ភ្នំពេញៈ កម្ពុជា​បាន​ស្នើ​ឱ្យ​អាស៊ាន និង​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​ទាំងមូល ចាំបាច់​ត្រូវ​យក​ចិត្ត​ទុកដាក់ លើ​អន្តរកាល​ថាមពល ដែល​ជា​កិច្ច​ការ​គន្លឹះ​មួយ ក្នុង​ការ​ជំរុញ​ការ​ស្តារ និង​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​ឡើង​វិញ ប្រកប​ដោយ​ចីរភាព និង​ភាព​រឹងមាំ​។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​បើក​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​៤០ កិច្ចប្រជុំ​ពាក់ព័ន្ធ និង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន​​ឆ្នាំ​ ២០២២​ ក្រោម​មូលបទ «​បង្កើនល្បឿន​អន្តរកាល​ថាមពល​៖ ការស្តារ​សេដ្ឋកិច្ច​ឡើង​វិញ និង​កំណើន​ប្រកប​ដោយ​ចីរភាព​» នៅ​ថ្ងៃទី​ ១៥ ខែ​កញ្ញា ឆ្នាំ​ ២០២២​ នេះ​ថា ក្នុងនាម​ជា​ប្រធាន​នៅក្នុង​ឆ្នាំ​ ២០២២​ នេះ កម្ពុជា​នឹង​បន្ត​ចូលរួម​ចំណែក​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មីៗ និង​ជំរុញ​ការចូលរួម​បន្ថែម​លើ​រាល់​សកម្មភាព និង​គម្រោង​អន្តរកាល​ថាមពល​ក្នុង​តំបន់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។

បើ​យោងតាម​លោក​នាយក​រដ្ឋមន្ត្រី គំនិត​ផ្តួចផ្តើម​ចំនួន​ ៤ ​រួមមាន ការជំរុញ​ការអនុវត្ត​ការតភ្ជាប់​ខ្សែ​បញ្ជូន​ថាមពល​អាស៊ាន និង​បំពង់​ឧស្ម័ន​កាត់​តាម​បណ្តា​ប្រទេស​អាស៊ាន​; ការជំរុញ​ការអនុវត្ត​គោលនយោបាយ ច្បាប់ និង​បទប្បញ្ញត្តិ​ថាមពល​ស្អាត កិច្ចការ​បរិស្ថាន និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ឱ្យ​បាន​ជា​អតិបរមា​ ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​ និង​ការចូលរួម​យ៉ាង​សកម្ម ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផែនការ​សកម្មភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ថាមពល​អាស៊ាន​ឆ្នាំ​ ២០២១-២០២៥ ដូចដែល​បានកំណត់​។

លោក​បាន​ថ្លែង​ថា​៖ «​កម្ពុជាបាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ក្នុងការ​បញ្ចូល​ប្រភព​ថាមពល​កកើត​ឡើង​វិញ ទៅ​ក្នុង​ល្បាយ​នៃប្រភព​ថាមពល​របស់​ខ្លួន​។ ជាក់ស្តែង ក្នុង​ឆ្នាំ​ ២០២១ កន្លង​មក​នេះ​ថាមពល ដែល​បាន​មកពី​ប្រភព​ថាមពល កកើត​ឡើង​វិញ រួមមាន​វារី​អគ្គិសនី ថាមពល​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ និង​ថាមពល​ជីវម៉ាស់ បាន​កើន​ឡើង​ទៅ​ដល់ ៤០ ​ភាគរយ​នៃ​ថាមពល​សរុប​របស់​កម្ពុជា​»។

យោង​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បើ​ពិនិត្យ​មើល​តាម​ទំហំ​អានុភាព​នៃ​ប្រភព​ថាមពល​របស់​កម្ពុជា ចំណែក​អានុភាព​នៃ​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ គឺ​មាន​រហូតដល់ ៥៥ ភាគរយ​នៃ​អានុភាព​ដំឡើង​សរុប​។

លោក​បាន​គូស​បញ្ជាក់​ថា​៖ «​សម្រាប់​ទិសដៅ​ទៅមុខ​កម្ពុជា​នឹង​បន្ត​ជំរុញ​ការយក​ចិត្ត​ទុក​ដាក់​លើ​ការអភិវឌ្ឍ​ប្រសិទ្ធភាព​ថាមពល និង​ថាមពល​កកើត​ឡើង​វិញ​ឱ្យបាន​អតិបរមា និង​ជា​បន្តបន្ទាប់ ទៅតាម​លទ្ធភាព​ទទួល​បាន​របស់​ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល​កម្ពុជា ជាមួយ​នឹង​ការកាត់​បន្ថយ​ការអភិវឌ្ឍ​គម្រោង​ប្រភព​ថាមពល​ដែល​ប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល ដែល​មាន​ធ្យូងថ្ម និង​ប្រេង​ជាដើម​»​។

លោក​បាន​គូស​បញ្ជាក់​ទៀត​ថា ដើម្បី​សម្រេច​ទិសដៅ​នេះ កម្ពុជា​បាន និង​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ធ្វើការ​សិក្សា និង​រៀបចំ​ផែន​ការមេ​អភិវឌ្ឍន៍​វិស័យ​ថាមពល​របស់​កម្ពុជា​រហូតដល់​ឆ្នាំ ២០៤០ គោលនយោបាយ​ជាតិ​​ស្តីពី​ប្រសិទ្ធភាព​ថាមពល អំពី​ផែនទី​បង្ហាញ​ផ្លូវ​ស្តីពី​ការ​អភិវឌ្ឍ​អន្តរកាល​ថាមពល​ស្អាត ឆ្ពោះទៅ​អព្យាក្រឹតភាព​កាបូន និង​គោលនយោបាយ​អភិវឌ្ឍន៍​ថាមពល​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល​នៅ​កម្ពុជា​។

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ​បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​បាន​កំណត់​នូវ​គោលដៅ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ថាមពល​និង​ការ​ចូលរួម​ចំណែក​សម្រេច​ឱ្យបាន​អព្យាក្រឹតភាព​កាបូន ជាមួយ​ថ្នាក់​ដឹកនាំ​ក្នុង​តំបន់ ដោយ​កម្ពុជា​បាន​សិក្សា​ និង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​ឆ្នាំ​ ២០២២-២០៤០ ដែល​ជា​ផែនការ​ពេញលេញ គ្រប់​ជ្រុងជ្រោយ​ និង​មាន​រយៈពេល​វែង ដោយ​រួមបញ្ចូល​ ទាំង​ការព្យាករ​អំពី​កំណើន​នៃ​សេចក្ដី​ត្រូវការ​អគ្គិសនី ផែនការ​ពង្រីក​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែម និង​ផែនការ​សាងសង់​ប្រព័ន្ធ​បញ្ជូន​ និង​ចែកចាយ​អគ្គិសនី​។

លោក​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«ចក្ខុវិស័យ​ថាមពល​របស់​ប្រទេស​កម្ពុជា គឺ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យបាន​គ្រប់គ្រាន់ មាន​តម្លៃ​សមរម្យ​ និង​អាច​ទុកចិត្ត​បាន ដល់​អ្នក​ប្រើប្រាស់​គ្រប់​ប្រភេទ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​​»។

កាលពី​ថ្ងៃទី​ ២ ​ខែកញ្ញា​ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចេញ​ផ្សាយ​ឯកសារ​​គោលជំហរ​របស់​ខ្លួន​ស្តី​អំពី​ថាមពល​កកើត​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា​ថា កម្ពុជា​គួរ​ជ្រើសរើស​យក​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​ថាមពល​កកើត​ឡើង​វិញ​ដែល​មាន​តម្លៃ​សមរម្យ ប៉ុន្តែ​ពួកគេ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ថ្លៃ​អានុភាព​ (Capacity Charge) សំដៅ​ដើម្បី​លើក​ទឹកចិត្ត​ដល់​បណ្តា​វិនិយោគិន​ក្នុង​វិស័យ​ឧស្សាហកម្ម​ងាក​ទៅរក​ការ​ប្រើប្រាស់​ថាមពល​ស្អាត​៕