​ភ្នំពេញៈ បរិមាណ​អង្ករ​សរុប​ប្រមាណ​ជិត ៣៩​ ម៉ឺន​តោន​ត្រូវបាន​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ​៥៤ ​ប្រទេស​ក្នុង​​រយៈពេល ៨​ ខែ​ក្នុង​ឆ្នាំ​ ២០២២ នេះ ក្នុង​ទំហំ​ទឹកប្រាក់​ជិត ២៤៣ ​លាន​ដុល្លារ​។ ទីផ្សារ​ចិន​នៅតែ​ឈរ​ជា​អ្នក​ទទួល​ការ​នាំចូល​លំដាប់​ទី​ ១ ដដែល​។​

​យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុ​ជានា​ដើមខែ​កញ្ញា​នេះ ក្នុង​រយៈពេល ៨ ​ខែ​នៃ​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​សរុប ៣៨៩ ០០០​ តោន [​បើ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២៤២,៨០ លាន​ដុល្លារ​] បាន​កើន​ក្នុង​អាត្រា ១៣,២៦% ធៀប​នឹង​បរិ​មាណនៃ​ការនាំចេញ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១។ ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី​ ១ ដែល​ស្មើនឹង​អត្រា ៤៦% បារាំង​នៅ​លំដាប់​ទី​ ២ ក្នុង​អត្រា ១៥% ហើយ​ម៉ាឡេស៊ី​ឈរ​នៅ​លំដាប់​ទី​ ៣ ក្នុង​អត្រា ៦% ព្រមទាំង​បណ្តា​ប្រទេស ៥១ ​ផ្សេងទៀត​ក្នុង​ទ្វីបអាស៊ី អឺរ៉ុប និង​អា​ហ្វ្រិ​ក​។​

​ការនាំចេញ​អង្ករ​ដែល​កម្ពុជា​សម្រេច​បាន​ចំនួន ៣៨៩ ពាន់​តោន ក្នុង​រយៈពេល ៨ ​ខែ​នេះ បាន​កើន​ក្នុង​អត្រា ១៣,២៦% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។​

​របាយ​ការណ៍​ដដែល​បង្ហាញថា សម្រាប់​ទ្វីប​អឺ​រុ​ប កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​បណ្តា​ប្រទេស​ចំនួន ២៦ ក្នុង​រង្វង់ ១៤១ ៤៨៣ ​តោន គិត​ជា​ទឹកប្រាក់​សរុប ៩៨,៧៤ លាន​ដុល្លារ​។ ចំណែក​ក្នុង​ទ្វីបអាហ្វ្រិក​សរុប​ចំនួន ៩ ​ប្រទេស មាន​ចំនួន ១៣ ៤៩២ តោន គិត​ជា​ទឹកប្រាក់​ចំនួន​ជាង ១២,១២ លាន​ដុល្លារ​។ តំបន់​មជ្ឈិមបូព៌ា​មាន ៤ ​ប្រទេស បាន​ចំនួន ៦ ២០៨ ​តោន គិត​ជា​ទឹកប្រាក់​ចំនួន ៥,៤៥ លាន​ដុល្លារ​។ ក្នុង​តំបន់​អាស៊ាន​វិញ សរុប​ចំនួន ៤ ប្រទេស នាំចេញ​ក្នុង​បរិមាណ ៣៤ ៦៣៣ ​តោន គិត​ជា​ទឹកប្រាក់​ចំនួន ២៣,៥៧ លាន​ដុល្លារ​។​

​លោក ​ថេ​ង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC) បែរជា​យល់ឃើញថា ចំពោះ​ស្ថានភាព​ផលិត​ស្រូវ​អង្ករ​នៅក្នុង​ស្រុក​គឺ​ស្ថិតក្នុង​ស្ថានភាពដុនដាប ដោយសារតែ​កត្តា​ប្រែប្រួល​អាកាសធាតុ ដែល​យាយី​រំខាន​ដល់​កសិករ​ដែល​តំបន់​ខ្លះ​។ លោក​បាន​គូសបញ្ជាក់​ទៀតថា បញ្ហា​ទឹកជំនន់ តំបន់​ខ្លះ​ជួប​បញ្ហា​គ្រោះរាំងស្ងួត ដោយហេតុ​ភាគច្រើន​ប្រជាកសិករ​នៅ​ប្រកបការងារ​ស្រែ​ស្រូវ​នេះ​តាមបែប​ប្រពៃណី​។​

​បើ​យោងតាម​លោក​ ថេ​ង សាវឿន នាពេល​កន្លងមក ប្រជាកសិករ​បាន​ត្អូញត្អែរ​ចំពោះ​បញ្ហា​ស្រួ​វ​អង្ករ​គឺ​ទីផ្សារ​នៅពេល​ប្រមូល​ផល អត្រា​ទិញស្រូវ​មានតម្លៃ​ទាប ធ្វើឱ្យ​ពួកគាត់​ទូទាត់​ទៅ​មិនអាច​រួច​ថ្លៃ​ទុនដើម ដោយសារ​ពួកគាត់​លក់​ទៅបាន​តម្លៃ​ទាប តែ​ចំណាយ​ច្រើន​លើ​ការផលិត តួយ៉ាង​តម្លៃ​ប្រេងឥន្ធនៈ ជី ឈ្នួល សម្ភារ​កសិកម្ម មានតម្លៃ​ថ្លៃ​។​

​លោក​ ថេ​ង សាវឿន បាន​បន្ថែមថា​៖ « ដើម្បី​ឱ្យ​វិស័យ​កសិកម្ម​កម្ពុជា​កាន់តែ​មានការ​រីកចម្រើន ចាំបាច់​ត្រូវ​រៀបចំ​ឱ្យមាន​ទុន ឬ​ប្រាក់កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប​សម្រាប់​គាំទ្រ​វិស័យ​កសិកម្ម ជាពិសេស​ប្រជាកសិករ​ខ្នាតតូច ការរៀបចំ​ប្រព័ន្ធធារាសាស្ត្រ បច្ចេកទេស​កសិកម្ម និង​ជាពិសេស​ការធ្វើ​ពាណិជ្ជកម្ម​-​ទីផ្សារ​កសិកម្ម ដែល​ត្រូវ​ជួយ​សម្របសម្រួល​ដល់ក​សិ​ករ​បន្ថែមទៀត ព្រមទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាកសិករ​ទាក់ទង​លក្ខខណ្ឌ​ទីផ្សារ​នាំចេញ​-​នាំចូល ផលិតផល​កសិកម្ម​»​។​

​បើ​យោងតាម​របាយការណ៍រ​បស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រភេទ​អង្ករ​ដែល​កម្ពុជា​បានធ្វើ​ការនាំចេញ​មានដូចជា អង្ករ​ក្រអូប​គ្រប់​ប្រភេទ​នាំចេញ​បាន​ចំនួន ៦៥,៨% អង្ក​រស​ចំនួន ២៩,៩១% អង្ករ​សរីរាង្គ​ចំនួន​ជិត ២% អង្ករ​ចំ​ហុយ ចំនួន​ជាង​ ២% និង​អង្ករដំណើប​ចំនួន ០,០១% ។ កាលពី​ឆ្នាំ​ ២០២១ ការនាំចេញ​អង្ករ​បាន​ធ្លាក់ចុះ​ប្រមាណ​ ១០,៦៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០៕