ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​តំបន់​វិនិយោគ​អាស៊ាន​តំណាង​កម្ពុជា លោក សុខ ចិន្តាសោភោ បាន​លើកឡើង​ថា ស្របពេល​ដែល​បណ្តា​ប្រទេស​ទាំងឡាយ​នៅលើ​ពិភពលោក និង​ក្នុង​តំបន់​កំពុង​ប្រឈម​នឹង​បញ្ហា​នៃ​ការបន្ត​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បញ្ហា​ឡើងថ្លៃ​ប្រេងសាំង និង​ម្ហូបអាហារ និង​ការឡើង​កម្តៅ​នៃ​ភូមិសាស្ត្រ​នយោបាយ បណ្តា​ប្រជាជាតិ​អាស៊ាន​គួរតែ​រួមដៃគ្នា​ដោះស្រាយ​បញ្ហា​ទាំងអស់​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​តំបន់​មួយ​ក្លាយជា​ទិសដៅ​វិនិយោគ​ប្រកបដោយ​សក្តានុពល និង​បរិយាប័ន្ន​។

ការថ្លែង​របស់​លោក សុខ ចិន្តាសោភោ ដែលជា​អគ្គលេខាធិកា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៤ ខែកញ្ញា ខណៈ​ដែល​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​តំបន់​វិនិយោគ​អាស៊ាន​លើក​ទី ​២៥ ដែលជា​កិច្ចប្រជុំ​ដំណាល​គ្នា​​នឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​-​អាស៊ាន​លើក​ទី​ ៥៤ ដែល​បាននិង​កំពុង​ប្រព្រឹត្តទៅ​នៅ​ខេត្ត​សៀមរាប​។ ក្នុងនោះ​បណ្តា​រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​វិនិយោគ​អាស៊ាន​បាន​កត់សម្គាល់​ពី​វឌ្ឍនភាព​នៃ​ការពិភាក្សា​ស្តីពី​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​នៅក្នុង​តំបន់​អាស៊ាន ដើម្បី​ធ្វើឱ្យ​តំបន់​នេះ​បន្ត​ក្លាយ​ជា​គោលដៅ​វិនិយោគ និង​មូលដ្ឋាន​ផលិតកម្ម​ក្នុង​តំបន់​។

លោក​បាន​ថ្លែងថា​៖ «​អាស៊ាន​ទទួលស្គាល់​ថា​សេដ្ឋកិច្ច​ពិភពលោក ក៏ដូចជា​តំបន់​អាស៊ាន​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ ដែល​បណ្តាល​មកពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩, សង្គ្រាម​នៅ​អ៊ុយក្រែន​, ភាពតានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ការប៉ុនប៉ង​ញែក​ពិភពលោក​ទៅជា​ប្លុក​សេដ្ឋកិច្ច​ដាច់​ដោយឡែក និង​ការប្រែប្រួល​អាកាសធាតុ​។ ក្នុង​កាលៈទេសៈ​នេះ អាស៊ាន​ត្រូវ​រួបរួម​គ្នា​ជាង​ពេល ណាៗ​ទាំងអស់ ហើយ​ត្រូវ​បន្ត​សហការ​គ្នា​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា និង​បន្ត​ជំរុញ និង​ទាក់ទាញ​ការវិនិយោគ​ប្រកប​ដោយ​និរន្តរភាព និង​បរិយាប័ន្ន​មក​ក្នុង​តំបន់​អាស៊ាន​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១២ ខែកញ្ញា ក្នុង​ពិធី​បើក​វេទិកា​ភាព​ជា​អ្នកដឹកនាំ និង​ភាពជា​ដៃគូ​អាស៊ាន​ឆ្នាំ​ ២០២២ បាន​គាំទ្រ​ចំពោះ​ការបង្កើត​តំបន់​សេដ្ឋកិច្ច ឬ​វិនិយោគ​បៃតង​ក្នុង​តំបន់​អាស៊ាន ក្នុង​គោលបំណង​ផ្លាស់ប្តូរ​តំបន់​នេះ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​វិនិយោគ​ប្រកប​ដោយ​ភាព​ទាក់ទាញ ជាពិសេស​ការប្រើប្រាស់​ថាមពល​ស្អាត និង​បៃតង​។

លោក ថោង ម៉េងដាវីដ អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​ស្វាគមន៍​ជាមួយនឹង​ផែនការ​បង្កើត​តំបន់​សេដ្ឋកិច្ច ឬ​វិនិយោគ​បៃតង នឹង​ក្លាយជា​គំនិត​ផ្តួចផ្តើម​ដ៏សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា និង​តំបន់​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបង្កើត​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​នាពេល​ថ្មីៗ​នេះ​នឹង​ពង្រឹង​ភាពជឿជាក់​របស់​កម្ពុជា​បន្ថែមទៀត ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​វិនិយោគ​ក្នុង​តំបន់​ថ្មី​មួយ ដែល​អាច​ផ្តល់ជូន​វិនិយោគិន​ក្នុង​តំបន់ និង​ពិភពលោក​នូវ​បរិយាកាស​ធុរកិច្ច​ប្រកប​ដោយ​តម្លាភាព មិត្តភាព និង​គួរឱ្យ​ទុកចិត្ត​»​។

បើ​យោង​តាម​របាយការណ៍​ស្តីពី​ការអង្កេត​ការវិនិយោគ​អាស៊ាន​ឆ្នាំ​ ២០២២ ​ដែល​ត្រូវ បាន​ចងក្រង​ដោយ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ សម្រាប់​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ហៅ​កាត់​ថា «UNCTAD» ដែល​បាន​ដាក់​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​តំបន់​វិនិយោគ​អាស៊ាន​លើក​ទី​ ២៥ បានបង្ហាញ​ឱ្យឃើញ​ពី​ការ​កើនឡើង​វិញ​គួរឱ្យ​កត់សម្គាល់​នូវ​រំហូរ​ទុនវិនិយោគ​មក​ក្នុង​តំបន់​អាស៊ាន​នៅ​ឆ្នាំ​ ២០២១ មាន​ចំនួន​ប្រមាណ ១៧៤ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ស្មើនឹង​រំហូរ​ទុន​វិនិយោគ​នៅ​ឆ្នាំ​ ២០១៩ មុនពេល​តំបន់​ទាំងមូល​ទទួលរង​នូវ​ឥទ្ធិពល​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩៕