
ពិធីប្រកាសដាក់ដំណើរការកម្មវិធីឈ្មោះថា ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានថវិកា ៨៧លានដុល្លារអូស្ត្រាលី ឬ៦៥លានដុល្លារអាមេរិក ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា ស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩ កាលពីនៅថ្ងៃទី១៧ ខែកញ្ញា។ រូបថត សហការី
កម្ពុជា-អូស្ដ្រាលី បានបើកដំណើរការកម្មវិធីឈ្មោះថា ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានថវិកា ៨៧លានដុល្លារអូស្ត្រាលី ឬ៦៥លានដុល្លារអាមេរិក ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា ស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩។
CAP-RED ជាកម្មវិធីថ្មី មានរយៈពេល៥ឆ្នាំ ដែលត្រូវបានបង្កើតឡើង ផ្អែកលើជំនួយជាង ១ទសវត្សរ៍របស់អូស្ត្រាលី ដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយៈកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្ម កម្ពុជា-អូស្ត្រាលី (CAVAC) និង កម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលទើបតែបានបញ្ចប់ថ្មីៗនេះ។ កម្មវិធីទាំង២ ដែលទើបតែបានបញ្ចប់នេះ បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជានៅតាមជនបទជាង ២លាននាក់។
លោក Tim Ayres ព្រឹទ្ធសមាជិក ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្ត្រីក្រសួងផលិតកម្ម របស់អូស្ត្រាលី បានឱ្យដឹងក្នុងអំឡុងពេលការបើកដំណើរការកម្មវិធីនេះ នៅថ្ងៃទី១៧ ខែកញ្ញាថា កម្មវិធីនេះត្រូវបានបើកដំណើរការស្របគ្នានឹងខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។
លោក Tim Ayres បានថ្លែងថា៖ «កម្មវិធី CAP-RED ជាភ័ស្តុតាងរឹតតែច្បាស់ បន្ថែមទៀតនៃភាពជាដៃគូដ៏យូរអង្វែងរបស់យើងជាមួយប្រទេសកម្ពុជា។ យើងរង់ចាំចែករំលែកចំណេះដឹង និងជំនាញ ជាមួយសមភាគីកម្ពុជារបស់យើង ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ ការវិនិយោគ ផលិតភាព និងពាណិជ្ជកម្ម»។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងក្នុងពិធីបើកដំណើរការនេះថា កម្មវិធីនេះ គឺជាការលើកកម្ពស់ថ្មីក្នុងភាពជាដៃគូកម្ពុជា-អូស្ត្រាលី។គោលដៅចម្បងរបស់CAP-RED គឺធានាឱ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ភាពធន់ និងនិរន្តរភាព។
លោកថ្លែងថា៖ «ការផ្តោតសំខាន់របស់ CAP-RED គឺលើផ្នែកគោលនយោបាយសំខាន់ៗចំនួន៣ ដែលទាក់ទងគ្នា ដូចជាហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម និងកសិ-កែច្នៃ ដែលសមភាពយេនឌ័រ និងបរិយាប័ន្នសង្គមនឹងត្រូវបានដោះស្រាយ»។
លោកបន្តថា៖ «យើងក៏បានបញ្ចប់ដោយជោគជ័យនូវការអនុវត្តកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) (២០១៥-២០២២) ដែលលើកកម្ពស់ និងជំរុញកំណើនធុរកិច្ចក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយៈការបង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគរបស់វិស័យឯកជន»។
រដ្ឋាភិបាលអូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍ឈានមុខគេមួយរបស់យើងចាប់តាំងពីឆ្នាំ១៩៩២ដោយមានហិរញ្ញប្បទានជំនួយអភិវឌ្ឍន៍ជាង ១,៣ពាន់លានដុល្លារអាមេរិក ដែលបានផ្តល់ដល់វិស័យកសិកម្ម ការអប់រំ និងបណ្តុះបណ្តាល សុខាភិបាល អភិបាលកិច្ច និងការលុបបំបាត់មីន។
កម្មវិធី CAP-RED ត្រូវបានបង្កើតឡើង បន្ទាប់ពីមានការពិគ្រោះយោបល់ដ៏ទូលំទូលាយជាមួយទាំងវិស័យសាធារណៈ និងឯកជន អំពីមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីជួយសេដ្ឋកិច្ចកម្ពុជាស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩។
កម្មវិធីCAP-RED នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងសមភាគីពាក់ព័ន្ធផ្សេងៗទៀត បង្កើតគោលនយោបាយនានា ដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព៕