
ទិដ្ឋភាពរថយន្តដឹកទំនិញទៅដាក់ចូលក្នុងយន្តហោះនៅបរិវេណនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ កំណើនសេដ្ឋកិច្ចពិភពលោកដែលបន្តរងផលប៉ះពាល់ពីឥទ្ធិពលជំងឺកូវីដ ១៩ និងវិបត្តិនៃសង្គ្រាមនៅប្រទេសអ៊ុយក្រែនបានធ្វើឱ្យសកម្មភាពការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅកម្ពុជាមិនទាន់ល្អប្រសើរទេ ដោយបរិមាណទំនិញដែលដឹកជញ្ជូនក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២២ សម្រេចបានជាង ៣៨ ពាន់តោន ធ្លាក់ជាង ១០ ភាគរយ បើធៀបរយៈពេលដូចឆ្នាំ ២០២១។
ទិន្នន័យពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឱ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២២ បរិមាណទំនិញដឹកជញ្ជូនតាមផ្លូវអាកាសមានចំនួនសរុប ៣៨ ៧៨៣ តោន ថយចុះ ១០,៧៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ចំនួននេះបើធៀបនឹងរយៈពេល ៨ ខែ ឆ្នាំ ២០១៩ (ឆ្នាំមូលដ្ឋានមុនមានវត្តមានជំងឺកូវីដ ១៩) គឺនៅធ្លាក់ចុះ ២០ ភាគរយ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១៨ ខែកញ្ញាថា ទំនិញដឹកជញ្ជូនតាមផ្លូវអាកាសធ្លាក់ចុះក្នុងអំឡុងពេលខាងលើ គឺបណ្តាលមកពីហេតុផលមួយចំនួនដូចជា ស្ថានភាពជំងឺកូវីដ ១៩ ធ្វើឱ្យសេដ្ឋកិច្ចប្រទេសមួយចំនួននៅមិនទាន់បើកដំណើរការពេញលេញ, ការកើនឡើងតម្លៃប្រេង (វិបត្តិសង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន) និងបញ្ហាការកើនឡើងកម្តៅនយោបាយរវាងប្រទេសចិន និងកោះតៃវ៉ាន់។ លោកបានបន្តថា ក្រៅពីនេះក៏ដោយសារក្នុងឆ្នាំ ២០២២ នេះសកម្មភាពផលិតកម្មនៅកម្ពុជាមានដំណើរការទៅមុខដោយរលូនដោយមិនមានការរំខានពីជំងឺកូវីដ ១៩ (ការបិទរោងចក្រ ដោយសារកូវីដ ១៩) ដូច្នេះគ្រប់ផលិតផលកម្ពុជាសុទ្ធតែផលិតបានរួចរាល់មុនផែនការ។
លោកថ្លែងថា៖ «បើផលិតផលដែលគេបញ្ជាទិញហើយផលិតយឺតជាងផែនការ ក្រុមហ៊ុននឹងជ្រើសរើសយកការដឹកតាមយន្តហោះ ដើម្បីឱ្យទាន់តាមការកំណត់ ប៉ុន្តែដោយសារការផលិតនៅកម្ពុជាមានដំណើរការល្អ និងរួចរាល់មុនផែនការ ដូច្នេះផលិតផលភាគច្រើនត្រូវបានគេប្តូរមកដឹកតាមផ្លូវគោក ឬផ្លូវទឹកវិញ ព្រោះមានតម្លៃទាបជាង»។
ទាក់ទងនឹងតម្លៃដឹកជញ្ជូនតាមផ្លូវអាកាស លោក ចាន់ដារ៉ា បាននិយាយថា តម្លៃដឹកជញ្ជូន ១ គីឡូក្រាមដែលកាលពីមុនឡើងដល់ ៩-១០ ដុល្លារ ពេលនេះធ្លាក់មកនៅប្រមាណ ៥ ដុល្លារ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមិនបានបង្ហាញពីការធ្លាក់ចុះគួរឱ្យបារម្ភទេ ប៉ុន្តែផ្ទុយពីនេះវានឹងមានសញ្ញាវិជ្ជមានចាប់ពីពេលនេះតទៅ ខណៈក្នុងជំនួបរបស់លោកជាមួយអាជ្ញាធរអាកាសចរស៊ីវិល និងក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះ គឺលោកទទួលបានព័ត៌មានថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនឹងមានកំណើនឡើងវិញក្នុងពេលឆាប់ៗ ព្រោះមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើននឹងចាប់ផ្តើមបង្កើនជើងហោះហើរ។
លោកបញ្ជាក់ថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅកម្ពុជានឹងបង្ហាញសញ្ញាវិជ្ជមានកាន់តែល្អចាប់ពីពេលនេះតទៅ»។
ក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី ១៦ ខែកញ្ញា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា វិស័យដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានវិញបណ្តើរៗហើយ។ តាមការព្យាករនៅឆ្នាំ ២០៣០ ការដឹកទំនិញតាមផ្លូវអាកាសនឹងកើនដល់ ៤០០ ពាន់តោន។
កាលពីចុងខែសីហា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រសួងសាធារណការ តំណាងក្រុមហ៊ុនដឹកជញ្ជូនទំនិញយក្សអាមេរិក FedEx បានលើកឡើងថា ក្រុមហ៊ុនខ្លួនគ្រោងនឹងធ្វើការហោះហើរត្រង់មកប្រទេសកម្ពុជាចាប់ពីខែតុលានេះតទៅ៕