
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ១៤ ខែកញ្ញា។ រូបថត SPM
ភ្នំពេញៈ ក្នុងនាមជាប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់គោលដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ ស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីឆ្លើយតបទៅនឹងការពន្លឿនការងើបឡើងវិញ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់នៅក្នុងចំណោមតំបន់អាស៊ាន ខណៈពិភពលោក និងតំបន់កំពុងប្រឈមមុខទៅនឹងឧបសគ្គជាច្រើនមានដូចជា ការបន្តអូសបន្លាយនៃជំងឺកូវីដ ១៩ ការកើនឡើងតម្លៃប្រេង និងអតិផរណាដែលបណ្តាលមកពីសង្គ្រាមប្រទេសអ៊ុយក្រែន។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី ១៤ ខែកញ្ញា លោកឱ្យដឹងថា គោលដៅយុទ្ធសាស្ដ្រចំនួន ៤ នោះរួមមានការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា, ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន, ការជំរុញសមាហរណកម្ម បរិយាប័ន្នភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន, និងអាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងអភិវឌ្ឍន៍។
លោកបានឱ្យដឹងថា ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការរក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានការច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំនៃចង្វាក់ផ្គត់ផ្គង់តំបន់ និងសកល ការតភ្ជាប់ និងភ័ស្តុភារកម្ម ការកសាងសេដ្ឋកិច្ចឌីជីថល កិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុនក្នុងការស្ដារសេដ្ឋកិច្ចតំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព។
លោកបានថ្លែងថា៖ «ជាមួយគ្នានេះដែរ អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកតាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន និងអាស៊ានបូក ១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ពិសេសការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានចូលជាធរមាន កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ»។
លោកនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា៖ «ទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងអាសិប ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តការចរចាបើកច្រកទីផ្សារសំដៅទាក់ទាញការចូលរួមពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀតក្នុងកិច្ចព្រមព្រៀងនេះ។ ក្នុងន័យនេះកិច្ចព្រមព្រៀងអាសិប ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយដែលឯករាជ្យ និងម្ចាស់ការ ហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល ជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ។ កម្ពុជានៅតែមានចំណាប់អារម្មណ៍ និងផ្ដល់គ្រប់លទ្ធភាព និងសម្បទាននៅក្នុងការទទួលយកលេខាធិការដ្ឋានមួយនេះ»។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានឱ្យដឹងថា ជាក់ស្ដែងអាស៊ាននៅតែបន្តធានាបាននូវរំហូរដោយសេរីនូវការធ្វើពាណិជ្ជកម្មទំនិញ និងសេវាកម្មដែលចាំបាច់ទាក់ទងនឹងសន្ដិសុខស្បៀង និរន្តរភាព និងភាពធន់នៃចង្វាក់ផ្គត់ផ្គង់ ដែលក្នុងនោះ ផលិតផលក្នុងស្រុកសរុបនៃតំបន់អាស៊ានត្រូវរំពឹងថា នឹងមានកំណើនប្រមាណពី ៣,០ ភាគរយ ក្នុងឆ្នាំ ២០២១ ទៅដល់ ៥,០ ភាគរយ ក្នុងឆ្នាំ ២០២២ និង ៥,២ ភាគរយ ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានអាស៊ាន។
លោកលើកឡើងថា៖ «ឆ្នាំ ២០២២ គឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣ ហើយក្នុងនាមជាប្រធានអាស៊ាន ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ខ្ញុំ និងបណ្ដាសហសេវិកដែលជារដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ នឹងបន្តខិតខំជំរុញការពន្លឿន និងការធ្វើសុខដុមនីយកម្មរាល់កិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញលើគ្រប់វិស័យសំដៅកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្នចីរភាព និងភាពធន់ក្រោយវិបត្តិជំងឺកូវីដ ១៩»។
លោកបានអះអាងថា៖ «កម្ពុជាសូមបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត ក្នុងស្មារតីបុរេសកម្ម និងឆន្ទៈមុតមាំជាមួយសមាជិកអាស៊ានទាំងអស់ ដៃគូសន្ទនារបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ានសំដៅសម្រេចបាននូវសមិទ្ធផលអាទិភាពនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន៕