សៀមរាបៈ កំណើន​នៃ​ការ​ប្រើ​ប្រាស់​យាន​យន្ត​អគ្គិ​សនី​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​កំណើន​កាន់​តែ​ច្រើន​នៅ​ពេល​ខាង​មុខ ខណៈ​រដ្ឋាភិបាល​ទើប​បើក​សម្ពោធ​ស្ថានីយ​បញ្ចូល​ថាម​ពល​យាន​យន្ត​អគ្គិ​សនី (EV Charging Station) ទី​ ៣ នៅ​ក្នុង​ខេត្ត​សៀមរាប។

យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​រយៈ​ពេល​ ៧​ ខែ ឆ្នាំ​ ២០២២ មាន​រថយន្ត​អគ្គិសនី​សរុប ៣០៥ គ្រឿង​ត្រូវ​បាន​ចុះ​បញ្ជី ខណៈ​ក្នុង​រយៈ​ពេល​ ៧ ​ខែ​ឆ្នាំ ​២០២១ មាន​ចំនួន​ត្រឹម​តែ ១៦​ គ្រឿង​ប៉ុណ្ណោះ​ ដោយ​កើនឡើង​ប្រមាណ ១ ៨០៦ ​ភាគ​រយ​។ កំណើន​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ការ​យល់​ដឹង និង​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​លើ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ថានីយ​បញ្ចូល​ថាម​ពល​យាន​យន្ត​អគ្គិ​សនី (EV Charging Station) ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី​ ១៤ ខែ​កញ្ញា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ពិភព​លោក​បាន​ដើរ​ដល់​ដំណាក់​កាល​ថ្មី​មួយ​ គឺ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី ដែល​ជា​ប្រភេទ​រថយន្ត​មាន​គុណ​សម្បត្តិ​ល្អ​ច្រើន​បើ​ធៀប​ជា​មួយ​រថយន្ត​ប្រើ​ប្រេង​ឥន្ធនៈ។

លោក​ថ្លែង​ថា៖​ «​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិ​សនី គឺ​ចំណេញ​ថាមពល​ច្រើន​ជាង​រថយន្ត​ប្រើ​ប្រេង​ឥន្ធនៈ​ដល់​ទៅ​ ៣ ដង ចំណែក​ការ​ជួស​ជុល​ថែទាំ​មាន​ការ​ចំណាយ​តិច​ ដោយ​សារ​គ្រឿង​បន្លាស់​រថយន្ត​អគ្គិសនី​មាន​ចំនួន​តិច ជា​ពិសេស​ជាង​នេះ​ទៀត ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​មិន​បំភាយ​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយា​កាស និង​មាន​សំឡេងស្ងាត់​ល្អ​ផងដែរ»​។ ប្រជាពល​រដ្ឋ​ខ្មែរ​នៅ​ពេល​នេះ ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ពី​សារៈ​សំខាន់​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី»។

ទោះ​យ៉ាង​ណា លោក​ ចាន់ថុល បាន​លើក​ឡើង​ថា ដើម្បី​អាច​ជំរុញ​ឱ្យ​សកម្ម​ភាព​នៃ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​មាន​ដំណើរ​ការ​ទៅ​មុខ​រលូន​ល្អ គឺ​ត្រូវ​ការ​ជា​ចាំបាច់​ការ​ចូល​បណ្តាក់​ទុន​របស់​ផ្នែក​ឯកជន​ទៅ​លើ​ម៉ាស៊ីន​បញ្ចូល​អគ្គិសនី​នៅ​តាម​ស្ថានីយ​ចាក់​ប្រេង​ឥន្ធនៈ។​ លោក​បញ្ជាក់​ថា៖ ​«​យើង​សង្ឃឹម​ថា វិស័យ​ឯកជន​ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត នឹង​ផ្ដល់​ស្ថានីយ​បញ្ចូល​ថាម​ពល​អគ្គិសនី​យាន​យន្ត​បន្ថែម​ទៀត​ដើម្បី​ឱ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អាចទិញ​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ច្រើន និង​ប្រើ​ប្រាស់​បាន​ទូលំ​ទូលាយ»។

បើ​តាម​លោក ចាន់ថុល អត្រា​ពន្ធ​នាំ​ចូល​រថយន្ត​ធម្មតា​(ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ) ជា​មធ្យមគឺ​ប្រហែល​ ១២២ ​ភាគ​រយ​ ប៉ុន្តែ​ចំពោះ​រថយន្ត​ប្រើប្រាស់​ថាម​ពល​អគ្គិសនី គឺ​អាច​ស្ថិត​នៅ​ប្រហែល​ ៥០​ ភាគ​រយ។​ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​រថយន្ត​ប្រមាណ ១​លាន​គ្រឿង និង​ម៉ូតូ ប្រហែល ៥,៧​ លាន​គ្រឿង​។

លោក Butchaiah Gadde តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា UNDP ពិត​ជា​​រីក​រាយ​ដែល​បាន​សហការ​ជា​មួយ​នឹង​រដ្ឋាភិបាល​​ក្នុង​ការជំរុញ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​យាន​យន្ត​អគ្គិ​សនី​នៅ​កម្ពុជា ដែល​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​ការ​ពារបរិស្ថាន​។

ម្ចាស់​ហាង​លក់​រថយន្ត​ ១​ កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដែល​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ទោះ​ជា​ពេល​នេះ​លោក​ឃើញ​មាន​រថយន្ត​អគ្គិសនី​មួយ​ចំនួន​កំពុង​ចរាចរនៅ​តាម​ដង​ផ្លូវ​ក៏​ដោយ ក៏​កន្លែង​របស់​លោក​នៅ​មិន​ទាន់​បាន​យក​រថយន្ត​ប្រទេស​នេះ​មក​ដាក់​លក់​ទេ ព្រោះ​មិន​ដែល​មាន​អតិថិជន​សួរ​រក។ ម៉្យាង​ស្ថាន​ភាព​ពេល​នេះ ​ក៏​ពិបាក​រក​កន្លែង​បញ្ចូល​ភ្លើង​ដែរ ហើយ​ទៅ​តាម​ខេត្ត​កាន់​តែ​ពិបាក​។

លោក​បាន​ប្រាប់​ថា៖ ​«​ខ្ញុំ​មិន​ទាន់​​នាំ​យក​រថយន្ត​ប្រើ​អគ្គិសនី​មក​លក់​ទេ ចាំមើល​គេ​សិន ពិសេស​កន្លែង​បញ្ចូល​ភ្លើង»។

ក្រុមហ៊ុន ឈេហ្វរ៉ុន​ (​ខេមបូឌា​) ​លីមីធីត កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មេសា កន្លង​មក បាន​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​លើក​ដំបូង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ផ្លូវ​ព្រៃស ក្នុង​សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ប្រធាន​ក្រុមហ៊ុន ឈេហ្វរ៉ុន​ (​ខេមបូឌា) លីមីធីត លោក Pongtorn Tangmanuswong បាន​និយាយ​ថា ការដាក់​ឱ្យ​ដំណើរ​ការ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​ទី​ ១ នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​រីក​ចម្រើន​ថ្មី​មួយ​ទៀត​ក្នុង​ការ​ផ្តល់​សេវា​របស់​ខ្លួន​នៅ​កម្ពុជា ជា​ពិសេស​ជា​ការ​ចូល​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ក៏​ដូច​ជា​នាពេល​អនាគត​។

គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែ​កញ្ញា ឆ្នាំ​ ២០២២ ក្រសួង​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​ស្ថានីយ​បញ្ចូល​ថាម​ពល​យាន​យន្ត​អគ្គិសនី​បាន​ចំនួន ៣​ ទីតាំង រួច​មក​ហើយ​ គឺទី​ ១ ស្ថិត​នៅ​ទីស្ដីការ​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន ទីតាំង​ទី​ ២ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ និង​ទីតាំងទី​ ៣ នៅ​ក្នុង​ក្រុង​សៀមរាប។ តាម​ផែនការ​ក្រសួង​គ្រោង​នឹង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាម​ពល​យាន​យន្ត​អគ្គិសនី​ទី ៤ នៅ​ខេត្ត​បាត់ដំបង ដែល​ជា​ជំនួយ​របស់​អង្គការ UNDP៕