
យន្តហោះ ANA Airline របស់ប្រទេសជប៉ុន ចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ ការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវទាក់ទងនឹងវិធានការជំងឺកូវីដ ១៩ និងកំណើននៃជើងហោះហើរជាទូទៅ បានធ្វើឱ្យតម្លៃសំបុត្រយន្តហោះរបស់បណ្តាក្រុមហ៊ុនដែលមានប្រតិបត្តិការហោះហើរមកកម្ពុជាពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន ក្នុងអំឡុងពេលនេះធ្លាក់ចុះចន្លោះពី ២០-៥០ ភាគរយ បើធៀបត្រីមាសទី១ ឆ្នាំ ២០២២។ នេះបើយោងតាមថ្នាក់ដឹកនាំនៃរដ្ឋលេខាធិរដ្ឋានអាកាសចរស៊ីវិល។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែកញ្ញាថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការរីករាលដាលជំងឺកូវីដ ១៩ និងការប្រកាសបើកប្រទេសឡើងវិញបានធ្វើឱ្យចំនួនជើងហោះហើរនៅក្នុងប្រទេស និងពីក្រៅប្រទេសចូលមកកម្ពុជាកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងក្នុងពេលនេះការហោះហើរត្រង់កម្ពុជា-ចិន មានរហូតដល់ ៣០ ជើង ក្នុង ១ សប្តាហ៍ (១៥ ជើងពីកម្ពុជា និង ១៥ ជើងមកពីប្រទេសចិន) ខណៈកាលពីខែកក្កដា មានត្រឹមតែ ៦ ជើងប៉ុណ្ណោះ (៣ ជើងទៅ ៣ ជើងមក)។ លោកបានបន្តថា កំណើនចំនួនជើងហោះហើរក៏បានទាញឱ្យតម្លៃសំបុត្រយន្តហោះធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។
លោកលើកឡើងថា៖ «ជាក់ស្តែងប្រទេសចិន តម្លៃសំបុត្រពីមុន (អំឡុងការរីករាលដាលជំងឺកូវីដ ១៩ ខ្លាំង) តម្លៃសំបុត្រយន្តហោះទៅមកជាមួយកម្ពុជា មានតម្លៃរហូតដល់ជាង ១ ម៉ឺនដុល្លារ ក្រោយមកធ្លាក់មកនៅ ៦ ពាន់ដុល្លារ បន្ទាប់មកធ្លាក់មកដល់ ៣ ពាន់ដុល្លារ ហើយពេលនេះធ្លាក់មកនៅត្រឹមជាង ១ ពាន់ដុល្លារប៉ុណ្ណោះ។ ការបន្តធ្លាក់ចុះនេះ គឺដោយសារតែប្រទេសគាត់បើកជាបណ្តើរៗ ហើយចំនួនជើងហោះហើរកាន់តែកើនឡើងៗរវាងប្រទេសយើង និងប្រទេសគាត់»។
ដោយឡែកតម្លៃសំបុត្រយន្តហោះរវាងកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុប គឺតម្លៃធ្លាក់ចុះនៅក្នុងរង្វង់ ២០-៣៥ ភាគរយ ដោយអាស្រ័យតាមប្រទេសដែលបើកចំហ ឬបន្តវិធានរឹតបន្តឹង។
លោកបន្ថែមថា៖ «ការបារម្ភ ១ ទៀតនោះ គឺភាពមិនប្រាកដប្រជានៃការកើនឡើងតម្លៃប្រេង ដែលអាចជាបច្ច័យអវិជ្ជមានដល់តម្លៃសំបុត្រយន្តហោះ»។
លោក ស សារិន នាយកគ្រប់គ្រងអាជីវកម្ម ក្រុមហ៊ុនទេសចរណ៍ ភី ធី អឹម បាននិយាយថា ការបើកដំណើរការសេដ្ឋកិច្ចកាន់តែទូលាយ និងកំណើននៃចរាចរណ៍ជើងហោះហើរ បានធ្វើឱ្យតម្លៃសំបុត្រយន្តហោះនៅគ្រប់គោលដៅធ្លាក់ចុះ ដោយសំបុត្រយន្តហោះក្នុងតំបន់អាស៊ាន តម្លៃធ្លាក់ចុះនៅក្នុងរង្វង់ប្រមាណពី ២០-៣០ ភាគរយ ខណៈទៅប្រទេសចិន បានធ្លាក់ចុះច្រើនជាង ៥០ ភាគរយ បើធៀបពេលតម្លៃសំបុត្រឡើងខ្ពស់បំផុត។
លោកបន្តថា តម្លៃនឹងធ្លាក់ចុះថែមទៀតនៅពេលដែលតម្លៃប្រេង និងសេដ្ឋកិច្ចពិភពលោកកាន់តែល្អ។
លោកប្រាប់ថា៖ «តម្លៃសំបុត្រយន្តហោះទៅចិន ដែលឡើងយ៉ាងគំហុកកាលពីមុន នៅពេលនេះបានធ្លាក់ចុះច្រើនផងដែរ។ វានឹងធ្លាក់ចុះទៀត»។
ទិន្នន័យក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេល ៨ ខែ ដើមឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុប ៩៩៨ ២៧២ នាក់ កើន ៧២០,២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះភ្ញៀវតាមផ្លូវអាកាស ៣៩៦ ៥៩១ នាក់ កើនឡើង ៥៩៥ ភាគរយ៕