
លោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB)។ រូបថត សហការី
ភ្នំពេញៈ សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា តាមរយៈការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះទៅទៀត ប្លុកនេះក៏ជាទិសដៅនាំចេញដ៏សំខាន់ សម្រាប់សម្លៀកបំពាក់ ស្បែកជើង និងនិងផលិតផលកសិកម្មរបស់កម្ពុជាផងដែរ។
លោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) ដែលគ្រប់គ្រងដោយបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២៧ និងជាស្ថាប័នហិរញ្ញវត្ថុពហុភាគីឈានមុខគេលើពិភពលោកក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាបានផ្តល់បទសម្ភាសដល់លោក ម៉ៃ គុណមករា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចនៃកាសែត ភ្នំពេញ ប៉ុស្តិ៍ អំពីសកម្មភាពនានារបស់ធនាគារនេះនៅកម្ពុជា និងផែនការបន្ទាប់។
ធនាគារវិនិយោគអឺរ៉ុប គឺជាធនាគារផ្តល់ប្រាក់កម្ចីពហុភាគីឈានមុខគេលើពិភពលោក។ តើលោកអាចប្រាប់ដោយសង្ខេបអំពីបេសកកម្មរបស់លោកនៅប្រទេសកម្ពុជាបានដែរឬទេ?
ខ្ញុំចង់ឃើញអំពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការគាំទ្ររបស់ធនាគារ EIB និងសហភាពអឺរ៉ុប (EU) កំណត់គម្រោងសក្តានុពលដែលអឺរ៉ុប និងកម្ពុជាអាចសហការគ្នា ជាពិសេសនៅពេលសហភាពអឺរ៉ុបផ្តល់ឱកាសវិនិយោគក្រោមគម្រោងគំនិតផ្តួចផ្តើមសកល។
បេសកកម្មរបស់ខ្ញុំក៏ចង់បង្ហាញអំពីការបើកសាខាធនាគារ EIB និង EIB Global របស់យើង និងចង់ណែនាំលោកស្រី Sunita Lukkhoo ជាប្រធានការិយាល័យតំណាងប្រចាំតំបន់ថ្មីទទួលបន្ទុកអាស៊ីអាគ្នេយ៍។ នៅពេលនេះ លោកស្រីមានទីស្នាក់ការអចិន្ត្រៃយ៍នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីជួយកំណត់ និងនាំមកនូវឱកាសវិនិយោគនៅកម្ពុជាផងដែរ។
សរុបសេចក្តីមកធនាគារ EIB កំពុងនាំយកមកនូវជម្រើសហិរញ្ញប្បទាន ដើម្បីគាំទ្រផែនការវិនិយោគរបស់កម្ពុជា។ ជម្រើសដែលអាចផ្តល់ហិរញ្ញប្បទានរយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
តើគម្រោងផ្តល់កម្ចីអ្វីខ្លះដែលធនាគារលោកបានផ្ដល់ដល់កម្ពុជា? តើវាជាកម្ចីសម្បទាន ឬជាជំនួយឥតសំណង? តើធនាគារនេះ ធ្វើការជាមួយវិស័យឯកជនដែរឬទេ?
បច្ចុប្បន្នធនាគារ EIB មានគម្រោងធំៗចំនួន ៣ នៅកម្ពុជា ដែលមានតម្លៃប្រហែល ២៦០ លានអឺរ៉ូ។ យើងកំពុងវិនិយោគ ១០០ លានអឺរ៉ូលើការផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ។ គម្រោងនេះនឹងនាំយកនូវទឹកស្អាត និងមានសុវត្ថិភាពដល់រាជធានី និងតំបន់ក្រីក្របំផុតមួយចំនួនអាចឱ្យពួកគេសន្សំប្រាក់ក្នុងការថែរក្សាសុខភាព និងលើកកម្ពស់ជីវិតប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ដែលរស់នៅក្នុងរាជធានី។
គម្រោងទាំងនេះ ក៏នឹងបង្កើតការងាររាប់ពាន់កន្លែង ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជាផងដែរ។ យើងមានមោទនភាពក្នុងការចូលរួមចំណែកក្នុងគម្រោងទាំងនេះ រួមជាមួយដៃគូផ្សេងៗទៀតមកពីក្រុមការងារសហគមន៍អឺរ៉ុប;ទីភ្នាក់ងារអភិវឌ្ឍន៍ បារាំង (AFD) និងគណៈកម្មការអឺរ៉ុប។ យើងកំពុងផ្តល់ហិរញ្ញប្បទានចំនួន ៦៥ លានអឺរ៉ូសម្រាប់ការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាពរួមជាមួយនឹងគម្រោងរបស់មូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។
គម្រោងទាំងនេះនឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងផ្តល់អត្ថប្រយោជន៍ដល់ ២ សែនគ្រួសារនៅទីជនបទដែលមានប្រជាជនប្រមាណ ១ លាននាក់ អាចប្រើប្រាស់ផ្លូវថ្នល់កាន់តែប្រសើរ បង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារ និងការផ្គត់ផ្គង់អាហារកាន់តែប្រសើរឡើងផងដែរ។ ធនាគារ EIB នឹងវិនិយោគលើការស្តារឡើងវិញនូវផ្លូវជនបទមានចម្ងាយប្រហែល ៦៥០ គីឡូម៉ែត្រទូទាំងប្រទេសដែលផ្តល់ទាំងសុវត្ថិភាព និងភាពធន់នឹងគ្រោះមហន្តរាយ។
លើសពីនេះ យើងបានវិនិយោគទឹកប្រាក់ ៨០ លានអឺរ៉ូសម្រាប់ការកែលម្អប្រព័ន្ធធារាសាស្ត្រ សម្រាប់វិស័យកសិកម្មនៅកម្ពុជា ដែលរួមចំណែកធ្វើឱ្យវិស័យដ៏សំខាន់នេះកាន់តែមានប្រសិទ្ធភាព និងមានភាពធន់ក្នុងការដោះស្រាយសន្តិសុខស្បៀង និងជំរុញកំណើន។
តាមរយៈគម្រោងនេះ យើងបានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីរួមគ្នាធ្វើទំនើបកម្ម និងធ្វើឱ្យប្រសើរឡើងនូវបណ្តាញធារាសាស្ត្រ ដែលមានស្រាប់ក្នុងខេត្តចំនួន ៥ គឺខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ តាកែវ និងកំពត ដែលផ្តល់ទឹកដល់ផ្ទៃដីកសិកម្មដែលមានស្រាប់ប្រហែល ៥១ ០០០ ហិកតា។
ជាមួយនឹងការផ្តល់ប្រាក់កម្ចីដែលធនាគារលោកបានកំពុងផ្តល់ដល់កម្ពុជា តើលោកបានសង្កេតឃើញថាការផ្តល់ប្រាក់កម្ចីទាំងនោះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពដែរឬទេ?
យើងសង្កេតឃើញថាការប្រើប្រាស់កម្ចីរបស់យើងនៅកម្ពុជាគឺមិនមានបញ្ហានោះទេ។ នៅពេលនេះយើងក៏មិនឃើញមានសញ្ញាអវិជ្ជមានណាមួយនៅក្នុងគម្រោងណាមួយក្នុងចំណោមគម្រោងទាំង ៣ ដែលយើងបានផ្តល់នោះទេ។ ធនាគារ EIB មានច្បាប់តឹងរ៉ឹងបំផុត ដើម្បីធានាថា ការផ្តល់ហិរញ្ញប្បទានរបស់យើងគឺត្រូវចំគោលដៅ។
បណ្ដាប្រទេសនៅអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា។ តើមានគំនិតផ្ដួចផ្ដើមថ្មីអ្វីខ្លះដែលធនាគារនេះនឹងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា?
សហភាពអឺរ៉ុបចង់ពង្រឹងភាពជាដៃគូជាមួយកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ដែលយើងបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ ២០២០។ ជាមួយគ្នានេះដែរ យើងបានធ្វើការជាច្រើនមិនត្រឹមតែ សម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែប្រជាជននៅលើពិភពលោកទាំងមូលផងដែរ។
ជាគោលការណ៍របស់យើងធនាគារ EIB នឹងធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា និងដៃគូរបស់យើងជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដើម្បីកំណត់ និងផ្តល់អាទិភាពដល់ការផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងគាំទ្រសកម្មភាពអាកាសធាតុ ថាមពលស្អាត គម្រោងហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រកបដោយនិរន្តរភាព។
ខ្ញុំរីករាយណាស់ដែលបានឃើញអឺរ៉ុប និងកម្ពុជាចែករំលែកការយល់ដឹង សម្រាប់សកម្មភាពអាកាសធាតុ។ ខ្ញុំក៏រីករាយក្នុងការកំណត់គម្រោងដែលយើងអាចជួយបានផងដែរ។ ខ្ញុំសូមជម្រាបជូនលោកថា ក្នុងនាមជាធនាគារអាកាសធាតុសហភាពអឺរ៉ុប យើងក៏មានគម្រោងវិនិយោគរហូតដល់ ១ ពាន់ពាន់លានអឺរ៉ូក្នុងសកម្មភាពអាកាសធាតុដល់ឆ្នាំ ២០៣០។ វាជាភារកិច្ចរបស់ខ្ញុំដែលត្រូវពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹងអំពីផែនការនានាដែលប្រទេសកម្ពុជាអាចទទួលបានប្រយោជន៍ពីគម្រោងនេះ។
តើលោកនឹងមានគម្រោងពង្រីកការផ្តល់កម្ចីបន្ថែមទៀតដល់កម្ពុជាដែរឬទេ? តើលើវិស័យអ្វីខ្លះ?
យើងមានគម្រោងដែលមានស្រាប់ចំនួន ៣ ដែលនឹងជិតបញ្ចប់។ យើងកំពុងសម្លឹងមើលគម្រោងផ្សេងៗទៀតដែលត្រូវបានបង្កើតឡើង ដើម្បីកែលម្អការគ្រប់គ្រងធនធានទឹក ផ្នែកសេវាកសិកម្ម និងការគ្រប់គ្រងហានិភ័យលើគ្រោះមហន្តរាយ និងភាពធន់នឹងទឹកជំនន់ជាដើម។
យើងក៏នឹងសម្លឹងមើលទៅលើគម្រោងទាក់ទងទៅនឹងសន្តិសុខស្បៀង និងថាមពល ក៏ដូចជាហិរញ្ញវត្ថុបៃតងផងដែរ។ យើងនឹងពិចារណាលើគម្រោងដែលកំពុងដំណើរការ និងផែនការផ្សេងៗទៀតរបស់យើង។ ដូច្នេះបើយើងពិនិត្យទៅលើគម្រោងដែលមានស្រាប់ និងគម្រោងផ្សេងៗទៀតនឹងអនុវត្តនៅក្នុងប្រទេសកម្ពុជាសរុបជាទឹកប្រាក់ប្រហែល ៥០០ លានអឺរ៉ូ។
ជាមួយនឹងការិយាល័យថ្មីរបស់យើងនៅទីក្រុងហ្សាការតា យើងសង្ឃឹមថា នៅពេលអនាគត យើងអាចធ្វើបានកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា៕