ភ្នំពេញៈ សមាគម​មីក្រូ​ហិ​រ​​ញ្ញ​វត្ថុ ​(CMA) បាន​យល់​ស្របតាម​សំណើ​របស់​លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​​ផ្តល់​ឥណទាន​ជាមួយ​អត្រា​ការ​​ប្រាក់​ក្រោម​ទីផ្សារ​ដល់​ប្រជា​​ពលរដ្ឋ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​​ឯក ដែល​ស្ម័គ្រចិត្ត​ចាក​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោក ហ៊ុន សែន កាល​ថ្ងៃទី​ ១៣ ខែកញ្ញា បាន​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្តល់ប្រាក់​កម្ចី​ជាមួយ​អត្រា​ការប្រាក់​ទាប​ជូន​ប្រជាពលរដ្ឋ​ដែល​បានមក​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ក្រោយពី​ស្ម័គ្រចិត្ត​រើ​លំនៅ​​ឋាន និង​សំណង់​ផ្សេងៗ ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ខ្ញុំ​អំពាវនាវ​ចំពោះ​ម្ចាស់​មីក្រូ​ហិរញ្ញវត្ថុ ជួយផ្តល់​ប្រាក់កម្ចី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បានមក​រស់​​នៅក្នុង​តំបន់​រុន​តា​ឯក ដោយ​អត្រា​ការប្រាក់​ទាប និង​ដោយ​ភាពអនុគ្រោះ​»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ​១៤ ខែកញ្ញា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សូម​ប្រកាស​គាំទ្រ​ប្រសាសន៍​អំពាវនាវ​របស់ លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន ដែល​បានស្នើ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុងការ​សម្របសម្រួល​ផ្ត​ល់ឥណ​​ទាន​ជាមួយ​ «​អត្រា​ការប្រាក់​ទាប​និង​ដោយ​ភាពអនុគ្រោះ​»​ ជូន​ប្រជាជន​ដែល​បានមក​រស់​​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។​

CMA បាន​លើកឡើងថា​៖ «​សមាគម​សូម​លើកទឹកចិត្ត​ដល់​សមាជិក​របស់​សមា​គម​ទាំងអស់​ដែលមាន​ប្រតិបត្តិការ​ក្នុង​តំបន់​ខាងលើ មេត្តា​សម្រប​សម្រួល​ផ្តល់​ឥណទាន​ថ្មីៗ ប្រ​កប​ដោយ​ភាពងាយស្រួល និង​លក្ខខណ្ឌ​អនុគ្រោះ​សមស្រប ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់ប្តូរ​លំនៅ​មក​ភូមិ​ធម្មជាតិ រុន​តា​ឯក​តាម​ការអំពាវនាវ​របស់​រាជរដ្ឋាភិបាល​។ កាយវិការ​នេះ​ជាការ​ចូលរួម​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ ជាមួយ​រដ្ឋាភិបាលក្នុងការ​ថែរក្សា​និង​អភិរក្ស​តំបន់​អង្គរ ដែលជា​បេតិកភណ្ឌ​ពិភព​លោក និង​មនុស្សជាតិ​»​។​

​លោក សុខ វឿន ប្រធាន​ក្រុម​​ប្រឹក្សា​ភិ​បាល​នៃ​សមាគម​មីក្រូ​​ហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ LOLC បាន​ប្រាប់ថា បន្ទាប់ពី​ការស្នើសុំ​របស់លោក​​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី ​១៣ ខែកញ្ញា សមាគម​បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​សមាជិក​របស់ខ្លួន បន្ទាប់មក​រាល់​សមាជិក​ទាំង​​អស់​បាន​យល់ព្រម​តាម​សំណើ​របស់​លោកនាយ​រដ្ឋ​មន្ត្រី​ក្នុងការ​បញ្ចុះ​អត្រា​ការប្រាក់ និង​លក្ខខណ្ឌ​អនុគ្រោះ​ដើម្បី​ផ្តល់ ឥណទាន​ដល់​អ្នកមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការយក​ទៅប្រើ​​ប្រាស់ ​ឬ​សាងសង់​លំនៅឋាន​។​

​លោក​ថ្លែងថា​៖ «​សមាជិក​របស់​យើង​បាន​ឯកភាព​តាម​សំណើ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ក្នុងការ​ផ្តល់​កម្ចី​ជាមួយ​អត្រា​ក្រោម​ទីផ្សារ និង​លក្ខខណ្ឌ​សមស្រប​សម្រាប់​ប្រជាជន​ក្នុង​ភូមិឋាន ធម្មជាតិ​រុន​តា​ឯក​។ ប៉ុន្តែ​យើង​នឹងធ្វើ​ការវាយតម្លៃ​ក្នុងការ​ផ្តល់​ទំហំ​ឥណទាន​ទៅតាម​លទ្ធភាព​សង​ជាក់ស្តែង​របស់​បងប្អូន​ប្រ​ជា​ពលរដ្ឋ​ដែល​បាន​ប្តូរ​លំនៅ​​ឋាន​ពិតប្រាកដ​នៅ​ទីនោះ ជា​​មួយ​នឹង​លំហូរ​ប្រាក់ចំណូល​របស់​ពួកគាត់​ផងដែរ​​»។

​លោក​បន្ថែមថា​៖ «​យើង​នឹងមិន​ផ្តល់នូវ​ឥណទាន​ណា​ដែល​មិនបាន​ជួយ​ដល់​ប្រជាពលរដ្ឋ បែរជា​ផ្តល់​ជា​បន្ទុក​បន្ថែម​នោះទេ ដូច្នេះ​យើង​មាន​មន្ត្រី​របស់​យើង​នឹងធ្វើ​ការវាយតម្លៃ​»​។​

​លោក​ប្រាប់ទៀតថា លោក​ក៏បាន​ប្រជុំ​ជាមួយ​ប្រធាន​សាខា​ស្ថាប័ន​របស់លោក​នៅ​ខេត្តសៀមរាប ​ក្នុងការ​ផ្តល់​ជា​គោល​​ការណ៍​អនុវត្តន៍​ទៅតាម​សេចក្តី​ណែនាំ​របស់​សមាគម​ផងដែរ​។​

​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំ​​ណង់បង្ហាញថា ប្រតិបត្តិការ​ក្នុងការ​រក្សា​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិ​ភព​លោក គិត​ចាប់ពី​ថ្ងៃទី ​១៨ សីហា ដល់​ថ្ងៃទី​ ១០ ខែកញ្ញា បានបញ្ចប់​ការវាស់វែង​ក្បាលដី និង​ស្រង់​ព័ត៌មាន អ្នកកាន់កាប់​ដី​នៅ​ភូមិ​គោលដៅ​ទាំង ១១៤ ​ភូមិ ក្នុង​ឃុំ​ចំនួន​ ១៧ សង្កាត់​ចំនួន ​៧ ក្រុង​ចំនួន​ ១ និង​ស្រុក​ចំនួន​ ៤ ដោយ​វាស់វែង​ក្បាលដី បាន​សរុប ៩៣ ៣៥១​ ក្បាលដី ទំហំ ១០ ៩៤៥​ហិកតា​។ ក្នុងនោះ​ក្បាលដី​មាន​សំណង់​ចំនួន ៣៩ ០៤០ ​ក្បាលដី​, ក្បាលដី​គ្មាន​សំណង់​ចំនួន ៤៧ ៣៤០​ ក្បាលដី និង​ក្បាលដី​ជាំ​ដីស្រែ​ចម្ការ ៦ ៩៩១ ​ក្បាលដី​។​

​សម្រាប់​ប្រជាពលរដ្ឋ​ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង និង​ភូមិ​ត្រ​ពាំង​សេស ដែល​គ្រប់​លក្ខខណ្ឌ និង​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខុស​​ច្បាប់​ទៅ​ចាប់ឆ្នោត​ជ្រើសរើស​ដីឡូត៍​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​រួច ចំនួន ១ ១១៧ ដោយ​ក្នុង ​១ ​គ្រួសារ ទទួលបាន​ដី​ចំនួន ១​ ​ឡូត៍ ទំហំ ២០ ​ម៉ែត្រ​គុណ ៣០ ​ម៉ែត្រ​៕