ភ្នំពេញៈ កម្ពុជា​ប្រមូលប្រាក់​បាន​ជាង ៦,៤ ​ពាន់​លាន​ដុល្លារ ​ពី​ការនាំចេញ​សម្លៀកបំពាក់​ និង​គ្រឿង​បន្ទាប់បន្សំ​ដែល​ធ្វើ​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់​នៅក្នុង​រយៈពេល​ ៨ ​ខែ​ ដើមឆ្នាំ ​២០២២ កើន​ជាង ១/៤ ​ធៀប ​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១​។ នេះ​បើ​យោងតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា ចាប់​​ពី​ខែមករា​-​ខែសីហា ឆ្នាំ ​២០២២ ការនាំចេញ​ផលិតផល​សម្លៀក​​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​មាន​ទឹកប្រាក់​សរុប ៦ ៤៦៧,៧២ ​លាន​ដុល្លារ កើន ២៨,៧៩ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ៥ ០២១,៨៩​ លាន​ដុល្លារ​។ ក្នុងចំណោម​ទឹកប្រាក់​នាំចេញ​ខាង​​លើ ​គឺ​ការនាំចេញ​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ដែល​ធ្វើ​ឡើង​ពី​ក្រណាត់​ចាក់​ដោយ​ម្ជុល​ ២ ឬ ​១ ​មាន​ទឹកប្រាក់ ៤ ៥៩៧,៨១​ លាន​ដុល្លារ ​កើន ២៧,២​ ភាគរយ និង​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​នៃ​សម្លៀក​បំ​​ពាក់​មិន​ធ្វើឡើង​ពី​ការចាក់​ដោយ​ម្ជុល​ ២ ឬ​ ១ មាន​ទឹកប្រាក់

១ ៨៦៩,៩ ​លាន​ដុល្លារ កើន​ឡើង​ ៣២,៨​ ភាគរយ​។​

​យោងតាម​អគ្គនាយកដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ទឹកប្រាក់​នាំចេញ​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ មាន​ចំណែក ៤១,៤ ​ភាគរយ ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ៨ ​ខែ​ ឆ្នាំ ​២០២២ ដែលមាន ១៥ ៦៤១,៩​ លាន​ដុល្លារ​។​

​អគ្គលេខាធិការរង​នៃ​សមា​​គម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) លោក កាំ​ង ម៉ូ​នី​កា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ក្នុង​ថ្ងៃទី​ ១៣ ខែកញ្ញា​ថា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ គឺមាន​ភាពល្អប្រសើរ​តែ​ក្នុង​រយៈពេល ៧ ​ខែ​ ដើមឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពីនោះ គឺ​មិនមាន​សញ្ញា​វិជ្ជមាន​ឡើយ​។ មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ធ្វើឱ្យ​ការបញ្ជាទិញ​នេះ​ធ្លាក់​។​

​លោក​ថ្លែងថា​៖ «​យើង​ទទួល​​បានការ​កើនឡើង​នៅក្នុង​រយៈ​​ពេល​ ៧​ ខែ​ដំបូង​តែប៉ុណ្ណោះ​។ ជាមួយ​ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ច​សកល យើង​សង្កេត​ឃើញថា ការបញ្ជាទិញ​ចាប់​​ផ្តើម​ធ្លាក់ចុះ​ចាប់ពី​ខែសីហា​។ ស្ថានភាព​នេះ​នឹង​បន្ត​ដល់​ដំ​ណា​ច់​ឆ្នាំ ឬ​យូរ​ជាង​នេះ​»​។​

​លោក​បន្តថា ទីផ្សារ​សំខាន់ៗ​របស់​យើង គឺ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន កាណាដា និង​ចក្រភព​អង់គ្លេស​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​និយាយថា កំណើន​ការនាំ​​ចេញ​ផលិតផល​សម្លៀកបំពាក់​ទៅ​ទីផ្សារ​អន្តរជាតិ​ពេល​ខាងលើ គឺ​ដោយសារតែ​ប្រទេស​នាំ​​ចេញ​មួយចំនួន​ជួប​បញ្ហា​ដែល​បណ្តាលមកពី​វត្តមាន​ជំងឺ​កូ​វីដ ​១៩ ខណៈ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​អាច​រក្សាបាន​នូវ​ដំណើរ​​ការ​របស់ខ្លួន​ជាធម្មតា​។ ទោះ​​យ៉ាងណា​បើតាម GMAC ការ​​បញ្ជា​ទិញ​នៅពេលនេះ​ គឺ​មិន​មាន​ភាព​វិជ្ជមាន​ទេ គឺ​មកពី​ឥទ្ធិ​ពល​នៃ​វិបត្តិ​សកល​ជាច្រើន​។​

​លោក​បន្ថែមទៀតថា ទោះ​​យ៉ាងណា​លោក​សង្កេតឃើញថា វិបត្តិ​បណ្តាលមកពី​កូ​វីដ ​១៩ និង​ការធ្លាក់ចុះ​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក​ដែល​បណ្តាលមកពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ហាក់​មាន​ភាព​ធូរស្រាល​ខ្លះៗ​ហើយ​ក្នុង​ពេលនេះ​។​

​លោក​អះអាងថា​៖ «​សម្រាប់​ឆ្នាំ​ ២០២៣ ខ្ញុំ​រំពឹងថា ទីផ្សារ​បញ្ជា​ទិញ​ផលិតផល​សម្លៀក​​បំពាក់​ពី​កម្ពុជា​អាច​នឹង​ល្អ​ឡើងវិញ​ខ្លះ ​បើ​ធៀប​នឹង​ឆមាស​ទី​២ ឆ្នាំ ​២០២២ នេះ ព្រោះ​វិបត្តិ​នៅក្នុង​តំបន់​អឺរ៉ុប​ហាក់​មាន​ភាព​​ធូរស្រាល​វិញ​ខ្លះ​ហើយ​»​។​

​យ៉ាងណាក៏ដោយ បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ទោះ​ក្នុងអំឡុងពេល​ពិភពលោក​កំពុង​ជួបប្រទះ​នឹង​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ខ្លាំង​យ៉ាងណាក៏ដោយ ក៏​កម្ពុជា​នៅតែ​អាច​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់ ក្នុងនោះ​ក៏មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែរ​។​

​ឆ្នាំ ​២០២១ កម្ពុជា​បាន​នាំ​​ចេញ​សម្លៀកបំពាក់ និង​គ្រឿង​​បន្ទាប់បន្សំ ក្នុង​ទឹកប្រាក់​សរុប ៨ ០១៧,៨៦​ លាន​ដុល្លារ កើន​ឡើង ៨,៥៣ ​ភាគរយ ​បើ​ធៀប​ឆ្នាំ ​២០២០ ដែលមាន​ចំនួន ៧ ៣៨៧,៤៣ ​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា​៕