
គ្រាប់ស្វាយចន្ទីដែលកសិករប្រមូលផល នាពេលកន្លងទៅ។ ហុង មិនា
ភ្នំពេញៈ ដំណាំស្វាយចន្ទីជាង ១០ ម៉ឺនហិកតា ត្រូវបានកសិករកាប់ចោល ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យដំណាំស្វាយចន្ទីទទួលបានផលតិច និងគ្រាប់គ្មានគុណភាព។ នេះបើយោងតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃទី ១២ កញ្ញាថា គិតមកដល់ពេលនេះ សមាគមបានស្រាវជ្រាវតាមខេត្តដែលមានដាំស្វាយចន្ទី និងបានរកឃើញថា ប្រជាកសិករបានកាប់ដំណាំស្វាយចន្ទីចោលទៅដាំដំឡូងមីវិញ ក្នុងវង្វង់ ១០ ម៉ឺនហិកតា។
លោកថ្លែងដូច្នេះថា៖ «ទោះជាយ៉ាងណាក្តី ដី ១០ ហិកតានេះ មិនមែនជាចម្ការដែលទទួលបានផលច្រើននោះទេ គឺជាចន្ទីដែលមានអាយុចាស់ និងកូនចន្ទីដែលទើបដាំក្នុងរយៈពេល ១ ទៅ ៣ ឆ្នាំ ដោយសារការប្រែប្រួលអាកាសធាតុ ពិបាកថែទាំ។ ជី ថ្នាំកសិកម្មឡើងថ្លៃ ប្រេងឡើងថ្លៃ ហើយពួកគាត់បានកាប់ដើមស្វាយចន្ទីចោល»។
លោកស៊ីឡុត បានថ្លែងបញ្ជាក់ទៀតថា ការកាប់ដើមស្វាយចន្ទីក្នុងរង្វង់ជាង ១០ ម៉ឺនហិកតា នឹងធ្វើឱ្យប៉ះពាល់ទិន្នផលស្វាយចន្ទីមួយចំនួនផងដែរ ប៉ុន្តែមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរទេ។ លោកថ្លែងថា៖ «សមាគមគិតថា មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរទេ មកដល់ពេលនេះ ព្រោះយើងមានផ្ទៃដី ដែលផ្តល់ទិន្នផលនោះចំនួន ៥០ ម៉ឺនហិកតាឯណោះ ហើយផ្ទៃដីដាំទាំងអស់ដែលដាំស្វាយចន្ទី គឺមាន ៧០ ម៉ឺនហិកតា ដែល ២០ ហិកតា ជាចន្ទីដើមចាស់ និងដើមដាំថ្មី»។
មួលហេតុដែលប្រជាកសិករកាប់ដើមស្វាយចន្ទី ហើយងាកទៅដាំដំឡូងមីជំនួសវិញ លោក អួន ស៊ីឡុត បានបន្ថែមថាដោយសារដំឡូងមីមានភាពងាយស្រួលក្នុងការមើលថែ ហើយធន់នឹងអាកាសធាតុ។ បើទោះបីជាដំឡួងមីគ្មានតម្លៃខ្ពស់ណាស់ណានោះទេគឺ តម្លៃ ៣០០ ទៅ ៤០០ រៀល ក្នុង ១ គីឡូក្រាម។ បញ្ហាអាកាសធាតុគឺជាកត្តាចម្បង ដោយសារភ្លៀងធ្លាក់ច្រើនពេកធ្វើឱ្យចន្ទីងាយខូច ចំណែកដំឡូងមីមិនងាយខូចទេ លើកលែងតែទឹកលិច។
ការប្រែប្រួលអាកាសធាតុនេះ ក៏បានធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅធ្លាក់ចុះផងដែរ ដោយក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ នេះ។ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ទៅប្រទេសវៀតណាមមានបរិមាណ ៦៧ ម៉ឺនតោន គិតជាទឹកប្រាក់មានតម្លៃប្រមាណ ១ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៧% បើធៀបនឹងឆ្នាំ ២០២១។ នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។
លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែពុំទាន់អាចទាក់ទងបានទេ នៅត្រឹមថ្ងៃទី ១២ កញ្ញានេះ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានលើកឡើងថា ការកាប់ដើមសា្វយចន្ទីចោលនេះ នឹងធ្វើឱ្យមានការខាតបង់ នៃការចំណាយពេលរបស់ប្រជាកសិករតាំងពីការដាំដុះ មានដូចជា ចំណាយថវិកា និងកម្លាំងពលកម្ម។
លោកថ្លែងដូច្នេះថា៖ «វានឹងប៉ះពាល់អារម្មណ៍ និងទំនុកចិត្តប្រជាពលរដ្ឋចំពោះយន្តការ លើកកម្ពស់បញ្ហាទីផ្សារ និងផលិតផលក្នុងស្រុករបស់អាជ្ញាធររដ្ឋ ទៅលើការជ្រោមជ្រែងជួយកសិករ»។
លោកបន្ថែមថា អាជ្ញាធរគួរសិក្សាស្រាវជ្រាវ និងលើកទឹកចិត្តក្នុងការផ្តល់មូលនិធិ ឬផ្តល់ប្រាក់កម្ចីណាមួយដែលសមស្របសម្រាប់ឱ្យប្រជាជនខ្ចីបាន ត្រូវចែកចាយព័ត៌មានទីផ្សារ ក្នុងការលក់គ្រាប់ស្វាយចន្ទីឱ្យបានទូលំទូលាយ និងត្រូវខិតខំជួយរកទីផ្សារជូនកសិករ ដើម្បីកុំឱ្យពួកគាត់កាប់ស្វាយចន្ទីចោល។
យោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តជាតិចំនួន ៣០ ១៤៣ តោន ក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ ធ្លាក់ចុះ ៦៨,៣៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជានាំចេញទៅប្រទេសចិនចំនួន ១៣ ៦៦៨ តោន ថៃ ១៣៤ តោន ជប៉ុន ២១ តោន និងកោះតៃវ៉ាន់ចំនួន ១០ តោន៕