ភ្នំពេញៈ ថ្នាក់​ដឹកនាំ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ (CCC) បាន​ឱ្យ​ដឹង​ថា នៅ​ជំហាន​បន្ទាប់ CCC គ្រោង​នឹង​បើក​ការិយា​ល័យ​តំណាង​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា ខណៈ​ការិយា​ល័យ​តំណាង​នេះ​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ទាក់​ទាញ​ក្រុម​វិនិយោ​គិន​បរទេស​ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​ ១៤ ខែ​កញ្ញា ​ថា បច្ចុប្បន្ន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​បាន​បើក​ការិយាល័យ​តំណាង​ចំនួន ២ រួច​មក​ហើយ គឺ​នៅ​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា និង​នៅ​ទីក្រុង Sendai ប្រទេស​ជប៉ុន។ វត្តមាន​ការិយាល័យ​តំណាង​ CCC បាន​ផ្តល់​ផល​វិជ្ជ​មាន​ជា​ច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​ការ​វិនិយោគ​នៅ​កម្ពុជា ព្រោះ​តាម​រយៈ​ការិយាល័យ​តំណាង​នេះ​គេ​អាច​ប្រើប្រាស់​ជា​កន្លែង​ជួប​ពិភាក្សា និង​ផ្សព្វ​ផ្សាយ​ពី​សក្តានុ​ពល​វិនិយោគ​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​វិនិយោគិន​(គ្រប់​ជាតិ​សាសន៍) ​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ផង​ដែរ។​

លោក​បាន​ថ្លែង​ថា៖ ​«​បន្ទាប់​ពី​នេះ​ការិយាល័យ​តំណាង​ទាំង ២ នៅ​ពេល​ខាង​មុខ​សភា​ពាណិជ្ជកម្ម​កម្ពុជា​គ្រោង​នឹង​ទៅ​បើក​ការិយាល័យ​តំណាង​នៅ​ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​»។ ទោះ​យ៉ាង​ណា​លោក លឹម ហេង មិន​បាន​ប្រាប់​ពី​កាល​បរិច្ឆេទច្បាស់​លាស់​នៅ​ឡើយ​ទេ។​

លោក​លើក​ឡើង​ថា តាម​រយៈ​បទ​ពិសោធដែល​ CCC ទទួល​បាន គឺ​ការិយា​ល័យ​តំណាង​កន្លង​មក​ គឺ​បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ដោយ​ផ្ទាល់ ក៏​ដូច​ជា​ធ្វើ​ការ​បញ្ជាទិញ​ផលិត​ផល​ផលិត​នៅ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​របស់​ខ្លួន​ផង​ដែរ​។​

លោក​បាន​បញ្ជាក់​ថា៖​ «​បន្ទាប់​ពី​បើក​ការិយា​ល័យ​​តំណាង​នៅ​ក្នុង​ទីក្រុង​តូរ៉ុនតូ យើង​ឃើញ​មានអ្នក​វិនិយោគ​បរទេស​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ចូល​មក​បើក​អាជីវកម្ម​នៅ​កម្ពុជា។ ​តាម​ផែន​ការ​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ នឹង​មាន​ក្រុម​អ្នក​វិនិយោគពី​ប្រទេស​កាណាដា​ជាច្រើន​អម​ដំណើរ​នាយក​រដ្ឋ​មន្ត្រី​របស់​ខ្លួន ធ្វើ​ដំណើរ​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា»។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​ក៏​មាន​សមាគម​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន ​បាន​ទំនាក់​ទំនង​មក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ដើម្បី​ឱ្យ​ទៅ​បើក​ការិយាល័យ​តំណាង​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​ ដើម្បី​ជំរុញ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន ​(CCFTA) ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​គ្រប់​ជ្រុង​ជ្រោយ​ ជា​ពិសេស​ទាក់​ទាញ​អ្នក​វិនិយោគ​ចិន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា។

បើ​តាម​លោក លឹម ហេង ក្រៅ​ពី​ប្រទេស​ចិន CCC ក៏​នឹង​ពិចារណា​ពីការ​បើក​ការិយាល័យ​តំណាង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ផង​ដែរ នៅ​ពេល​ដែល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-​កូរ៉េ ចូល​ជា​ធរមាន។

អ្នក​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយ​ថា ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​នៅ​ក្រៅ​ប្រទេស គឺ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស​ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ព្រោះ​វា​អាច​ត្រូវ​បាន​គេ​ប្រើ​ជា​កន្លែង​ផ្សព្វ​ផ្សាយ​ពី​ព័ត៌មាន​បច្ចុប្បន្ន​ភាព​ថ្មីៗ​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន។ ការ​ទទួល​បាន​ព័ត៌មាន​ដោយ​ផ្ទាល់​នឹង​ផ្តល់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​សម្រាប់​អ្នក​វិនិយោគ​។

លោក​លើក​ឡើង​ថា៖​ «​នៅ​ពេល​ CCC មានការិយាល័យ​តំណាង​កាន់​តែ​ច្រើន វា​នឹង​ជួយ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្គាល់​ពី​កម្ពុជា​បាន​កាន់​តែ​ច្រើន ហើយ​វត្តមាន​នៃ​ផលិត​ផល​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​ក៏​មាន​ចំនួន​កាន់​តែ​ច្រើន​ទៅ​តាម​នោះ​ដែរ»​៕​