នឹង​ជួយ​លើក​មុខមាត់​កម្ពុជា​មិន​ត្រឹមតែ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាំង​លើ​ឆាក​អន្តរជាតិ​ផងដែរ​ដោយសារតែ​កិច្ចព្រមព្រៀង​នេះ​មាន​វិសាលភាព​ដ៏​ធំធេង ដែលមាន​សមាជិក​គ្របដណ្តប់ ប្រជាជន​ប្រមាណ ២,២​ ពាន់​លាន​នាក់ ឬ​ស្មើ ៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក​។​

​កាលពី​ថ្ងៃទី​ ៣ ខែសីហា ឆ្នាំ​ ២០២២ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានលើកឡើង ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ ​ពី​ការចង់​បង្កើត​លេខាធិការដ្ឋាន ​RCEP ​ដើម្បី​សម្របសម្រួល​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង​នេះ នៅ​រាជធានី​ភ្នំពេញ​ផ្ទាល់​តែម្តង​។​

​លោក​ សេង វណ្ណ​លី សាស្ត្រាចារ្យ​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នកតាមដាន​នយោបាយ​ពិភពលោក ​និង​តំបន់លើកឡើងថា កិច្ចព្រមព្រៀង RCEP​ នេះ ​ពិត​ជាមាន​សារៈសំខាន់ ដោយសារ​ទំហំ​ពាណិជ្ជកម្ម​មាន​ទំហំ​ធំ ក្នុងចំណោម​ប្រទេស​ដៃគូ​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀង​នេះ ដែលមាន​សមាជិក​ប្រទេស​អាស៊ាន​ទាំង ​១០ ព្រមទាំង​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន ​៥ ទៀត ដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង​ចិន និង​នូ​វែ​ល​សេ​ឡង់​។​

​ជុំវិញ​ការស្នើ​ដាក់​អគ្គលេខាធិការដ្ឋាន​នៃ​ RCEP នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​នោះ លោក ​សេង វណ្ណ​លី មើលឃើញ​ពី​អត្ថប្រយោជន៍ ៣​ យ៉ាង​៖ ទី​១ វា​អាចជួយ​សម្រួល​ដល់​ការរួមបញ្ចូល​កាន់តែ​ធំ​ឡើង​នូវ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) របស់​កម្ពុជា​; ទី​២ វា​ផ្តល់ជូន​កម្ពុជា​នូវ​ឱកាស​ទទួលបាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ប្រសើរ​ជាង​មុន ពី​បណ្តា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​; និង​ទី​៣ ជួយ​លើក​មុខមាត់​កម្ពុជា​លើ​វេទិកា​អន្តរជាតិ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​និង​ការវិនិយោគ ព្រមទាំង​កម្ពុជា​ក្នុងការ​ពង្រឹង​ជំហរ​ពាណិជ្ជកម្ម​អាស៊ាន​។​

​កិច្ចព្រមព្រៀង​នេះ គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដ៏​ធំ​បំផុត​លើ​ពិភពលោក ដែលមាន​សមាជិក​ចំនួន ១៥​ ប្រទេស រួមមាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ ១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន​ ៥ មានដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង​ចិន និង​នូ​វែ​ល​សេ​ឡង់ គ្របដណ្តប់ ប្រជាជន​ប្រមាណ ២,២​ ពាន់​លាន​នាក់ ឬ​ស្មើ ៣០% នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក​, ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២៦,២ ​ទ្រី​លាន​ដុល្លារ ឬ ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង​ទំហំ​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល​។​

​លោក​បណ្ឌិត​ យង់ ពៅ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រាជបណ្ឌិត្យសភាកម្ពុជា បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​សន្ធិសញ្ញា RCEP ដោយ​លោក​សង្កត់ធ្ងន់​ចំពោះ​សារៈសំខាន់​នៃ​ជញ្ជីងពាណិជ្ជកម្ម​ដែល​ក្តោប​ប្រជាជន​ប្រមាណ ៣០%​ ក្នុង​ពិភពលោក សម្រាប់​កម្ពុជា និង​រដ្ឋ​ជា​សមាជិក​កិច្ចព្រមព្រៀង​នេះ ជាពិសេស​តំបន់​អាស៊ាន ដែល​លោក​អះអាងថា កិច្ចព្រមព្រៀង RCEP នេះ​មាន​ទំហំ​ធំ​ជាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​។​

​លោក ​យង់ ពៅ បាន​គូសបញ្ជាក់ថា ការស្នើ​ដាក់​អគ្គលេខាធិការដ្ឋាន​នៃ ​RCEP នៅ​រាជធានី​ភ្នំពេញ គឺជា​លទ្ធភាព​មួយ​ដែល​បើកផ្លូវ​ឱ្យ​កម្ពុជា អាច​សម្រេច​ចាត់ចែង​ដោយផ្ទាល់​លើ​កិច្ចប្រជុំ ធ្វើការ​សម្របសម្រួល​នានា សម្រាប់​កិច្ចការ​របស់ RCEP ពី​ប្រទេស​កម្ពុជា និង​អាច​បង្ហាញ​ពី​សមត្ថភាព​និង​សក្តានុពល​របស់​កម្ពុជា ក៏ដូចជា​សម្រួល​រំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ​ស្របតាម​ចក្ខុវិស័យ​កម្ពុជា​ផង​។​

​លោក​បាន​មានប្រសាសន៍​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​ចំពោះ​ទិដ្ឋភាព​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម ខ្ញុំ​យល់ឃើញថា យើង​ក្លាយជា​អ្នកចាត់ចែង សម្របសម្រួល​នូវ​កិច្ចប្រជុំ របៀបវារៈ​ទាំងឡាយ ប្រាកដ​ណាស់ យើង​ជា​ម្ចាស់ផ្ទះ យើង​អាច​កំណត់​របៀបវារៈ​ដែលមាន​គុណប្រយោជន៍​សម្រាប់​ខ្លួន​។ សម្រាប់​ទិដ្ឋភាព​នយោបាយ​វិញ កាលណា​មាន​លេខាធិការដ្ឋាន​តាំងនៅ​ភ្នំពេញ វា​បង្ហាញថា​កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ​ដែល​នរណា​ក៏​អាចមក​វិនិយោគ​បាន​។

ចំណែក​ទិដ្ឋភាព​ការទូត​វិញ វា​បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុ​ជា​យើង ដែល​អាចមាន​លទ្ធភាព​ទទួលភ្ញៀវ​ឥស្សរជន​ការទូត​ដែលជា​សមាជិក​កិច្ចព្រមព្រៀង ​RCEP ​ហ្នឹង ទាំង​កិច្ចប្រជុំ និង​ដំណើរ​ការងារ​ផ្សេងៗ​ទៀត​ជុំវិញ​លេខាធិការដ្ឋាន RCEP»​។​

​កិច្ចព្រមព្រៀង RCEP បាន​ផ្តើម​ការចរចា​ជា​ផ្លូវការ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ឆ្នាំ​ ២០១២ ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្តូរ​វេន​។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២០ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​តាម​ប្រព័ន្ធ​វី​ឌី​អូ​ (Online Conference) ខណៈ​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​។ មុខទំនិញ​សំខាន់ៗ​ជាច្រើន​នៃ​ទំនិញ​កសិកម្ម កសិកម្ម​កែច្នៃ និង​ទំនិញ​ឧស្សាហកម្ម និង​ត្រូវ​អនុញ្ញាតឱ្យ​នាំចូល​ប្រទេស​ទាំងនេះ​ដោយ​ទទួលបាន​ការលើកលែង​ពន្ធ​ជា​មធ្យម​ជាង ​៩០% សម្រាប់​កម្ពុជា​៕