
ភ្ញៀវទេសចរចូលទស្សនាប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប នាពេលកន្លងទៅ។ ហុង មិនា
ភ្នំពេញៈ អ្នកនៅក្នុងវិស័យទេសចរណ៍បានលើកឡើងថា ទិវាទេសចរណ៍ពិភពលោក ២០២២ ដែលកម្ពុជាគ្រោងរៀបចំធ្វើនៅដើមខែតុលាខាងមុខ នឹងអាចទាក់ទាញអ្នកទស្សនា និងបណ្តាញផ្សព្វផ្សាយជាច្រើនមកចូលរួម ខណៈតាមរយៈព្រឹត្តិការណ៍នេះ កម្ពុជារំពឹងនឹងអាចធ្វើការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍របស់ខ្លួនទៅអន្តរជាតិបានកាន់តែទូលំទូលាយ។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៩ ខែកញ្ញា បានឱ្យដឹងថា កម្ពុជានឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ ២០២២ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ Rethinking Tourism» ដែលរំលេចអំពីបម្រែបម្រួល និងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិកូវីដ ១៩។
សេចក្ដីជូនដំណឹងឱ្យដឹងទៀតថា ក្រសួងសូមជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្ថាប័នឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងដៃគូពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ឱ្យបានជ្រាបថា អង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក (World Tourism Day) លើកទី៤២ ជាផ្លូវការនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ហើយប្រទេសជាសមាជិក UNWTO នឹងប្រារព្ធទិវានេះតាមពេលវេលា និងកម្មវិធីសមស្របក្នុងប្រទេសរៀងៗខ្លួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិផងដែរ»។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៣ ខែកញ្ញាថា គ្រប់វេទិកា ឬព្រឹត្តិការណ៍ដែលកម្ពុជារៀបចំ ឬចូលរួមសហការជាមួយដៃគូ គឺសុទ្ធតែផ្តល់ផលវិជ្ជមានសម្រាប់ការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍កម្ពុជាទៅកាន់សាធារណជនលើពិភពលោកឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។ លោកបន្តថា បន្ទាប់ពីធ្លាក់ចុះស្ទើរដល់សូន្យ កាលពីអំឡុងឆ្នាំ ២០២០-២០២១ ពេលនេះកម្ពុជាទទួលបានភ្ញៀវទេសចរវិញជាបណ្តើរៗហើយ។
លោកបន្ថែមថា បើពិភពលោកមិនមានលេចឡើងនូវហេតុការណ៍អាក្រក់ណាមួយបន្ថែមទៀត ចំនួនភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជានឹងបន្តកើនឡើងដូចការរំពឹងទុករបស់ក្រសួងទេសចរណ៍ គឺចន្លោះពី ១,៥-២លាននាក់ ក្នុងឆ្នាំ ២០២២ នេះ។
លោកថ្លែងថា៖ «ទោះពេលនេះវិស័យទេសចរណ៍កម្ពុជាបានចាប់ផ្តើមមានដំណើរការឡើងវិញជាបណ្តើរៗក៏ដោយ ក៏វេទិកាបែបនេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យគេស្គាល់កាន់តែច្រើនពីកម្ពុជា។ កម្ពុជា ជាប្រទេសដែលមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍»។
លោកបន្តថា ភ្ញៀវមកកម្សាន្តនៅកម្ពុជាពេលនេះ ភាគច្រើន គឺមកជាលក្ខណៈជាក្រុមតូចៗ ឬជាលក្ខណៈគ្រួសារ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថា ក្នុងនាមអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍លោកពិតជាចង់ឃើញក្រសួងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឱ្យបានកាន់តែច្រើន ព្រោះគ្រប់ព្រឹត្តិការណ៍នឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍។ បន្ទាប់ពីស្ងប់ស្ងាត់ បច្ចុប្បន្នខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ៥០០-៧០០ នាក់ ក្នុង ១ ថ្ងៃ។
លោកបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា ទិវាទេសចរណ៍ដែលក្រសួងនឹងរៀបចំក្នុងខែក្រោយ នឹងជួយឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចូលមកកម្សាន្តកាន់តែច្រើន ខណៈចាប់ពីខែតុលា ក៏ជាពេលដែលភ្ញៀវទេសចរចេញដើរកម្សាន្តច្រើនផងដែរ»៕
ភ្ញៀវទេសចរជាច្រើនដើរកម្សាន្តនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។ រូបថត ហេង ជីវ័ន