ភ្នំពេញៈ ទេសាភិបាល​ធនា​​គារ​ជាតិ​នៃ​កម្ពុជា លោក ជា ចាន់តូ បាន​ថ្លែងថា អតិផរណា​របស់​ប្រទេស​កម្ពុជា​នឹង​ធ្លាក់ចុះ​ទាប​ជាង ​៥ ​ភាគរយ ​នៅ​ឆមាស​ទី​២ ​ឆ្នាំ ​២០២២ ដោយសារតែ​ភាពប្រសើរឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​ដែល​ស្ថាប័ន​ខ្លួន​បាន​ព្យាករ​ថា នឹងមាន​កំណើន​ក្នុង​រង្វង់ ៥ ​ភាគរយ​។​

​លោក ជា ចាន់តូ បាន​លើក​ឡើង​អំពី​ការរំពឹងទុក​នៃ​ការធ្លាក់ចុះ​អត្រា​អតិផរណា​ក្រោម ៥ ភាគរយ​នេះ​ ក្នុងជំនួប​ជាមួយនឹង​ក្រុម​បេសកកម្ម​មាត្រា​ទី IV របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ដែល​ដឹកនាំ​ដោយ​លោក Alasdair Scott ប្រធាន​បេសកកម្ម​របស់ IMF សម្រាប់​កម្ពុជា កាលពី​ថ្ងៃទី ​៧ ខែកញ្ញា ឆ្នាំ ​២០២២​។​

​លោក​ថ្លែង​បញ្ជាក់ថា សេដ្ឋ​កិច្ច​កម្ពុជា​រំពឹងថា​ មាន​កំណើន​ក្នុង​រង្វង់ ៥ ​ភាគរយ ​ជាមួយនឹង​អត្រា​អតិផរណា​អាច​គ្រប់គ្រង​បាន ទោះបី​នៅក្នុង​រយៈពេល ៦​ ខែ ​ដើមឆ្នាំ​ ២០២២ បាន​កើន​​ឡើង​ក៏ដោយ​។ អតិផរណា​នៅ​ឆមាស​ទី​២ នេះ​ត្រូវបាន​រំពឹងថា​ថយចុះ​ទាប​ជាង ៥ ​ភាគរយ​។​

​ទុនបម្រុង​អន្តរជាតិ​កម្ពុជា​បន្តរ​ក្សា​បាន​នៅក្នុង​កម្រិត​គ្រប់​​គ្រាន់​ស្មើនឹង​ប្រមាណ​ ៧​ ខែ នៃ​ការ​នាំចូល​ទំនិញ និង​សេវា​ដែល​ខ្ពស់ជាង​កម្រិត​អប្បបរមា​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន​គឺ ៣ ​ខែ​។ ចំពោះ​តម្លៃ​ប្រាក់រៀល អត្រា​ប្ដូរ​ប្រាក់រៀល​ធៀប​ទៅនឹង​ដុល្លារ​អាមេរិក​មាន​ស្ថិរ​ភាពល្អ​ប្រសើរ ដោយ​​មាន​កម្រិត​មធ្យម​ប្រហាក់ប្រហែល​នឹង​គ្រា​ដូចគ្នា​ក្នុង​រយៈពេល ៨​ ខែ ឆ្នាំ ​២០២១ ក្រោម​បរិការណ៍​ដែល​សកម្មភាព​សេដ្ឋកិច្ច​ងើបឡើង​ជា​លំដាប់​។

​លោក​បញ្ជាក់ថា​៖ «​ស្ថិរភាព​អត្រា​ប្ដូរប្រាក់​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ការពារ​អំ​​ណា​ច​ទិញ​របស់​ចំណូល​ប្រជា​​ជន ក៏ដូចជា​កាត់បន្ថយ​ផល​ប៉ះ​​ពាល់​ពី​ការកើនឡើង​នៃ​អតិ​ផរ​ណា​។ ចំពោះ​ប្រព័ន្ធ​ធនាគារ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​វិបត្តិ ព្រមទាំង​បាន​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ ​១៩ និង​គាំទ្រ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុងដំណាក់កាល​ងើបឡើង​វិញ​»​។​

​លោក Alasdair Scott បាន​និយាយថា បេសកកម្ម​មាត្រា​ទី IV ជា​បេសកកម្ម​តាមដាន និង​វាយតម្លៃ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់ IMF ដើម្បី​ផ្ដល់ជូន​អនុសាសន៍​គោលនយោបាយ​ដល់​ប្រទេស​ជា​សមាជិក ក្នុង​គោលដៅ​រួម​​ចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​។​

​លោក​បាន​អបអរសាទរ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ការពារ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ប្រកបដោយ​ប្រសិទ្ធភាព​ដែលជា​កត្តា​ដ៏​ចម្បង​គាំទ្រ​ដល់​ការ​-​ងើបឡើង​នៃ​សេដ្ឋកិច្ចកម្ពុជា​។​

​លោក គី សេរី​វឌ្ឍន៍ អ្នក​ស្រាវ​​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាបាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៣ ខែកញ្ញា​ថា បញ្ហា​អតិផរណា​ធ្លាក់ចុះ​នៅ​កម្ពុជា គឺ​ដោយសារ​តម្លៃ​ស្បៀង​-​អាហារ និង​ការធ្វើសម្បទាន​ទុន​របស់​រដ្ឋាភិបាល​ទៅលើ​តម្លៃ​ប្រេង បើទោះបីជា​តម្លៃ​ប្រេង​ឆៅ​សកល​ឡើងថ្លៃ​ក៏ដោយ​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​កម្ពុជា​បាន​ផលិត​លើស​តម្រូវ​​ការ ពិសេស​អង្ករ​។ យើង​ឃើញថា ថ្លៃ​អង្ករ​ពុំបាន​កើនឡើង​ទេ​ដែល​នេះ​ជា​កត្តាចាំបាច់​នៃ​ថ្លៃទំនិញ​សម្រាប់​វាស់​អតិផរណា​។ កត្តា ១ ​ទៀត គឺ​រដ្ឋាភិបាល​បាន​ផ្តល់នូវ​សម្បទាន​ទុន​ជាច្រើន ដូចជា​ទៅ​តម្លៃ​ប្រេង បើទោះបី​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរ​​ជាតិ​កើន ក៏​រដ្ឋាភិបាល​កំណត់ឱ្យ​លក់​ក្នុង​ថ្លៃ​មួយ​ទាប​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ ការណ៍​នេះ​ គឺជា​ភាព​វិជ្ជមាន​មួយ​របស់​រដ្ឋាភិបាល​ក្នុងការ​ដឹកនាំ​ប្រទេស និង​ដឹកនាំ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទៅរក​ភាព​រីកចម្រើន​»​។​

​យោងតាម​លោក សេរី​វឌ្ឍន៍ ផលិតកម្ម​ក្នុងស្រុក​ចាប់ផ្តើម​មានដំណើរ​ការ​ល្អ​ជាង​មុន​ឡើងវិញ ហើយ​ដូចជាវិស័យ​ឧស្សាហ​​កម្ម​, វិស័យ​កសិកម្ម ហើយ​រដ្ឋា​​ភិ​បាល​ក៏​ទើប​ដាក់ចេញ​គោល​​នយោបាយ​អភិវឌ្ឍ​វិស័យ​ក​សិ​​កម្ម ២០២២-២០៣០​។

​លោក​អះអាងថា​៖ «​យើង​ឃើញថា ចំពោះ​គោ​លន​យោ​​បាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០២២-២០៣០ ដែល​រដ្ឋា​ភិ​​បាល​បាន​ត្រៀម​រៀបចំ​ទុក​មុន ​គឺ​ដើម្បី​ជំរុញឱ្យមាន​កំណើន​ដូច្នេះហើយ​កង្វះ​ស្បៀងអាហារ​នឹង​មិនអាច​កើតមាន​នោះទេ​សម្រាប់​ប្រទេស​កម្ពុជា ខណៈដែល​ការផលិត​គ្រាន់តែ​នៅក្នុង​ខេត្តបាត់ដំបង​មួយ​អាច​ចិញ្ចឹម​ប្រជាពលរដ្ឋ​ខ្មែរ និង​សល់​លក់​ទៅ​ក្រៅប្រទេស​ទៀតផង ដូច្នេះ​នេះ​ គឺជា​កត្តា​មួយ​ធ្វើឱ្យ​កម្ពុ​ជាមាន​ភាពរឹងមាំ​នៅក្នុង​សេដ្ឋកិច្ច​ពិសេស​ គឺ​វិបត្តិ​ស្បៀងអាហារ​នឹងមិន​កើតមាន​ឡើយ​»៕